Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការពិនិត្យដំណើរការប្រព្រឹត្តទៅរបស់សហគមន៍កសិកម្មត្រពាំងស្រង៉ែ ស្ថិតភូមិត្រពាំងស្រង៉ែ ឃុំអង្គតាមសោម ស្រុកត្រាំកក់ ខេត្តតាកែវ

ការពិនិត្យដំណើរការប្រព្រឹត្តទៅរបស់សហគមន៍កសិកម្មត្រពាំងស្រង៉ែ ស្ថិតភូមិត្រពាំងស្រង៉ែ ឃុំអង្គតាមសោម ស្រុកត្រាំកក់ ខេត្តតាកែវ

កម្មវិធី ASPIRE-AT ៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃអគ្គនាយកដ្ឋានកសិកម្ម បានទៅពិនិត្យដំណើរការប្រព្រឹត្តទៅរបស់សហគមន៍កសិកម្មត្រពាំងស្រង៉ែ ស្ថិតភូមិត្រពាំងស្រង៉ែ ឃុំអង្គតាមសោម ស្រុកត្រាំកក់។

=>ការទៅពិនិត្យនេះធ្វើឡើងក្នុងគោលបំណង៖

– ប្រមូលព័ត៌មាន ស្តីពីស្ថានភាពរីកចំរើន បញ្ហាប្រឈម របស់សហគមន៍ ដើម្បីធ្វើការសម្រេចចិត្តផ្អែកលើភស្តុតាង និងស្តាប់ការបង្ហាញនូវបច្ចេកទេសក្នុងការផលិតឱ្យបានច្បាស់លាស់ដើម្បីតាមដានវឌ្ឍនភាពសហគមន៍កសិកម្ម

– លើកទឹកចិត្ត និងតម្រង់ទិសសហគមន៍កសិកម្មអនុវត្តន៍ឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍កសិកម្ម ព្រមទាំងផ្តល់ការណែនាំគាំទ្រការដឹកនាំ និងបច្ចេកទេសផលិតកម្មនិងខ្សែច្រវាក់ផលិតកម្មកសិកម្ម។

តាមរយៈការជួបជាមួយប្រធានសហគមន៍ និងសមាជិកសហគមន៍ ព្រមទាំងតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ឃើញថាសហគមន៍កសិកម្មត្រពាំងស្រង៉ែ ជាសហគមន៍ត្រូវបានវាយតម្លៃដាក់ពិន្ទុតាមចំណាត់ថ្នាក់រួចហើយ។ សហគមន៍នេះផ្តោតសំខាន់លើផលិតកម្មមាន់ស្រែ។ តាមរយៈការរៀបរាប់របស់ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យសហគមន៍ ឃើញថាសហគមន៍នេះមានការដឹកនាំល្អក្នុងក្រុម ជាពិសេសថ្នាក់ដឹកនាំសហគមន៍មានការប្តេជ្ជា និងតាំងចិត្តខ្ពស់ក្នុងការជំរុញសហគមន៍ឱ្យមានភាពរីកចម្រើនជាលំដាប់។  ចំណុចសំខាន់របស់សហគមន៍ដែលអាចធ្វើឱ្យរឹងមាំមកដល់ថ្ងៃនេះបាន គឺការសន្សំនិងចូលរួមបដិភាគរបស់សមាជិកដែលមិនផ្តោតលើភាគលាភខ្លាំង គឺផ្តោតតែទៅលើផលិតផលដែលផលិតបាននិងរកទីផ្សារបាន។ ចំណុចខ្សោយគឺខ្វះថវិកាប្រមូលទិញផលិតផលកសិកម្មពីសមាជិកទើប មិនសូវមានចំណូលច្រើន។ បច្ចុប្បន្ននេះឃើញថា ដោយសារការសាមគ្គីគ្នាក្នុងក្រុមល្អ សហគមន៍សាងសង់បានឃ្លាំងមួយសម្រាប់ប្រើប្រាស់ផងដែរ ដែលចំណុចនេះបានធ្វើឱ្យអ្នកក្នុងភូមិឃើញពីការខិតខំប្រឹងប្រែងហើយមានបំណងដាក់ហ៊ុនបន្ថែម និងស្នើសុំចូលថ្មី។ ប៉ុន្តែចំណុចដែលនៅខ្វះខាតមួយទៀតរបស់សហគមន៍នោះគឺមិនទាន់បានយល់ច្បាស់ពីការរៀបចំផែនការមុខជំនួញ និងផែនការផលិតកម្ម ដែលធ្វើយ៉ាងណាឱ្យទៅជាខ្សែច្រវ៉ាក់មួយដែលអាចផ្គត់ផ្គង់ទីផ្សារបានតាមតម្រូវការ និងមាននិរន្តរភាព។ ជាចុងក្រោយ ក្រុមការងារបានផ្តល់ការណែនាំមួយចំនួនដល់សហគមន៍លើការងារអាជីវកម្ម និងការរៀបចំផែនការផលិតកម្ម ដើម្បីឱ្យសហគមន៍កាន់តែរីកចម្រើនបន្តទៀត។

Leave a Reply

Your email address will not be published.