Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការផ្សព្វផ្សាយអំពីគោលគំនិតសហគមន៍កសិកម្ម នៅឃុំព្រៃជ្រូក ស្រុកក្រឡាញ់ ខេត្តសៀមរាប

ការផ្សព្វផ្សាយអំពីគោលគំនិតសហគមន៍កសិកម្ម នៅឃុំព្រៃជ្រូក ស្រុកក្រឡាញ់ ខេត្តសៀមរាប

 

កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានផ្សព្វផ្សាយអំពីគោលគំនិតសហគមន៍កសិកម្ម នៅឃុំព្រៃជ្រូក ស្រុកក្រឡាញ់ ដែលមានការចូលរួមពីលោក ហ៊ាន សូភ័ណ ជំទប់ទី ១ ឃុំព្រៃជ្រូក ព្រមទាំងកសិករមកពី ៧ភូមិ សរុបចំនួន ៤៥នាក់ (ស្រី ១៥នាក់)។

បន្ទាប់ពីមតិបើករបស់លោក ហ៊ាន សូភ័ណ ជំទប់ទី ១ ឃុំព្រៃជ្រូក រួចមក លោក ប៉ែន ប៊ុនធឿន បានមានប្រសាសន៍ជម្រាបជូនអំពីគោលបំណង និងការគាំទ្ររបស់កម្មវិធី ASPIRE-AT ព្រមទាំងបានរំលេចអំពីគោលនយោបាយយុទ្ធសាស្រ្ត របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងអាណតិ្តទី៧ របស់រាជរដ្ឋាភិបាល ដោយផ្តោតលើការថែរក្សាស្ថេរភាព និងលំនឹងកសិកផល ការជ្រើសរើសមន្រ្តីកសិក​ម្មឃុំ និងការជម្រុញការបង្កើតសហគមន៍កសិកម្មទំនើប ។ ជាមួយគ្នានោះដែរ លោកប្រធានក៏បានជម្រាបជូនសង្ខេបអំពីផលប្រយោជន៍នៃការចងក្រងសហគមន៍កសិកម្ម និងស្នើសុំអាជ្ញាធរមូលដ្ឋាន និងប្រជាជនចូលរួម ដើម្បីបង្កើតបានជាសហគមន៍នៅទីនេះ។ បន្ទាប់មកទៀត លោក សួន សីលា ទីប្រឹក្សាសម្របសម្រួលកម្មវិធី និងលោក ផាត់ ប៊ុនផោន មន្រ្តីការិយាល័យអភិវឌ្ឍសហគមន៍ បានធ្វើបទឧទ្ទេសនាមអំពីឯកសារគោលគំនិតស្តីពីសហគមន៍កសិកម្ម ក្នុងនោះមានចំណុចសំខាន់ៗដូចជា៖ អ្វីទៅជាសហគមន៍កសិកម្ម? ហេតុអ្វីបានជាកសិករចាំបាច់ត្រូវចងក្រងជាសហគមន៍កសិកម្ម? គោលបំណងរួមនៃការអភិវឌ្ឍសហគមន៍កសិកម្ម គោលបំណងជាក់លាក់នៃការបង្កើតសហគមន៍កសិកម្ម លក្ខណៈពិសេសនៃសហគមន៍កសិកម្ម លក្ខណៈខុសគ្នារវាងសហគមន៍កសិកម្មជាមួយក្រុមហ៊ុនឯកជន តម្លៃ និងគោលការណ៍គ្រឹះរបស់សហគមន៍កសិកម្ម រចនាសម្ព័ន្ធ និងមុខងាររបស់សហគមន៍កសិកម្ម។

បន្ទាប់មក កសិករទទួលបានយល់ដឹងអំពីផលប្រយោជន៍នៃការចងក្រងជាសហគមន៍ និងបានសន្យានឹងចូលរួមបង្កើតជាសហគមន៍កសិកម្ម នៅពេលខាងមុខនេះ។

កម្មវិធីបានសម្រេចកំណត់យកសប្តាហ៍ទី១ ខែឧសភា ឆ្នាំ២០២៥ ដើម្បីរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់សហគមន៍ និងលិខិតបទដ្ឋាននានា ដែលទាក់ទងនឹងការរៀបចំសហគមន៍កសិកម្ម។

 

 

Leave a Reply

Your email address will not be published.