សិក្ខាសាលាស្តីពី «ការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៦ របស់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) និងគម្រោងការបង្កើនភាពធន់នឹងអាកាសធាតុក្នុងខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា (CREA)»
ទីរួមខេត្តកំពត, ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT បានដឹកនាំសិក្ខាសាលាស្តីពី «ការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៦ របស់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) និងគម្រោងការបង្កើនភាពធន់នឹងអាកាសធាតុក្នុងខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា (CREA)»
————————
ជារួម ឯកឧត្តមរដ្ឋលេខាធិការ និងជានាយកកម្មវិធី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់សិក្ខាកាមទាំងអស់ ដែលសុទ្ធសឹងជាតួអង្គសំខាន់ក្នុងដំណើរការគ្រប់គ្រង និងអនុវត្តកម្មវិធី ASPIRE-AT សិក្ខាសាលានេះពិតជាបានសម្រេចទៅតាមគោលបំណង និងលទ្ធផលដែលបានរំពឹងទុក។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងជានាយកកម្មវិធី ក៏បានផ្តល់ការណែនាំបន្ថែម និងតម្រង់ទិសដល់តួអង្គអ្នកពាក់ព័ន្ធទាំងអស់របស់ ASPIRE-AT ដើម្បីធ្វើឱ្យប្រាកដថាផែនការសកម្មភាព និងថវិកាដែលបានរៀបចំសម្រាប់ឆ្នាំ២០២៦ មានភាពសមស្រប អាចទទួលយកបាន ឆ្លើយតបទៅនឹងគោលបំណងគម្រោង និងចំណុចដែលបានព្រមព្រៀងជាមួយក្រុមបេសកកម្មគាំទ្រការអនុវត្ត និងច្នៃបង្កើតការបន្ថែមហិរញ្ញប្បទានរបស់ IFAD ។ ខ្លឹមសារសំខាន់ៗ មានដូចខាងក្រោម៖
១. លេខាធិការដ្ឋានកម្មវិធី
– គាំទ្របង្កើនកម្រិតអង្គការអ្នកផលិត ទៅជាសហគមន៍កសិកម្ម តាមលំដាប់លំដោយ៖ ១. មានលក្ខណៈសមស្រប ដើម្បីទទួលបានការគាំទ្រ (Support Ready) ២. មានលក្ខណៈសមស្របដើម្បីធ្វើពាណិជ្ជកម្ម (Market Ready) ៣. មានលក្ខណៈសមស្របដើម្បីវិនិយោគ (Investment Read) ៤. មានលក្ខណៈឯករាជ្យ ប្រកបដោយវិជ្ជាជីវៈ (Professionally Independent)
– ត្រូវកែលម្អក្របខណ្ឌប័ណ្ណដាក់ពិន្ទុ (Score-card Framework) ឱ្យស្រប IFAD’s Holistic Assessment Tool ហើយប្រើប្រាស់ដើម្បីកំណត់ភាពទន់ខ្សោយរបស់អង្គការអ្នកផលិត ផ្នែកអភិបាលកិច្ច ការដឹកនាំ និងការគ្រប់គ្រង
– ពង្រឹងការជ្រើសរើសអតិថិជន សម្រាប់បានប្រាក់កម្ចីពីធនាគារ ARDB
– ពង្រឹងការតាមដាន និងរាយការណ៍អំពីប្រាក់កម្ចី
– ពង្រឹងការវាយតម្លៃសំណើសុំហេដ្ឋារចនាសម្ព័ន្ធរបស់អង្គការអ្នកផលិត
– ធ្វើឱ្យប្រាកដថា មានស្រ្តីចូលរួម និងទទួលផលយ៉ាងតិច ៤០-៥០%
– បន្តសហការជាមួយគម្រោង SAAMBAT និង AIMS
– រៀបចំយុទ្ធសាស្ត្រកែលម្អការគ្រប់គ្រងចំណេះដឹង និងចងក្រងឯកសារស្តីពីការអនុវត្តល្អបំផុត (Best Practice)
២. មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
– ពង្រឹងផលិតកម្ម និងការគ្រប់គ្រងផល តាមរយៈយន្តការដ៏មានប្រសិទ្ធភាព ពីកសិករទៅកសិករ (F2F)
– សម្របសម្រួលផ្តល់កម្ចី សហការជាមួយសេវាករទី១ ស្រង់ និងផ្ទៀងផ្ទាត់ទិន្នន័យ សម្របសម្រួលប្រជុំសហគមន៍កសិកម្ម
៣. អគ្គនាយកដ្ឋានកសិកម្ម
– ដោះរបាំងបច្ចេកទេស តាមរយៈការបង្កើនសមត្ថភាពអ្នកផលិត និងមន្ត្រី ចរចា ពិនិត្យ និងបញ្ជាក់គុណភាព
– បង្កើត និងគាំទ្រសហគមន៍កសិកម្ម សហគមន៍កសិកម្មទំនើប និងសហភាពសហគមន៍កសិកម្ម
– ពន្លឿនការសម្របសម្រួលអាជីវកម្ម និងគោលនយោបាយ SPS
– លើកកម្ពស់យន្តការផ្សព្វផ្សាយចំណេះដឹងពីកសិករទៅកសិករ ដែលបង្ហាញថាមានប្រសិទ្ធភាព ។

















