ឯកឧត្តមអនុរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានបំពេញបេសកកម្មពិនិត្យការអនុវត្តកម្មវិធី ASPIRE-AT នៅខេត្តគោលដៅ
នៅថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) និងសហការីបានបំពេញបេសកកម្មពិនិត្យការអនុវត្តសកម្មភាពរបស់កម្មវិធី នៅខេត្តបន្ទាយមានជ័យ ប៉ៃលិន និងខេត្តបាត់ដំបង។
ដំណើរបេសកកម្មនេះ មានគោលបំណង ៖
–ពិនិត្សសកម្មភាពការងារដែលក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាន និងកំពុងអនុវត្តជាក់ស្តែងជាមួយសហគមន៍កសិកម្ម និងកសិករគោលដៅ
–សិក្សាស្វែងយល់អំពីបញ្ហាប្រឈមរបស់មន្ទីរ ព្រមទាំងរបស់សហគមន៍កសិកម្ម និងកសិករដែលជាអ្នកទទួលផល
–ពិគ្រោះរកវីធីដោះស្រាយបញ្ហាប្រឈមទាំងនោះ។
ជាលទ្ធផលរបស់បេសកកម្មគឺបានពិនិត្យឃើញថាក្រុមការងារនៃមន្ទីរកសិកម្មខេត្តបានធ្វើឲ្យមានវឌ្ឍនភាពល្អៗជាច្រើន ជាពិសេសក្នុងការចងក្រងកសិករជាសហគមន៍កសិកម្ម និងការគាំទ្រផ្នែកបច្ចេកទេស។ ជាមួយគ្នានោះដែរ ក្រុមការងារក៏បានកំណត់បញ្ហាប្រឈមមួយចំនួន ដែលចាំបាច់ត្រូវរកវិធីដោះស្រាយ ទាំងនៅកម្រិតមន្ទីរ និងកម្រិតលេខាធិការដ្ឋានកម្មវិធី សំដៅធ្វើឲ្យកម្មវិធីអាចដោះស្រាយបញ្ហាសំខាន់ៗរបស់សហគមន៍កសិកម្ម និងកសិករ ព្រមទាំងអាចរួមចំណែកបានច្រើនបំផុតដល់ការសម្រេចចក្ខុវិស័យ និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួង។