Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
យើងពួតដៃគ្នា ដើម្បីមានអាហារ និងអនាគតកាន់តែប្រសើរ (Hand in Hand for Better Foods and Future)

យើងពួតដៃគ្នា ដើម្បីមានអាហារ និងអនាគតកាន់តែប្រសើរ (Hand in Hand for Better Foods and Future)

 

“ យើងពួតដៃគ្នា ដើម្បីមានអាហារ និងអនាគតកាន់តែប្រសើរ (Hand in Hand for Better Foods and Future) ” គឺជាប្រធានបទនៃទិវាស្បៀងអាហារពិភពលោក ឆ្នាំ ២០២៥ ដែលត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រារព្វធ្វើនៅទីរួមខេត្តមណ្ឌលគិរី នាថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥ ដោយសហការជាមួយអាជ្ញាធរខេត្ត អង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (Food and Agriculture Organization) និងកម្មវិធីស្បៀងអាហារពិភពលោក (World Food Program) ។

 

ក្នុងឋានៈជាប្រទេសសមាជិកនៃអង្គការសហប្រជាជាតិ ព្រះរាជាណាចក្រកម្ពុជាតែងចូលរួមជាមួយប្រទេសជាច្រើននៅក្នុងពិភពលោក ប្រារព្ធធ្វើទិវានេះជារៀងរាល់ឆ្នាំ ដើម្បីបង្កើនចំណាប់អារម្មណ៍របស់សាធារណជន អំពីសារៈសំខាន់នៃការ​ប្រឹងប្រែងធ្វើឱ្យមានអាហារគ្រប់គ្រាន់ និងប្រកបដោយគុណភាព សម្រាប់មនុស្សជាតិ ។

 

ឆ្នាំ ២០២៥ នេះ ក៏ជាការអបអរខួបលើកទី ៨០ នៃការបង្កើតអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ និងខួបលើកទី ៧៥ នៃការផ្តើមអនុវត្តកិច្ចសហប្រតិបត្តិការរវាងអង្គការនេះ និងព្រះរាជាណាចក្រកម្ពុជាផងដែរ ។

 

ទិវាពិភពលោកឆ្នាំ ២០២៥ នេះត្រូវបានប្រារព្វធ្វើ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម បណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម ជាក់ ម៉េងហ៊ាង អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី អ្នកនាង Rebekah Bell នាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ប្រចាំនៅកម្ពុជា និងអ្នកនាង Kyung-nan Park នាយកកម្មវិធីស្បៀងអាហារពិភពលោក ប្រចាំនៅកម្ពុជា ដោយមានការចូលរួមយ៉ាងច្រើនកុះកររបស់ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តមណ្ឌលគិរី និងដៃគូអភិវឌ្ឍន៍ ព្រមទាំងតំណាងសហគមន៍កសិកម្ម កសិករ និងវិស័យឯកជន សរុបជាង ៣០០ នាក់ ។

 

នៅក្នុងពិធីនោះ ឯកឧត្តម មាស ពិសិដ្ឋ បានលើកឡើងអំពីការយកចិត្តទុកដាក់ និងការប្រឹងប្រែងរបស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដោយមានការគាំទ្រពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា ដើម្បីរំដោះខ្លួនឱ្យផុតពី  កង្វះខាត ឬ អសន្តិសុខស្បៀង ។ មកដល់ពេលនេះ កម្ពុជាមានលទ្ធភាពផលិតផលិតផលកសិកម្មសំខាន់ៗ លើសពីតម្រូវការក្នុងស្រុក ហើយកិច្ចការសំខាន់ៗ ដែលរាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពុងយកចិត្តទុកដាក់ គឺការបញ្ចូលបច្ចេកវិទ្យា និងការអនុវត្តសមស្របនានា ទន្ទឹមគ្នានឹងការគាំទ្រជាដើមទុន ហេដ្ឋារចនាសម្ព័ន្ធបង្កបរិយាកាសអំណោយផល ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំនៅទូទាំងប្រទេស និងការចងក្រងកសិករជាសហគមន៍កសិកម្មទំនើប ដើម្បីធ្វើឱ្យផលិតកម្មកសិកម្ម កាន់តែមានភាពសមស្របជាមួយនឹងការប្រែប្រួលអាកាសធាតុ ចំណាយកាន់តែទាប សំដៅចៀសវាងការឡើងថ្លៃស្បៀងអាហារ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកសិកម្ម នៅលើទីផ្សារអន្តរជាតិ ។ ជាមួយគ្នានោះ ក្រសួងក៏កំពុងប្រឹងប្រែងដោះរបាំងបច្ចេកទេស ពោលគឺធ្វើឱ្យផលិតផលកសិកម្មកម្ពុជា កាន់តែមានគុណភាពសមស្រប សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ឱ្យបានកាន់តែច្រើន ។

 

ឯកឧត្តមរដ្ឋលេខាធិការក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការបន្តអនុវត្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា ដើម្បីរក្សា និងពង្រឹងសន្តិសុខស្បៀង និងធ្វើឱ្យស្បៀងអាហារកាន់តែមានគុណភាព មានសុវត្ថិភាព មានជីវជាតិ ឬ មានអាហារូបត្ថម្ភ សម្រាប់មនុស្សគ្រប់គ្នា ។

 

 

 

 

 

Leave a Reply

Your email address will not be published.