មុខវិជ្ជាបំណិនជីវិត បង្កើតទម្លាប់ហូបបន្លែ បង្កើនអាហារូបត្ថម្ភ ដល់សិស្សានុសិស្សនៅមណ្ឌលសិក្សាសម្រាប់កុមារជនបទ | ខេត្តកែប
កម្មវិធី ASPIRE ខេត្តកែប៖
=================
ក្រោមការដឹកនាំ របស់អ្នកគ្រូ ទុយ ចន្នា ប្រធានមណ្ឌលសិក្សាសម្រាប់កុមារជនបទ ហើយជាអនុប្រធានបណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែ ភូមិអូរក្រសារ មានគំនិតផ្តួចផ្តើមបង្កើតសួនបន្លែជីវៈចម្រុះ ក្នុងកិច្ចសហការណ៍បច្ចេកទេសពីមន្ត្រីជំនាញ របស់មន្ទីរកសិកម្ម ក្នុងគោលបំណង ផ្តល់ជំនាញដល់សិស្ស មុខវិជ្ជាបំណិនជីវិត បង្កើតទម្លាប់ហូបបន្លែ បង្កើនអាហារូបត្ថម្ភ ជាពិសេសឱ្យសិស្សមានបំណិនជាមូលដ្ឋាន ដើម្បីទាញរកប្រាក់ចំណូល ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ រួមចំណែកអភិវឌ្ឍន៍សាលាបៃតង ប្រកបដោយសាលាមេត្រីភាព។
ក្នុងរយៈពេលនេះសួនបន្លែជីវៈចម្រុះកំពុងដាំត្រកួន ខាត់ណាដើម និងឆៃថាវ។ ដំណើការបង្កើតសួននេះបានមួយឆ្នាំហើយ ជាលទ្ធផលអ្នកគ្រូបានចែកបន្លែជូនសិស្សហូប ជាមួយក្រុមគ្រួសារពួកគាត់ ហើយសល់ពីនេះ សាលានឹងយកបន្លែទាំងនេះលក់ នៅផ្សារចុងសប្តាហ៍ ដើម្បីយកថវិការទុកទិញ គ្រាប់ពូជ សម្ភារកសិកម្ម និងសម្ភារសិក្សាដល់សិស្សផងដែរ ជាយុទ្ធសាស្ត្រមួយ ឆ្ពោះទៅរកភាពជានិរន្តរភាព។