កម្មវិធីរៀនសូត្រ និងចែករំលែកចំណេះដឹងរវាងកសិករជោគជ័យអំពីផលិតកម្មដំណាំបន្លែ នៅសហគមន៍កសិកម្មតាសីសាមគ្គី ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង
ដោយពិនិត្យឃើញថារហូតមកដល់សព្វថ្ងៃ មានកសិករជាច្រើនមានភាពនាំមុខ ឬ ភាពឆ្នើម ពោលគឺបាន និងកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការអនុវត្តល្អ កម្មវិធី ASPIRE-AT ដែលជាយន្តការមួយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកម្មវិធីមួយសម្រា
ប់កសិករនាំមុខ ឬ កសិករឆ្នើមរៀនសូត្រ ចែករំលែកចំណេះដឹង និងបទពិសោធន៍អំពីផលិតកម្មដំណាំបន្លែ នៅសហគមន៍កសិកម្មតាសីសាមគ្គី ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបងពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ។
ពិធីបើកត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស៊ន វិចិត្រ ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្ដរជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម និងជាប្រធានក្រុមគាំទ្រលេខាធិការដ្ឋានកម្មវិធី លោក ណុប នន់ ប្រធានសហគមន៍កសិកម្មតាសីសាមគ្គី មន្ត្រីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងមន្ត្រីលេខាធិការដ្ឋានកម្មវិធី ។ ព្រឹត្តិការណ៍នោះត្រូវបានចូលរួមដោយកសិករនាំមុខ ឬ កសិករឆ្នើមនៃខេត្តព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពត ព្រះសីហនុ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប សរុបចំនួន ៤៨នាក់ (ក្នុងនោះមានស្ត្រី ៩ នាក់)។
កម្មវិធីនោះត្រូវបានរៀបចំឡើងក្នុងគោលបំណង ៖
− ពង្រឹងសមត្ថភាពកសិករនាំមុខ ឬ កសិករឆ្នើមនៃខ្សែច្រវាក់តម្លៃបន្លែ ដើម្បីបង្កើនផលិតភាពរបស់គាត់ផ្ទាល់ និងផ្សព្វផ្សាយបន្តជូនកសិករផ្សេងទៀត ដែលជាសមាជិកសហគមន៍កសិកម្មរបស់គាត់ និង
− បង្កើតបណ្តាញកសិករនាំមុខ ឬ កសិករឆ្នើមផ្នែកផលិតកម្ម គ្រប់គ្រង និងលក់ដូរបន្លែ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេស និងបញ្ហាទីផ្សារ។









