មហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅបន្តឆ្នាំ ២០២៤ របស់សហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ
កម្មវិធី ASPIRE-AT ខេត្តកំពង់ចាម៖
——————————–
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចូលរួមមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅបន្តឆ្នាំ ២០២៤ របស់សហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ នៅភូមិអង្កោល ឃុំសូភាស ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុកស្ទឹងត្រង់ លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្មខេត្ត លោកមេឃុំសូភាស អ្នកសម្របសម្រួលកម្មវិធី ASPIRE-AT ក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិកសហគមន៍កសិកម្ម ចូលរួមសរុបចំនួន ៩៥នាក់ (ស្រី្ត ២៩នាក់)។
យោងតាមរបាយការណ៍របស់ លោក លួងហេង តាក់ ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម បានបញ្ជាក់ថា៖ សហគមន៍ស្ទឹងត្រង់សែនជ័យ បានបង្កើតនៅថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០១០ មានសមាជិកសរុប ៣០នាក់ (ស្តី្រ ៧នាក់) និងមានហ៊ុនសរុប ២១៧ហ៊ុន ស្មើនឹង ១០ ៨៥០ ០០០រៀល (១ហ៊ុនស្មើនឹង ៥០ ០០០រៀល)។ គិតត្រឹមឆ្នាំ ២០២៣ សហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ មានសមាជិកកើនឡើងសរុបចំនួន ៣៤៥នាក់ (ស្រ្តី ១១៥នាក់) មានហ៊ុនចំនួន ៥ ៨១៥ហ៊ុន មានការិយាល័យធ្វើការ ឃ្លាំង ដីសហគមន៍ទំហំ ៨៣អា និងមានទ្រព្យសកម្មផ្សេងៗទៀត សរុបជាថវិកាចំនួន ២៩០ ៧៥០ ០០០រៀល។