Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបន្តរៀបចំវេទិការបស់បណ្តាញកសិករនាំមុខ នៃខ្សែច្រវាក់តម្លៃស្វាយចន្ទី ហើយយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៅក្នុងវិស័យ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបន្តរៀបចំវេទិការបស់បណ្តាញកសិករនាំមុខ នៃខ្សែច្រវាក់តម្លៃស្វាយចន្ទី ហើយយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៅក្នុងវិស័យ

 

ដើម្បីពង្រឹងសមត្ថភាព និងភាពជាដៃគូរវាងកសិករនាំមុខនៃខ្សែច្រវាក់តម្លៃស្វាយចន្ទី នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៥ លេខាធិការដ្ឋានកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិការបស់បណ្តាញកសិករនាំមុខនៃខ្សែច្រវាក់តម្លៃស្វាយចន្ទី នៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម សាយ សុភភោគា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ វេទិកានេះត្រូវបានចូលរួមដោយថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លេខាធិការដ្ឋានកម្មវិធី ASPIRE-AT គម្រោងបង្កើនភាពធន់នឹងអាកាសធាតុ ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម នៅកម្ពុជា (CREA) និងកសិករនាំមុខ នៃខេត្តគោលដៅចំនួន ៨ សរុបចំនួន ៤០នាក់ (ក្នុងនោះ មានស្ត្រី ៩ នាក់)។

គោលបំណងជាក់លាក់របស់វេទិកា គឺផ្តល់ឱកាសជូនកសិករនាំមុខក្នុងការចែករំលែកព័ត៌មាន មេរៀន និងបទពិសោធន៍ល្អៗ ពាក់ព័ន្ធនឹងផលិតកម្ម ការគ្រប់គ្រងនៅក្រោយពេលប្រមូលផល ការកែច្នៃ និងការធ្វើពាណិជ្ជកម្ម ។

បញ្ហាប្រឈមសំខាន់ៗ ដែលអង្គវេទិកាបានលើក និងពិភាក្សាដើម្បីកំណត់រកដំណោះស្រាយ មានដូចជា កង្វះដើមទុន កង្វះចំណេះដឹងអំពីបច្ចេកទេស ឬ បច្ចេកវិទ្យាសមស្រប និងការធ្វើពាណិជ្ជកម្ម កង្វះព័ត៌មានអំពីតម្រូវការរបស់ទីផ្សារ ។ល។ ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានយកចិត្តទុកដាក់កត់ត្រាអំពីបញ្ហាប្រឈមទាំងនោះ សម្រាប់ពិចារណាបង្កើន និងកែលម្អដំណោះស្រាយ ។

គួរគូសបញ្ជាក់ថា ក្នុងគោលបំណងបង្កើនសមត្ថភាពរបស់កសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនកសិកម្ម ក្នុងការកែលម្អផលិតកម្ម ការគ្រប់គ្រង ការកែច្នៃ និងការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម ទន្ទឹមគ្នានឹងការបន្ស៊ាំបានកាន់តែល្អ ជាមួយនឹងការប្រែប្រួលអាកាសធាតុ ពោលគឺធ្វើឱ្យខ្សែច្រវាក់តម្លៃកសិកម្ម មិនងាយរងគ្រោះដោយលក្ខខណ្ឌអាកាសធាតុមិនអំណោយផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន និងកំពុងសហការជាមួយក្រសួង និងដៃគូពាក់ព័ន្ធជាច្រើន ដើម្បី ៖ ១) បង្កើនចំណាប់អារម្មណ៍ និងផ្តល់ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ ២) សាងសង់ និងកែលម្អប្រព័ន្ធធារាសាស្ត្រ និងផ្លូវថ្នល់ភ្ជាប់កសិដ្ឋាន ៣) ផ្សព្វផ្សាយបញ្ចូលនូវបច្ចេកវិទ្យានានាដែលសមស្របសម្រាប់លក្ខខណ្ឌអាកាសធាតុ និងតម្រូវការរបស់ទីផ្សារ ៤) ដោះរបាំងបច្ចេកទេស ដើម្បីបង្កើនការនាំចេញផលិតផលកសិកម្ម និង ៥) ដោះស្រាយបញ្ហាខ្វះដើមទុន ។

ក្នុងការដោះស្រាយបញ្ហាខ្វះដើមទុន និងដើម្បីឱ្យមានភាពជាក់លាក់ មានអនុស្សរណៈនៃការយោគយល់គ្នា (MoU) និងកិច្ចព្រមព្រៀងមួយចំនួន ត្រូវបានចុះហត្ថលេខា ដោយថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកដឹកនាំគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើន ដោយយកចិត្តទុកដាក់ជាពិសេស អំពី ៖ ១) ការធ្វើឱ្យមានប្រាក់ សម្រាប់ផ្តល់ជាប្រាក់កម្ចី ដែលមានអត្រាការប្រាក់សមរម្យ ២) ការមិនតម្រូវឱ្យអ្នកខ្ចី ពោលគឺកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនកសិកម្ម មាន ឬ​ ដាក់ទ្រព្យបញ្ចាំ និង ៣) ការទិញ ឬ បញ្ចូលប្រើប្រាស់នូវបច្ចេកវិទ្យានានា ដែលធ្វើឱ្យកាន់តែធន់នឹងអាកាសធាតុ (More resilient) និងដែលរួមចំណែកកាត់បន្ថយបញ្ហា ដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុ (Help mitigate) ។ ជាងនោះទៅទៀត អ្នកខ្ចី ដែលបានសងប្រាក់គ្រប់ និងទាន់ពេល អាចនឹងទទួលបានប្រាក់ជំនួយមួយចំនួន ជារង្វាន់ ។

 

 

 

 

Leave a Reply

Your email address will not be published.