កិច្ចប្រជុំជាមួយក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មរតនក្រចាប់មានជ័យ
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————————–
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ដឹកនាំដោយ លោក កែវ ចាន់តារា លោក សាំង ភិរុណ ដែលជាប្រធាន និងអនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក សាំង សុធី មន្រ្តីហិរញ្ញវត្ថុ និងត្រួតពិនិត្យ និងអ្នកសម្របសម្រួលកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត បានជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មរតនក្រចាប់មានជ័យ នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន មានអ្នកចូលរួមសរុបចំនួន ៧នាក់ (ស្រី ១នាក់)។ កិច្ចប្រជុំនេះ មានគោលបំណងប្រមូលទិន្នន័យ និងសិក្សាលទ្ធភាពលក្ខណៈសម្បត្តិសហគមន៍ ដើម្បីបញ្ចូលសហគមន៍កសិកម្មដែលមានស្រាប់នេះ ក្នុងខ្សែច្រវ៉ាក់តម្លៃផលិតកម្មពោតក្រហម គ្រោងនឹងគាំទ្រពីកម្មវិធី ASPIRE-AT ក្នុងឆ្នាំ ២០២៤ នេះ។ សហគមន៍កសិកម្មនេះបានចុះបញ្ជីទទួលស្គាល់ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦។
បច្ចុប្បន្ននេះសហគមន៍មានសមាជិក ៨៧នាក់ (ស្រី ៤៩នាក់) និងមានទុនសរុបចំនួនប្រមាណ ១៦៨,០០០,០០០រៀល។ សហគមន៍មានមុខរបរផ្តល់ប្រាក់កម្ចីដល់សមាជិក និងលក់ធាតុចូលកសិកម្ម បានផលចំណេញ ១០លានរៀល/១ឆ្នាំ។ សមាជិកសហគមន៍ប្រកបរបរដាំដំឡូងមី ពោតក្រហម បន្លែចំរុះ មៀនប៉ៃលិន និងចិញ្ចឹមមាន់។
លោកស្រី លឹម សុភាព ប្រធានសហគមន៍ បានរាយការណ៍ថា អ្នកដាំពោតក្រហមក្នុងសហគមន៍នេះ មានប្រមាណ ៤៥គ្រួសារ លើផ្ទៃដី ៩៥ហិកតា។
លោក សំ យ៉េង ប្រធានគណៈកម្មាធិកាត្រួតពិនិត្យ បានរាយការណ៍ថា ដំណាំពោតក្រហមមានទិន្នផលទាប និងមានតំលៃថោកជាងដំឡូងមី។ លោកក៏បានលើកទ្បើងថា កសិករដាំដំឡូងមី ២ដង និងប្ដូរមកដាំពោតម្តង ក្នុង១ឆ្នាំ ដើម្បីរក្សាគុណភាពដី។
លោក កែវ ចាន់តារា បានបើកកិច្ចពិភាក្សាអំពីលទ្ធភាព លក្ខខណ្ឌនានាដែលសហគមន៍ត្រូវបំពេញដើម្បីឱ្យស្របនឹងលក្ខខណ្ឌការគាំទ្រពីកម្មវិធី ASPIRE-AT និងមានការសួរ-ឆ្លើយឆ្លងគ្នាយ៉ាងយកចិត្តទុកដាក់អំពីប្រធានបទនេះ។ បន្ថែមពីលើការងារខាងលើ លោកក៍បានផ្តល់គំនិតយោបល់ជាច្រើនដើម្បីពង្រឹងការគ្រប់គ្រង និងប្រតិបត្តិការរបស់សហគមន៍អោយមានដំណើរការល្អប្រសើ ព្រមទាំងបានពន្យល់បន្ថែមអំពីសហគមន៍កសិកម្មទំនើប។
អ្នកសម្របសម្រួលកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត បានបង្ហាញអំពីគោលបំណង និងការគាំទ្ររបស់កម្មវិធី ជូនដល់សហគមន៍។ លោកក៏បានលើកទឹកចិត្តអោយសហគមន៍រើសសមាជិកសហគមន៍បន្ថែម ក៍ដូចជាការបង្កើនប្រាក់ចំណូលប្រចាំឆ្នាំតាមរយៈការពង្រីកមុខរបរ និងទីផ្សារលក់ធាតុចូលកសិកម្មរបស់សហគមន៍បន្ថែមទៀត។
ក្រុមប្រឹក្សាភិបាលសហគមន៍បានមានចំណាប់អារម្មណ៍ខ្ពស់លើការគាំទ្រសហគមន៍គោលដៅរបស់កម្មវិធី ASPIRE-AT ។ ពួកគាត់នឹងបែងចែកសមាជិកឱ្យទៅផ្សព្វផ្សាយ ពន្យល់ និងប្រមូលគៀងគរសមាជិកថ្មីៗ នៅក្នុងតំបន់របស់ពួកគាត់រស់នៅ។ កិច្ចប្រជុំនេះ បានបញ្ចប់ដោយបានឯកភាពគ្នាថាក្រុមប្រឹក្សាភិបាលសហគមន៍ នឹងត្រូវពិនិត្យដល់លទ្ធភាពពង្រីកសមាជិកភាពសហគមន៍ អោយបានយ៉ាងតិច ១៥០នាក់ និងសហការគៀងគរបញ្ចូលគ្រួសារកសិករដែលមានមុខរបរដាំពោតអោយបានច្រើនតាមដែលអាចធ្វើទៅបាន ហើយផ្តល់ពត៌មានទាំងនេះត្រឡប់ដល់ក្រុមការងារកម្មវិធី ASPIRE-AT ខេត្តប៉ៃលិន នៅថ្ងៃមហាសន្និបាតសហគមន៍នេះ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។