ទស្សនកិច្ចសិក្សាអំពីការកែច្នៃ និងភស្តុភារកម្មនៃខ្សែច្រវាក់តំលៃស្វាយចន្ទី ម្រេច និងផ្លែឈើស្រស់ នៅទីក្រុងហូជីមិញ និងខេត្តជិតខាងមួយចំនួន នៃប្រទេសវៀតណាម
បានឮ ១០០ដង មិនស្មើនឹងបានឃើញម្តង!
កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ដែលគ្រប់គ្រង និងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំទស្សនកិច្ចសិក្សាអំពីការកែច្នៃ និងភស្តុភារកម្មនៃខ្សែច្រវាក់តំលៃស្វាយចន្ទី ម្រេច និងផ្លែឈើស្រស់ ពីថ្ងៃទី ១១ ដល់ ១៥ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ និងខេត្តជិតខាងមួយចំនួន នៃប្រទេសវៀតណាម ។
ទស្សនកិច្ចខាងលើ ត្រូវបានចូលរួម ដោយថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងសហគ្រាសធុនតូច និងមធ្យម (SME) តំណាងសហព័ន្ធស្វាយចន្ទី តំណាងអ្នកផ្តល់ហិរញ្ញប្បទាន (IFAD) តំណាងសហគមន៍កសិកម្ម និងបុគ្គលិកលេខាធិការដ្ឋានកម្មវិធី ASPRIE-AT សរុប ៤២ នាក់ ក្នុងនោះ មានស្រ្តី ៨ នាក់។
នៅថ្ងៃទី១ អ្នកចូលរួមទាំងអស់បាន ជួប និងពិភាក្សាជាមួយ តំណាងក្រុមហ៊ុនផលិតម៉ាស៊ីនកែច្នៃគ្រាប់ស្វាយចន្ទី ឈ្មោះ Thanh Date VN Manufacturing ។ តំណាងក្រុមហ៊ុនបានស្វាគមន៍យ៉ាងកក់ក្តៅ និងបានផ្តល់ឱកាស ជូនអ្នកចូលរួម ពិនិត្យ ទីតាំងផលិតម៉ាស៊ីន និងបានពន្យល់ អំពីរបៀបប្រើ និងអត្ថប្រយោជន៍របស់ម៉ាស៊ីន ហើយបាន អនុញ្ញាតឱ្យអ្នកចូលរួមសាកសួរ ព្រមទាំងបានសម្តែងនូវក្តីរីករាយក្នុងការសហការជាបន្ត ។
ក្នុងថ្ងៃដដែល អ្នកចូលរួមក៏បាន ជួបជាមួយអ្នកដឹកនាំសមាគមស្វាយចន្ទីវៀតណាម (VINACAS) ដែលជាសមាគមដ៏ធំមួយ។ លោក Nguyen Minh Hoa អនុប្រធានសមាគមបានស្វាគមន៍យ៉ាងកក់ក្តៅ និងបានលើកឡើងថាកម្ពុជា និងវៀតណាម មានកិច្ចសហការល្អលើគ្រប់វិស័យ ហើយវៀតណាមក៏ជាដៃគូពាណិជ្ជកម្ម ដ៏ល្អក្នុងការទិញគ្រាប់ស្វាយចន្ទី ពីកម្ពុជា ។ លោកក៏បានចែករំលែកបទពិសោធន៍ល្អៗជាច្រើន ក្នុងនោះ មានកត្តាដ៏សំខាន់ៗ ពីរ គឺ ផលិតភាពការងាររបស់មនុស្ស និងគ្រឿងយន្ត។ ការគ្រប់គ្រងកត្តាទាំងពីរនេះ បានល្អ នឹងធ្វើឱ្យស្ថាប័ន ឬ អង្គភាព ទទួលបានជោគជ័យ ហើយក៏ត្រូវយកចិត្តទុកដាក់អំពីការវេចខ្ចប់ និង ការរក្សាទុកគ្រាប់ស្វាយចន្ទីឱ្យបានល្អ ដើម្បីរក្សាគុណភាព ពោលគឺធ្វើឱ្យទទួលបានតម្លៃខ្ពស់ ។














