ឯកឧត្តម តូច ប៊ុនហួរ និង ឯកឧត្តម មាស ពិសិដ្ឋ ដឹកនាំការធ្វើទស្សនកិច្ចសិក្សាអំពីការគ្រប់គ្រង ការកែច្នៃ និងការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម នៅប្រទេសវៀតណាម
ឯកឧត្តម តូច ប៊ុនហួរ និង ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ចាន់ សុវត្ថិភាព និង ឯកឧត្តម សាយ សុភភោគា អនុរដ្ឋលេខាធិការ បានដឹកនាំមន្ត្រី ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ សហគមន៍កសិកម្ម និងសហគ្រាសកសិកម្ម សរុបចំនួន ៤២ នាក់ ធ្វើទស្សនកិច្ចសិក្សារយៈពេល ៥ ថ្ងៃ គឺពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ នៅប្រទេសវៀតណាម ។
ទស្សនកិច្ចសិក្សា ដែលត្រូវបានរៀបចំដោយកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ដែលជាយន្តការមួយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនេះ មានគោលបំណងផ្តល់ឱកាសជូនអ្នកចូលរួមបានឃើញ និងរៀនសូត្រផ្ទាល់អំពីការគ្រប់គ្រង ការកែច្នៃ និងការធ្វើពាណិជ្ជកម្មគ្រាប់ស្វាយចន្ទី ម្រេច ផ្លែឈើ និងកសិផលសំខាន់ៗផ្សេងទៀតនៅប្រទេសវៀតណាម ព្រមទាំងបង្កើនទំនាក់ទំនង ឬ ការយល់គ្នា រវាងតួអង្គសំខាន់ៗនៃខ្សែច្រវាក់តម្លៃ ពោលគឺអ្នកគ្រប់គ្រង ឬ តំណាងសហគមន៍កសិកម្ម និងសហគ្រាសកសិកម្ម រួមទាំងមន្ត្រីពាក់ព័ន្ធ ។
ស្របទៅតាមកម្មវិធីដែលបានគ្រោង អ្នកចូលរួមបានពិនិត្យផ្ទាល់នូវការច្នៃបង្កើត ការផលិត និងដំណើរការរបស់ឧបករណ៍ និងគ្រឿងម៉ាស៊ីនសម្រាប់កែច្នៃកសិផលខាងលើ ហើយបានស្តាប់បទបង្ហាញ និងការពន្យល់របស់អគ្គកុងស៊ុល និងអនុព័ន្ធពាណិជ្ជកម្មកម្ពុជា ប្រចាំនៅទីក្រុងហូជីមិញ អនុប្រធានសមាគមស្វាយចន្ទីវៀតណាម (Vietnam Cashew Association, VINACAS) ម្ចាស់ ឬ អ្នកដឹកនាំក្រុមហ៊ុនផលិតឧបករណ៍ និងគ្រឿងម៉ាស៊ីនកែច្នៃកសិផល ក្រុមហ៊ុនកែច្នៃកសិផល និងក្រុមហ៊ុនដែលធ្វើពាណិជ្ជកម្មផលិតផលកសិកម្មជាច្រើន ។
អ្នកចូលរួមបានបង្ហាញនូវចំណាប់អារម្មណ៍ខ្ពស់ ហើយបានយកចិត្តទុកដាក់រៀនសូត្រ និងធ្វើទំនាក់ទំនង ដើម្បីកែលម្អផលិតកម្ម ការគ្រប់គ្រងនៅក្រោយពេលប្រមូលផល ការកែច្នៃ និងការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម ព្រមទាំងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ។ ជាមួយនោះ មានតំណាងសហគមន៍កសិកម្ម និងសហគ្រាសកសិកម្មមួយចំនួនបានបញ្ជាទិញឧបករណ៍ និងគ្រឿងម៉ាស៊ីនសម្រាប់កែច្នៃគ្រាប់ស្វាយចន្ទី ។
គួរបញ្ជាក់ថា វៀតណាមបានយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើឱ្យមានការចំណាយទាបសម្រាប់ផលិតកម្ម ការគ្រប់គ្រងនៅក្រោយពេលប្រមូលផល ការកែច្នៃ និងការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម ដោយបង្កើនផលិតភាព ឬ សាច់ការរបស់មនុស្ស និងគ្រឿងម៉ាស៊ីន ។ វៀតណាមធ្វើឱ្យមនុស្សមានផលិតភាពខ្ពស់ដោយការពង្រឹងវិន័យ ការបង្កបរិយាកាសអំណោយផល ឬ ការផ្តល់លក្ខខណ្ឌការងារល្អ និងការធ្វើឱ្យមនុស្សមានទឹកចិត្ត ។ វៀតណាមក៏ធ្វើឱ្យគ្រឿងម៉ាស៊ីនមានផលិតភាពខ្ពស់ ដោយកែលម្អ ឬ អភិវឌ្ឍការកែច្នៃជាបន្តបន្ទាប់ ហើយធ្វើឱ្យកសិផលមានភាពសមស្រប ឬ សម្រួលដំណើរការរបស់ម៉ាស៊ីន ដូចជាការញែកយកគ្រាប់ស្វាយចន្ទីឱ្យមានទំហំប៉ុនៗគ្នា សម្រាប់បញ្ជូនទៅផ្នែកកាត់បកសំបកជាដើម ។









