ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំណែនាំអំពី «គម្រោងស្តារ និងគ្រប់គ្រងស្ទឹងស្វាយចេក (Svay Check River Restoration And Management Project)»
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ ដើម្បីណែនាំក្រុមការងារអំពីព័ត៌មានសំខាន់ៗនៃ «គម្រោងស្តារ និងគ្រប់គ្រងស្ទឹងស្វាយចេក» នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំនៃលេខាធិការដ្ឋានកម្មវិធី ASPIRE-AT ។
កិច្ចប្រជុំនេះត្រូវបានចូលរួមដោយថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង និងអង្គភាពក្រោមឱវាទក្រសួង និងលេខាធិការដ្ឋានកម្មវិធី ASPIRE-AT ដែលជាសមាជិកនៃក្រុមគ្រប់គ្រង និងអនុវត្តគម្រោងនេះ ព្រមទាំងមន្ត្រីទទួលបន្ទុកនៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) សរុបចំនួន ៣០ នាក់ (ក្នុងនោះ មានស្ត្រី ៧ នាក់) ។
កិច្ចប្រជុំបានសម្រេចអនុវត្តកិច្ចការបន្ទាន់មួយចំនួន ដើម្បីសម្រេចគោលបំណងរបស់គម្រោង ដែលរួមចំណែកធ្វើឱ្យសម្រេចនូវចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់ក្រសួង ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ។ ក្នុងនោះ មានការបំពេញបេសកកម្មសិក្សាអំពីស្ថានភាព និងបញ្ហាជាក់ស្តែងនៅក្នុងតំបន់គោលដៅ ហើយកសាងផែនការសកម្មភាព និងថវិកា សម្រាប់ឆ្នាំ ២០២៥ ដែលរំលេចអំពីកិច្ចអន្តរាគមន៍ និងដំណោះស្រាយសមស្រប ។







