ប្រជុំផ្សព្វផ្សាយអំពី គោលការណ៍ និងលក្ខខណ្ឌតម្រូវ សម្រាប់ការផ្តល់ឥណទានរបស់ធនាគារ ARDB នៅខេត្តកំពង់ស្ពឺ
កម្មវិធី ASPIRE-AT ខេត្តកំពង់ស្ពឺ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានប្រជុំផ្សព្វផ្សាយអំពី គោលការណ៍ និងលក្ខខណ្ឌតម្រូវ សម្រាប់ការផ្តល់ឥណទានរបស់ធនាគារ ARDB ។ កិច្ចប្រជុំផ្សព្វផ្សាយនេះ ធ្វើឡើងនៅសាលាឃុំស្នំក្រពើ ស្រុកគងពិសី ដោយមានការចូលរួមជាអធិបតីដោយ ១.កញ្ញា ជូឡុង អីលីង នាយិកាធនាគារ ARDB សាខាដូនពេញ ២.លោក អ៊ុក វឌ្ឍនា អនុប្រធានការិយាល័យឥណទាន ៣.លោក ពៅ ស៊ីណាត មេឃុំស្នំក្រពើ ៤.លោក សាន យស ទីប្រឹក្សាសម្របសម្រួលកម្មវីធី ASPIRE-AT ខេត្តកំពង់ស្ពឺ និងមានការចូលរួមពីមន្រ្តីធនាគារ ARDB ប្រចាំខេត្តកំពង់ស្ពឺ សមាជិកក្រុមប្រឹក្សាឃុំស្នំក្រពើ លោកមេភូមិ អនុភូមិ ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម ក្នុងឃុំស្នំក្រពើ ដែលមានអ្នកចូលរួមសរុប ៥៥ នាក់ ក្នុងនោះមានស្រ្តី ១៥ នាក់។
លទ្ធផល នៃកិច្ចប្រជុំផ្សព្វផ្សាយនេះ៖
១.បន្ទាប់ពីមតិស្វាគមន៍ និងបើកកិច្ចប្រជុំ របស់លោកមេឃុំស្នំក្រពើរួចមក អ្នកសម្របសម្រួលកម្មវិធី បានស្នើសុំឱ្យលោកទីប្រឹក្សាសម្របសម្រួលកម្មវីធីថ្នាក់ខេត្ត បញ្ជាក់ជូនអង្គពិធីដោយសង្ខេបអំពីកម្មវីធី ASPIRE-AT និងការអនុវត្តកម្មវីធីនៅក្នុងខេត្តកំពង់ស្ពឺ។
២. បន្ទាប់មក លោក ប៉ោខាត់ សុភ័ក អនុប្រធានការិយាល័យធនាគារ ARDB ប្រចាំខេត្តកំពង់ស្ពឺ បានជម្រាបជូនអំពីចំណុចសំខាន់ៗ ដួចខាងក្រោម៖
-អំពីរយៈពេលកម្ចី៖ បានរហូតដល់ ៨៤ ខែ (៧ឆ្នាំ)
-ទំហំឥណទាន៖ ចាប់ពី ៥០០ ដុល្លារ ដល់ ២០០ ០០០ ដុល្លារ
-អត្រាការប្រាក់៖ ៨% ក្នុង ១ ឆ្នាំ ឬ ០.៦៧% ក្នុង ១ ខែ
-កម្រៃសេវារដ្ឋបាល៖ ១% (យក ១ ដងគត់)
-ទ្រព្យធានា៖ ដីលំនៅដ្ឋាន ឬដីទំនេរ (ប្លង់រឹង ឬប្លង់ទន់)
-ឯកសារតម្រូវសម្រាប់ដាក់ពាក្យស្នើសុំឥណទាន៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ/ស្នាក់នៅ ឯកសារគាំទ្រចំណូល-ចំណាយ គម្រោងផែនការប្រើប្រាស់ឥណទាន ឯកសារតម្រូវផ្សេងៗទៀត តាមការពិនិត្យជាក់ស្តែង
-ក្រោយទទួលបានឥណទានក្នុងរយៈពេល ៤៥ ថ្ងៃ ខាងធនាគារនឹងទៅតាមដានការប្រើឥណទាន ក្នុងករណីមិនបានអនុវត្តតាមគោលបំណងពិតប្រាកដ នៃការប្រើឥណទាន នឹងទទួលពិន័យ ០.៥% និងដកហូតឥណទានត្រឡប់មកវិញ
-ចំពោះការទូទាត់សង៖ អាចធ្វើឡើងតាមរយៈមន្ត្រីធនាគារ ឬតាមរយៈ Mobile app ផងដែរ។
ដោយឡែក ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT ទីប្រឹក្សាសម្របសម្រួលកម្មវិធី បានជម្រាបជូនកសិករនូវចំនុចសំខាន់ៗ ដូចខាងក្រោម៖
-សមាជិកសហគមន៍កសិកម្ម អាចទទួលបានឥណទានជាមធ្យមចំនួន ៣ ៧០០ ដុល្លារ អាចនឹងទទួលបានជំនួយឥតសំណងចំនួន ២០% នៃទំហំកម្ចី ក្រោយពីការសងឥណទានបានគ្រប់ចំនួន (ប៉ុន្តែមិនឱ្យលើសពី ១ ០០០ ដុល្លារ)
-សមាជិកសហគមន៍កសិកម្មស្រ្តីជាមេគ្រួសារ មានប័ណ្ណក្រីក្រ ជនមានពិការភាព ជនជាតិដើមភាគតិច និងទទួលបានជំនួយឥតសំណងចំនួន ២៧% នៃទំហំកម្ចី
-សហគមន៍កសិកម្ម អាចទទួលបានជំនួយឥតសំណងចំនួន ៣០% នៃទំហំកម្ចី (ប៉ុន្តែមិនឱ្យលើសពី ១៥ ០០០ ដុល្លារ)
-ជំនួយឥតសំណង អាចទទួលបានលុះត្រាតែសមាជិក ឬសហគមន៍កសិកម្ម សងត្រឡប់ទាំងដើម និងទាំងការ ទៅធនាគារបានគ្រប់ចំនួនជាមុនសិន ក្រោយរយៈ ៦ ខែ
-ទាំងរួបវន្តបុគ្គល/គ្រួសារកសិករមានទំហំផលិតកម្មខ្នាតតូច និងសហគមន៍កសិកម្ម ត្រូវមានលក្ខណៈសម្បត្តិសមស្របលក្ខណៈវិនិច្ឆ័យអប្បរមារបស់ ARDB ។





