កិច្ចប្រជុំផ្តើមអនុវត្តបេសកកម្មពិសេសរបស់អ្នកផ្តល់ហិរញ្ញប្បទាន (IFAD, EU & EIB) សម្រាប់មើលថែកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (Kick-off Meeting of the IFAD Partial Supervision Mission for ASPIRE-AT)
នៅព្រឹកថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) បានអញ្ជើញជាប្រធានគណៈអធិបតីនៃកិច្ចប្រជុំផ្តើមអនុវត្តបេសកកម្មពិសេសរបស់អ្នកផ្តល់ហិរញ្ញប្បទាន (IFAD, EU & EIB) សម្រាប់មើលថែកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)។
កិច្ចប្រជុំ ដែលត្រូវបានសហការដឹកនាំដោយលោក Frew Behabtu នាយកមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ប្រចាំនៅកម្ពុជា និង លោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអឺរ៉ុប (EU) និងដែលត្រូវបានចូលរួមដោយក្រុមបេសកកម្ម និងមន្ត្រីនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) ធនាគារវិនិយោគអឺរ៉ុប (EIB) និងលេខាធិការដ្ឋានកម្មវិធី ASPIRE-AT សរុបចំនួន ៣៩ នាក់ (ក្នុងនោះ មានស្ត្រី ១២ នាក់) នេះ មានគោលបំណងពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការគ្រប់គ្រង និងអនុវត្តកម្មវិធី ASPIRE-AT ក្នុងរយៈពេលកន្លងមក ហើយផ្តល់ការតម្រង់ទិសផ្នែកបច្ចេកទេស និងយុទ្ធសាស្ត្រ ដើម្បីសម្រេចបានគោលបំណងដែលបានគ្រោង ទាន់ពេលវេលាកំណត់ ប្រកបដោយភាពរលូន និងមានប្រសិទ្ធភាព។
បន្ទាប់ពីពិធីបើក កិច្ចប្រជុំត្រូវបានប្រព្រឹត្តទៅពេញមួយព្រឹក ដោយបានពិនិត្យ និងពិភាក្សាជាពិសេសអំពីការអនុវត្តកិច្ចការដែលបានព្រមព្រៀងគ្នានៅក្នុងបេសកកម្មមើលថែកម្មវិធី ដែលបានប្រព្រឹត្តទៅនៅខែមីនា និងមេសា ឆ្នាំ ២០២៥ ។



