Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
បណ្តុំអាជីវកម្មដំណាំទុរេនសំឡូតចំនួន២ អាចប្រមូលផលផ្លែទុរេនជិត៦.០០០តោន ស្មើនឹងថវិកាជិត៣០លានដុល្លារក្នុង១ឆ្នាំ

បណ្តុំអាជីវកម្មដំណាំទុរេនសំឡូតចំនួន២ អាចប្រមូលផលផ្លែទុរេនជិត៦.០០០តោន ស្មើនឹងថវិកាជិត៣០លានដុល្លារក្នុង១ឆ្នាំ

កម្មវិធី ASPIRE ខេត្តបាត់ដំបង ៖

ថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ អនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានរៀបចំពិធីសម្ភោធស្តីពី “ការដាក់ឱ្យប្រើប្រាស់អគារប្រមូលផ្តុំកសិកផល” បណ្តុំអាជីវកម្មទុរេនសំឡូត នៅភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត។ នៅខេត្តបាត់ដំបងយើងមានចំនួន១០អគារប្រមូលផ្តុំកសិផល ដែលជាកម្មវិធីរបស់រាជរដ្ឋាភិបាល ក្រសួង/មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តជាអ្នកអនុវត្តន៍ផ្ទាល់។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង លោក ឈឹម វជិរ៉ា  បានថ្លែងដោយសុទិដ្ឋិនិយមចំពោះបណ្តុំអាជីវកម្មដំណាំទុរេនសំឡូត ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានចំនួនតែ២បណ្តុំប៉ុណ្ណោះ គឺអាចប្រមូលផលផ្លែទុរេនបាន ៥.៧៩៨ តោន ស្មើនឹងថវិកាជិត៣០លានដុល្លារ ក្នុង១ឆ្នាំៗ ដែលទាំងនេះគឺជាការបង្ហាញឱ្យឃើញនូវផ្នែកសេដ្ឋកិច្ចរបស់ប្រជាកសិករដំណាំទុរេនកាន់តែមានការវិវឌ្ឍន៍រីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំផងដែរ ។

ការថ្លែងរបស់លោក ឈឹម វជិរ៉ា ក្នុងពេលដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង សហការជាមួយ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសំឡូត ក្រោមការគាំទ្រពីកម្មវិធីអាស្តាយ (ASPIRE) បានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អាគារប្រមូលផ្តុំកសិផលជូនដល់កសិករ ក្នុងបណ្ដុំអាជីវកម្មដំណាំទុរេនសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ មានទីតាំងស្ថិតនៅផ្ទះលោក ណៃ ចន ប្រធានបណ្ដុំអាជីវកម្មដំណាំទុរេន នៅភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។

លោក ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានបញ្ជាក់ថា ការរៀបចំកម្មវិធីនេះឡើង ដើម្បីជំរុញ និងលើកម្ពស់ផលិតផលខ្មែរ ជាពិសេសដំណាំទុរេនសំឡូតរបស់កសិករទៅលក់នៅទីផ្សារក្នុងស្រុក និងក្រៅស្រុក និងមានការទទួលស្គាល់ពីអាជ្ញារធរមូលដ្ឋាន មន្ទីរកសិកម្ម និងស្ថាប័នផ្សេងៗ ជាពិសេសអតិថិជន ។

លោក ឈឹម វជិរ៉ា បានចាត់ទុកថា ការងារនេះគឺពិតជាមានសារៈប្រយោជន៍ណាស់ បន្ទាប់ពីយើងបានសម្របសម្រួល និងផ្តល់នូវវគ្គបច្ចេកទេសលើការអនុវត្តកសិកម្មល្អ សម្រាប់ការដាំដុះដំណាំទុរេន ដល់កសិករកន្លងមក ព្រមទាំងគាំទ្រ និងបង្កើតនូវបណ្ដុំអាជីវកម្ម ចំនួន២បណ្ដុំ មានគ្រួសារសរុបចំនួន១៧០គ្រួសារ ក្នុងឃុំ សំឡូត និងឃុំស៊ុង ស្រុកសំឡូត និងមានកសិករបង្ហាញចំនួន១៤ គ្រួសារ ដែលជាបណ្ដុំចាស់ ហើយបានទទួលវិញ្ញាបនបត្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លើការអនុវត្តកសិកម្មល្អ ចំនួន១៤ គ្រួសារ ។

លោកបានបញ្ជាក់ថា តាមរយៈការជួយសម្របសម្រួលពីមន្ទីរកសិកម្ម រុក្ខាប្រមាញនិងនេសាទខេត្តបាត់ដំបង អាជីវកម្មដំណាំទុរេនសំឡូត បានទទួលការគាំទ្រពីកម្មវិធីអាស្ពាយ (ASPIRE) ដោយបានសាងសង់អាគារសម្រាប់ប្រមូលផ្គុំ ទិញ លក់ កសិផលក្នុងសហគមន៍ ដែលប្រជាកសិករបានឯកភាពគ្នាសាងសង់នៅផ្ទះ លោក ណៃ ចន ប្រធានបណ្ដុំអាជីវកម្មដំណាំទុរេន នៅភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូតតែម្តង អ្វីដែលសំខាន់ជាងនេះទៀតនោះបានរៀបចំស្ទិកគ័រនិមិត្តសញ្ញា QR Code បញ្ជាក់ឈ្មោះកសិករ និងចម្ការដាំដំណាំទុរេន សម្រាប់លក់ជូនអតិថិជនថែមទៀតផង ។

មានវីដេអូ៖ https://www.youtube.com/watch?v=HbfePmzVQAI

ASPIRE Telegram
ASPIRE Facebook Page
ASPIRE Website
ASPIRE YouTube

 

Leave a Reply

Your email address will not be published.