ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អញ្ជើញជាប្រធានគណៈធិបតីក្នុងកិច្ចប្រជុំផ្ដើមបេសកកម្មមើលថែ និងតម្រង់ទិសកម្មវិធី ASPIRE-AT (Kick-off Meeting of the IFAD Mission for Supervision of ASPIRE-AT)
នៅព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) បានអញ្ជើញជាប្រធានគណៈអធិបតីនៃកិច្ចប្រជុំផ្ដើមបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ដើម្បីមើលថែ និងតម្រង់ទិសការអនុវត្តកម្មវិធី ។ កិច្ចប្រជុំ ដែលត្រូវបានសហការដឹកនាំដោយលោក Frew Behabtu នាយក IFAD ប្រចាំកម្ពុជា និង លោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការនៃសហគមន៍អ៊ឺរ៉ុប (EU) នេះ ត្រូវបានចូលរួមដោយក្រុមបេសកកម្ម និងមន្ត្រីនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអ៊ឺរ៉ុប លេខាធិការដ្ឋានកម្មវិធី ASPIRE-AT មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងទីប្រឹក្សាកម្មវិធីប្រចាំនៅខេត្តគោលដៅទាំង ២១ សរុបចំនួន ៩២ នាក់ (ក្នុងនោះ មានស្ត្រី ២៥ នាក់) ។
កិច្ចប្រជុំនេះមានគោលបំណង ៖ ១) ជម្រាបអំពីគោលបំណង និងកម្មវិធីការងាររបស់បេសកកម្ម ២) ពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាពដែលបានព្រមព្រៀងគ្នា (Agreed Actions) នៅក្នុងបេសកម្មលើកមុន និង ៣) ពិភាក្សា និងកំណត់សកម្មភាពដែលត្រូវអនុវត្តបន្ត នៅក្នុងឆ្នាំ ២០២៥ ។ បេសកម្មនេះមានរយៈពេល ៥ ថ្ងៃ គិតចាប់ពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ នេះតទៅ ។








