ការពិនិត្យដំណើរការប្រព្រឹត្តទៅរបស់សហគមន៍កសិកម្មមៀនម៉ាឡៃ ក្នុងស្រុកម៉ាឡៃ និងសហគមន៍កសិកម្មបន្លែបៃតងពង្រកងវ៉ា ក្នុងស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ
កម្មវិធី ASPIRE-AT ៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃអគ្គនាយកដ្ឋានកសិកម្ម បានទៅពិនិត្យដំណើរការប្រព្រឹត្តទៅរបស់សហគមន៍កសិកម្មមៀនម៉ាឡៃ ក្នុងស្រុកម៉ាឡៃ និងសហគមន៍កសិកម្មបន្លែបៃតងពង្រកងវ៉ា ក្នុងស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
គោលបំណងនៃការជួបសហគមន៍ទាំងពីរ៖
– ប្រមូលព័ត៌មានអំពីស្ថានភាពរីកចម្រើន និងបញ្ហាប្រឈម
– ស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មរបស់សហគមន៍
– លើកទឹកចិត្ត និងតម្រង់ទិសសហគមន៍កសិកម្មក្នុងការអនុវត្តន៍ឱ្យបាន ត្រឹមត្រូវស្របតាមច្បាប់លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍កសិកម្ម
– ផ្តល់ការណែនាំគាំទ្រការដឹកនាំ និងបច្ចេកទេសផលិតកម្មនិងខ្សែច្រវាក់ផលិតកម្មកសិកម្ម។
តាមរយៈការចុះជួបផ្ទាល់ជាមួយសហគមន៍ទាំងពីរឃើញថា សហគមន៍មិនទាន់គ្រប់នូវលក្ខណៈវិនិច្ឆ័យ (Graduated AC) របស់កម្មវិធី ASPIRE-AT នៅឡើយទេ ដោយសារចំណុចមួយចំនួនមិនមានតាមការកំណត់តម្រូវក្នុងបញ្ជីសំណួរ។
សហគមន៍មៀនម៉ាឡៃមានទីស្នាក់ការ ឃ្លាំងស្តុក ក្រុមកែច្នៃផ្លែឈើ មុខរបរទីផ្សារផលិតស្រាមៀន និងមុខរបរផ្គត់ផ្គង់លក់ជីឱ្យសមាជិកសហគមន៍កសិកម្ម ដែលមានដើមទុនជាង ២៦លានរៀល ។
សហគមន៍ជួបបញ្ហាមួយចំនួននៅមិនទាន់អាចក្លាយជាសហគមន៍រឹងមាំបាន ដោយត្រូវផ្តល់នូវដំណោះស្រាយតាមរយៈមន្រ្តីបច្ចេកទេស ក៏ដូចជាការដឹកនាំគ្រប់គ្រងដែរ។សហគមន៍បានស្នើឱ្យមានការផ្តល់បច្ចេទេសដាំដុះមៀនដើម្បីបង្កើនប្រាក់ចំណេញខ្ពស់ ជួយគាំទ្រផែ្នកថវិកា សម្ភារៈ និងបច្ចេកទេសកែច្នៃផលិតផលមៀន ព្រមទាំងជួយរកទីផ្សារមៀនផងដែរ ។ លើសពីនេះទៀត សហគមន៍មិនមានថវិកាប្រមូលទិញផលិតផលបន្ត ពីសមាជិកមានតែឃ្លាំង និងមិនទាន់យល់ច្បាស់ពីការរៀបចំផែនការមុខជំនួញ និងផែនការផលិតកម្ម ដែលធ្វើយ៉ាងណាឱ្យទៅជាខ្សែច្រវ៉ាក់មួយដែលអាច ផ្គត់ផ្គង់ទីផ្សារបានតាមតម្រូវ និងអាចទាក់ទាញសមាជិកឱ្យចូលរួមធ្វើជំនួញច្រើនជាមួយសហគមន៍។
ដោយឡែក សហគមន៍កសិកម្មបន្លែបៃតងពង្រកងវ៉ាវិញ មានមុខរបរប្រមូលបន្លែរបស់សមាជិកលក់ និងមានមុខរបរផ្គត់ផ្គង់ ទិញជីលក់ឱ្យសមាជិកសហគមន៍កសិកម្ម ដែលមានដើមទុនជាង ២,៥លានរៀល ដែលបង្កើតដោយកម្មវិធី ASPIRE-AT បានប្រមូលបង្កើតឡើងពីក្រុមផលិតបន្លែ។ សហគមន៍បានសំណូមពរដល់ក្រុមការងារទាំងគម្រោង និងក្រុមការងារបច្ចេកទេសមន្ទីរកសិកម្មខេត្តជួយពង្រឹងដល់បច្ចេកទេសផលិតកម្មលើមុខរបររបស់សហគមន៍ជួយបណ្ដុះបណ្ដាល ការគ្រប់គ្រងបញ្ជីគណនេយ្យ ការគ្រប់គ្រងសហគមន៍កសិកម្ម ព្រោះសហគមន៍មិនទាន់មានលទ្ធភាពជួលមន្រ្តីមកដឹកនាំគ្រប់គ្រងធ្វើអាជីវកម្មជាទ្រង់ទ្រាយធំ ដោយយោងទៅលើការវិភាគសេដ្ឋកិច្ចមិនមានចំណេញ និងស្នើសូមជួយសម្របសម្រួលផ្ដល់ដើមទុនបន្ថែមដើម្បីពង្រីកមុខរបរ។