កម្មវិធីចែករំលែកបទពិសោធន៍ផលិតកម្មមាន់ស្រែ ពីកសិករនាំមុខឈ្មោះ សំ រចន្នី នៅសហគមន៍កសិកម្មចិញ្ចឹមមាន់ស្រែសង្កាត់បរយ៉ាខា នៅខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានសម្របសម្រួលរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ផលិតកម្មមាន់ស្រែ ពីកសិករនាំមុខឈ្មោះ សំ រចន្នី នៅសហគមន៍កសិកម្មចិញ្ចឹមមាន់ស្រែសង្កាត់បរយ៉ាខា នៅភូមិបតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ដែលមានអ្នកចូលរួមសរុប ៤៩នាក់ (ស្រី ២៤នាក់)។
សកម្មភាព និងលទ្ធផលនៃកម្មវិធីខាងនេះ ផ្តោតទៅលើ៖ ការសាងសង់ទ្រុងឱ្យបានត្រឹមត្រូវ ការជ្រើសរើសពូជមេបារនិងកូនមាន់ អនាម័យទ្រុងនិងទីធ្លាចិញ្ចឹមមាន់ ការថែទាំនិងរក្សាកូនមាន់ដោយស្ថិតក្នុងកំដៅសមស្រប ការធ្វើវ៉ាក់សាំងកូនមាន់និងទម្លាក់បរ៉ាសិត (វិធីសាស្រ្ត) ការស្គាល់ពីវ៉ាក់សាំងដែលមានលក្ខណៈត្រឹមត្រូវនិងមានគុណភាព ព្រមទាំងវិធីសាស្រ្តពិនិត្យមើលពងមាន់បង្កកំណើត។
ក្នុងកម្មវិធីនេះ កសិករបានបង្ហាញការចាប់អារម្មណ៍ខ្ពស់ និងបានលើកអំពីបញ្ហានានាដែលពួកគាត់ជួបប្រទះក្នុងការចិញ្ចឹមមាន់ មិនបានជោគជ័យមួយចំនួន ដូចជាមាន់កើតជំងឺផ្សេងៗ និងមាន់ងាប់។ ពួកគាត់ចង់ដឹងអំពីវិធីចិញ្ចឹមមាន់ ដែលអាចកាត់បន្ថយអត្រាហានិភ័យនៃមាន់កើតជំងឺ និងងាប់បាន។
លោក ស៊ុយ មន បានពន្យល់លំអិតអំពីការចិញ្ចឹមដែលមិនរងនូវហានិភ័យខ្ពស់ ដោយលើកពន្យល់ និងបំភ្លឺបន្ថែមលើចំនុចសំខាន់ៗដែលកសិករនាំមុខបានរៀបរាប់ខាងលើ។
ក្រៅតែពីចែករំលែកចំណេះដឹងក្នុងការចិញ្ចឹមមាន់ អ្នកចូលរួមក៍បានចង់ដឹងផងដែរអំពីការគាំទ្រពីកម្មវិធី ASPIRE-AT ទាក់ទងនឹងធាតុចូល។ លោកទីប្រឹក្សាកម្មវិធីប្រចាំខេត្ត បានជម្រាបជូនសហគមន៍ និងអ្នកចូលរួមទាំងអស់ អំពីគោលការណ៍កម្មវិធី ASPIRE-AT វិធីសាស្រ្ត និងយន្តការគាំទ្រធនធានហិរញ្ញវត្ថុក្នុងរួបភាពជាទុនកម្ចីវិនិយោគក្នុងកម្រិតការប្រាក់មួយសមស្របដែលនឹងត្រូវអនុវត្តដោយធនាគារ ARDB ព្រមទាំងត្រូវស្របតាមនិតិវិធី និងច្បាប់ហិរញ្ញវត្ថុរបស់ប្រតិបត្តិករធនាគារផងដែរ។
តាមការវាយតម្លៃ សមាជិកសហគមន៍មួយចំនួន មានតំរូវការទុនវិនិយោគក្នុងការពង្រីកការចិញ្ចឹម និងបង្កើនប្រាក់ចំណូល ប៉ុន្តែក៍មានសមាជិកមួយចំនួនមិនទាន់បានចិញ្ចឹមមាន់ទេ ហើយចង់បានទុនវិនិយោគសម្រាប់យកទៅប្រើប្រាស់ដើម្បីទិញសំភារធ្វើទ្រុង ទិញពូជមាន់ កូនមាន់សម្រាប់ជាការចាប់ផ្តើមចិញ្ចឹម។ សមាជិកមួយផ្នែកទៀត គាត់រំពឹងថាកម្មវិធីនឹងចែកអ្វីអោយពួកគាត់ខ្លះ។




