ឯកឧត្ដម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារពិនិត្យស្ថានភាពទូទៅ នៅតំបន់គោលដៅនៃគម្រោង ” ស្តារ និងគ្រប់គ្រងស្ទឹងស្វាយចេក “
នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្ដម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារបំពេញបេសកកម្ម នៅតំបន់គោលដៅនៃគម្រោង ” ស្តារ និងគ្រប់គ្រងស្ទឹងស្វាយចេក ” ដែលស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ស្រុកស្វាយចេក និងស្រុកថ្មពួក នៃខេត្តបន្ទាយមានជ័យ ។
សមាជិកក្រុមការងារដែលបានអមដំណើរ មានចំនួនជាង ៥០ នាក់ ដែលរួមមាន ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គភាពជំនាញក្រោមឱវាទក្រសួង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត អាជ្ញាធរដែនដី លេខាធិការដ្ឋានកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងផលិតផលកសិកម្ម (ASPIRE-AT) និងមន្ត្រីកសិកម្មឃុំគោលដៅ ។
បេសកកម្មនេះមានគោលបំណងពិនិត្យស្ថានភាពទូទៅនៃវិស័យកសិកម្ម ស្ថានភាព និងសមត្ថភាពរបស់ប្រព័ន្ធធារាសាស្ត្រក្នុងការទប់ស្កាត់គ្រោះទឺកជំនន់ រក្សា និងផ្គត់ផ្គង់ទឹក ហើយកំណត់កិច្ចអន្តរាគមន៍នានា ដែលគម្រោងគួរធ្វើជាបន្ទាន់ និងក្នុងរយៈពេលវែង ។
លទ្ធផលដែលទទួលបានពីបេសកកម្មនេះ ត្រូវបានក្រុមការងារពិចារណាក្នុងការកសាងផែនការសកម្មភាព និងថវិកា សម្រាប់អនុវត្តនៅក្នុងឆ្នាំ ២០២៥ និងឆ្នាំខាងមុខ ។





