មហាសន្និបាតសហគមន៍កសិកម្មរតនៈក្រចាប់មានជ័យ ភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————————–
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បាន រួមមាន លោក ឆាង ទិត្យា អនុប្រធានមន្ទីរ លោក សាំង ភិរុណ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក សួស សារី អ្នកសម្របសម្រួលកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត បានចូលរួមមហាសន្និបាតសហគមន៍កសិកម្មរតនៈក្រចាប់មានជ័យ ភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។
ក្នុងឆ្នាំ២០២៤ នេះ សហគមន៍មានសមាជិកសរុប ៩១នាក់ (ស្រី ៤៩នាក់)។ សង្កាត់អូរតាវ៉ៅ ត្រូវបានកំណត់ជាគោលដៅសម្រាប់ចងក្រងសហគមន៍កសិកម្មលើផលិតកម្មមៀនប៉ៃលិនក្នុងឆ្នាំ២០២៣ និងពោតក្រហម សម្រាប់ឆ្នាំ២០២៤ ដែលមានក្នុងផែនការគាំទ្ររបស់កម្មវិធី ASPIRE-AT ខេត្តប៉ៃលិនឆ្នាំ ២០២៣-២០២៤។
កម្មវិធីនេះមានការចូលរួមពីអាជ្ញាធរភូមិ/ឃុំ តំណាងមន្ទីរ អ្នកសម្របសម្រួលកម្មវិធី ASPIRE-AT តំណាងអង្គការព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ (BFD) ថ្នាក់ដឹកនាំសហគន៍កសិកម្ម និងសមាជិក សរុបចំនួន ៥៨នាក់ (ស្រី ៣៧នាក់)។
លោកស្រី លឹម សុភាព ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ បានធ្វើកិច្ចស្វាគមន៍ដល់អ្នកចូលរួម និងភ្ញៀវកិត្តិយសទាំងអស់ ព្រមទាំងបានធ្វើរបាយការណ៍សង្ខេបអំពីដំណើរការអនុវត្ត របស់សហគមន៍កសិកម្មក្នុងឆ្នាំ២០២៣ រូមមានលទ្ធផលសម្រេចបាន និងបញ្ហាប្រឈម-ដំណោះស្រាយនានា ដែលសហគមន៍ជួបប្រទះ និងត្រូវបន្តដោះស្រាយក្នុងឆ្នាំបន្តាប់។
ផ្នែកហិរញ្ញវត្ថុ បានធ្វើរបាយការណ៍សង្ខេបអំពីទុនចំណូល-ចំណាយរបស់សហគមន៍។ បន្ទាប់មក គណៈកម្មការត្រួតពិនិត្យ បានរាយការណ៍អំពីគណនេយ្យភាព និងការចុះបញ្ជីស្នាមហិរញ្ញវត្ថុរបស់សហគមន៍ ព្រមទាំងបង្ហាញនូវចំនុចខ្លះៗដែលត្រូវកែលំអរ។
បច្ចុប្បន្ននេះ សហគមន៍មានមុខរបរ ៣យ៉ាងគឺ៖ ១.លក់ធាតុចូលកសិកម្ម និងអង្ករ ២. ផ្តល់សេវាឥណទានដល់សមាជិក និង ៣.លក់បន្លែ។
ពេលនេះសហគមន៍មានទុនជាទ្រព្យសកម្មសរុបចំនួន ១៦៥លានរៀល និងមានភាគហ៊ុនសរុបចំនួន ៣៦៦ហ៊ុន (១ហ៊ុនស្មើនឹង ៥០ ០០០ រៀល)។ ឆ្នាំ ២០២៣ សហគមន៍ទទួលបានប្រាក់ចំណេញ ១១ ០០៤ ៩០០រៀល ពីមុខរបរទាំង៣ខាងលើ។
លោក សួស សារី អ្នកសម្របសម្រួលកម្មវិធី ASPIRE-AT បានកោតសរសើរពីការខិតខំប្រឹងប្រែងរបស់សហគមន៍ ក្នុងការធ្វើអោយមានការរីកចំរើនផ្នែកហិរញ្ញវត្ថុ និងការទាក់ទាញការគាំទ្រពីកម្មវិធីអភិវឌ្ឍន៍នានា។ លោកក៍បានជម្រាបជូនសហគមន៍អំពីកម្មវិធី ASPIRE-AT និងការគាំទ្រ ដែលមានផលប្រយោជន៍ និងលក្ខខណ្ឌនានាត្រូវបំពេញ ក្នុងដំណើរការរៀបចំសហគមន៍កសិកម្មដែលមានស្រាប់ និងចងក្រងជាសហគមន៍កសិកម្ម ក៍ដូចជាសហគមន៍កសិកម្មទំនើប។
លោក ឆាង ទិត្យា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការវាយតម្លៃខ្ពស់ចំពោះការប្រែប្រួល និងការរីកចំរើនរបស់ហគមន៍ ក្រោយពីសហគមន៍នេះបានបាត់បង់ធនធានស្ទើរតែទាំងស្រុងក្នុងអាណត្តិដឹកនាំរបស់ក្រុមប្រឹក្សាភិបាលមុន។ អាណត្តិក្រុមប្រឹក្សាភិបាលបច្ចុប្បន្ន ដែលមានថ្នាក់ដឹកនាំជាស្រ្តី ៥រូប ដឹកនាំដោយ លោកស្រី លឹម សុភាព បានបន្តដឹកនាំដោយមានថវិការសហគមន៍នៅសល់ ៥៨០ ០០០រៀល បន្សល់ទុកតាំងពីឆ្នាំ២០១៨ មកដល់បច្ចុប្បន្ននេះ សហគមន៍មានថវិការសរុប ១៦៥ លានរៀល។