ជួបប្រជុំជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិករបស់សហគមន៍កសិកម្មចន្លាស់ដៃជោគជ័យ
កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖
——————————–
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានដឹកនាំដោយ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ប្រចាំខេត្តសៀមរាប ទៅជួបប្រជុំជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិករបស់សហគមន៍កសិកម្មចន្លាស់ដៃជោគជ័យ នៅសាលាឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ដោយមានការចូលរួមពីលោកមេឃុំ តំណាងការិយាល័យអធភិវឌ្ឍសហគមន៍ សរុប ១៥នាក់ (ស្រី ៨នាក់)។
កិច្ចប្រជុំនេះមានគោលបំណង៖
-ប្រគល់វិញ្ញាបនបត្រទទួលស្គាល់សហគមន៍
-ណែនាំពង្រឹងតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំសហគមន៍
-ណែនាំអំពីដំណើរការទូទៅរបស់សហគមន៍
-បញ្ហា និងដំណោះស្រាយ។
បន្ទាប់ពី លោក ប៊ួន ឈិត មេឃុំចន្លាស់ដៃ និងលោកស្រី ម៊ុយ សុភេន អនុប្រធានការិយាល័យអភិវឌ្ឍសហគមន៍កសិកម្ម មានមតិរួចមក លោក ប៉ែន ប៊ុនធឿន បានមានមតិថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យសហគមន៍នេះ លេចចេញជារូបរាងផ្លូវការនាថ្ងៃនេះ ដែលនឹងបំរើផលប្រយោជន៍និងគោលបំណងរួមរបស់សហគមន៍ទៅអនាគត។ លោកអនុប្រធានមន្ទីរ ក៏ណែនាំដល់ថ្នាក់ដឹកនាំសហគមន៍ យកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួន ដូចមានចែងក្នុងច្បាប់ និងលក្ខន្តិកៈរបស់សហគមន៍ឱ្យបានល្អ។ លោកអនុប្រធាន ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងសមាជិកទាំងអស់ត្រូវរៀបចំឱ្យមានកិច្ចប្រជុំប្រចាំខែ ជាទៀតទាត់ ដើម្បីពិភាក្សាគ្នាអំពីមុខរបរដែលបានកំណត់ក្នុងលក្ខន្តិកៈ និងបំពេញសកម្មភាពការងារស្របតាមច្បាប់ស្តីពីការបង្កើតសហគមន៍ និងណែនាំអំពីរបៀបរបរការងារមួយចំនួនដល់ថ្នាក់ដឹកនាំសហគមន៍។ បន្ទាប់មកលោកអនុប្រធានមន្ទីរ បានប្រគល់វិញ្ញាបនបត្រ និងសៀវភៅសហគមន៍កសិកម្មជូនដល់ប្រធានសហគមន៍ អាជ្ញាធរឃុំ និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក។ កិច្ចប្រជុំបានបញ្ចប់ដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។