ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្យាយាមដោះស្រាយបញ្ហាដើមទុន ជូនកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនកសិកម្ម
ក្នុងគោលបំណងបង្កើនសមត្ថភាពរបស់កសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនកសិកម្ម ក្នុងការកែលម្អផលិតកម្ម ការគ្រប់គ្រង ការកែច្នៃ និងការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម ទន្ទឹមគ្នានឹងការបន្ស៊ាំបានកាន់តែល្អ ជាមួយនឹងការប្រែប្រួលអាកាសធាតុ ពោលគឺធ្វើឱ្យខ្សែច្រវាក់តម្លៃកសិកម្ម មិនងាយរងគ្រោះដោយលក្ខខណ្ឌអាកាសធាតុមិនល្អ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន និងកំពុងសហការជាមួយក្រសួង និងដៃគូពាក់ព័ន្ធ ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សហភាពអឺរ៉ុប (EU) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ធនាគារវិនិយោគអឺរ៉ុប (EIB) មូលនិធិបរិស្ថានសាកល (GEF) មូលនិធិអាកាសធាតុបៃតង (GCF) ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) ធនាគារ Wing ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា FTB) និងគ្រឹះស្ថានមីក្រូហិរញ្ញប្បទានចម្រើន ជាដើម ដើម្បី ៖ ១) បង្កើនចំណាប់អារម្មណ៍ និងផ្តល់ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ ២) សាងសង់ និងកែលម្អប្រព័ន្ធធារាសាស្ត្រ និងផ្លូវថ្នល់ភ្ជាប់កសិដ្ឋាន ៣) ផ្សព្វផ្សាយបញ្ចូលនូវបច្ចេកវិទ្យានានាដែលសមស្របសម្រាប់លក្ខខណ្ឌអាកាសធាតុ និងតម្រូវការរបស់ទីផ្សារ ៤) ដោះរបាំងបច្ចេកទេស ដើម្បីបង្កើនការនាំចេញនិង ៤) ដោះស្រាយបញ្ហាខ្វះដើមទុន ។
ក្នុងការដោះស្រាយបញ្ហាខ្វះដើមទុន និងដើម្បីឱ្យមានភាពជាក់លាក់ មានអនុស្សរណៈនៃការយោគយល់គ្នា (MoU) និងកិច្ចព្រមព្រៀងមួយចំនួន ត្រូវបានចុះហត្ថលេខា ដោយថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកដឹកនាំគ្រឹះស្ថានហិរញ្ញវត្ថុខាងលើ ដោយយកចិត្តទុកដាក់ជាពិសេស អំពី ៖ ១) ការធ្វើឱ្យមានប្រាក់ សម្រាប់ផ្តល់ជាប្រាក់កម្ចី ដែលមានអត្រាការប្រាក់សមរម្យ ២) ការមិនតម្រូវឱ្យអ្នកខ្ចី ពោលគឺកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនកសិកម្ម មាន ឬ ដាក់ទ្រព្យបញ្ចាំ និង ៣) ការទិញ ឬ បញ្ចូលប្រើប្រាស់នូវបច្ចេកវិទ្យានានា ដែលធ្វើឱ្យកាន់តែធន់នឹងអាកាសធាតុ (More resilient) និងដែលរួមចំណែកកាត់បន្ថយបញ្ហា ដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុ (Help mitigate) ។ ជាងនោះទៅទៀត អ្នកខ្ចី ដែលបានសងប្រាក់គ្រប់ និងទាន់ពេល អាចនឹងទទួលបានប្រាក់ជំនួយមួយចំនួន ជាការលើកទឹកចិត្ត ។









