កិច្ចប្រជុំជាមួយថ្នាកដឹកនាំសហគមន៍កសិកម្មចំនួន ១៧ ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពរបស់កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំជាមួយថ្នាកដឹកនាំសហគមន៍កសិកម្មចំនួន ១៧ ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពរបស់កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន និងស្ថានភាពនានា។
កិច្ចប្រជុំនេះស្ថិតក្រោមអធីបតីភាព លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន និងមានការចូលរួមពីថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន ១៧ (ក្នុង១សហគមន៍ ២នាក់) ក្នុងឆ្នាំ ២០២៣-២០២៤ និងមន្រ្តីមន្ទីរខេត្ត សរុបចំនួន ៣៩នាក់ (ស្រី ៥នាក់)។
ការចូលរួមមតិយោបល់ក្នុងការបើកកម្មវិធីនេះ លោកប្រធានមន្ទីរ បានផ្តោតសំខាន់លើការបន្តខិតខំប្រឹងប្រែងផលិតរបស់កសិករក្នុងសហគមន៍ អោយឆ្លើយតបទៅនឹងតំរូវការទីផ្សារ ទាំងបរិមាណ និងគុណភាពផលិតផល ដែលអាចទទួលយកបានដោយអ្នកទិញ ក្នុងនោះគឺការអនុវត្តកសិកម្មល្អ និងស្តង់ដារផលិតផលកសិកម្ម។ លោកបានគូសបញ្ជាក់ថាអ្វីដែលយើងនៅជួបបញ្ហានោះគឺថាអ្នកផលិតបាន ប៉ុន្តែខ្វះទីផ្សារ ហើយក្រុមអ្នកវិនិយោគថាគ្មានផលិតផលកសិកម្មដឹកចេញបាន សរុបទៅទាំងនេះបង្ហាញអោយគេអាចវាយតំលៃបានថាយើងផលិតបានមែន ប៉ុន្តែគុណភាពផលិតផលយើងមានបញ្ហាដែលអ្នកទិញមិនអាចទទួលទិញ និងយកបាន។
បន្ទាប់ពីមិតិស្វាគមន៍ និងបើកកម្មវិធីរបស់លោកប្រធានមន្ទីរ លោកទីប្រឹក្សាបានបង្ហាញសារឡើងវិញអំពីកម្មវិធី ASPIRE-AT ផែនការ លទ្ធផល ក្រុមគោលដៅទទួលផល និងការចូលរួមពីអ្នកពាក់ព័ន្ធរួមទាំងសហគមន៍ ក្នុងដំណើរការកម្មវិធី ទាំងក្នុងការផលិត ការលក់ និងការប្រើប្រាស់ធនធានដែលកម្មវិធីនិងធ្វើវិនិយោគនាពេលខាងមុខអោយមានតំលាភាព ប្រសិទ្ធភាព និងប្រសិទ្ធិផលផងដែរ។
លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានបង្ហាញអំពីបញ្ជីសំនួរវាយតំលៃសហគមន៍ ពេញលក្ខណៈ ទាំង ១៦ចំនុច ជាការរំលឹកដល់ថ្នាក់ដឹកនាំសហគមន៍ទាំងអស់ ដោយមានការជួយគាំទ្របច្ចេកទេស និងការសាងសមត្ថភាពពីមន្ទីរកសិកម្មខេត្ត ដើម្បីអាចរៀបចំផែនការអាជីវកម្មសំរាប់ទទួលការគាំទ្រធនធានធាតុចូលពីកម្មវិធី ASPIRE-AT ។
នៅទីបញ្ចប់កម្មវិធីបានបង្ហាញ និងពិភាក្សាអំពីលក្ខខណ្ឌមួយចំនួន របស់ធនគារ ARDB ទាក់ទងនឹងការគាំទ្រទុនកម្ចីវិនិយោគដល់សហគមន៍កសិកម្ម និងសមាជិក។



