ការជួបជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិករបស់សហគមន៍កសិកម្មកសិកររីកចម្រើនក្របីរៀល
កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖
——————————–
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានដឹកនាំដោយ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ប្រចាំខេត្តសៀមរាប ទៅជួបជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិករបស់សហគមន៍កសិកម្មកសិកររីកចម្រើនក្របីរៀល នៅសាលាសង្កាត់ក្របីរៀល ដោយមានការចូលរួមពីលោកស្រីចៅសង្កាត់រងទី១ តំណាងការិយាល័យអភិវឌ្ឍ និងសេដ្ឋកិច្ចក្រុង ដែលមានអ្នកចូលរួមសរុប ១៦នាក់ (ស្រី ៩នាក់)។
កិច្ចប្រជុំនេះមានគោលបំណង៖
-ប្រគល់វិញ្ញាបនបត្រទទួលស្គាល់សហគមន៍កសិកម្ម
-ណែនាំពង្រឹងតួនាទីភារកិច្ចរបស់ដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម
-ណែនាំអំពីដំណើរការទូទៅរបស់សហគមន៍
-បញ្ហា និងដំណោះស្រាយ។
បន្ទាប់ពីលោកស្រីចៅសង្កាត់រងទី១ និងតំណាងតំណាងការិយាល័យអភិវឌ្ឍនិងសេដ្ឋកិច្ចក្រុង មានមតិស្វាគមន៍ និងសំណេះសំណាលរួចមក លោកប៉ែន ប៊ុនធឿន បានមានមតិថ្លែងអំណរគុណដល់អ្នក ពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យសហគមន៍នេះ លេចចេញជារូបរាងផ្លូវការនាថ្ងៃនេះ ដែលនឹងបំរើផលប្រយោជន៍ និងមានគោលបំណងរួម ទៅអនាគត។ លោកអនុប្រធានមន្ទីរ ក៍ណែនាំដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម យកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួនដូចមានចែងក្នុងច្បាប់ និងលក្ខន្តិកៈរបស់សហគមន៍ឱ្យបានល្អ។ លោកអនុប្រធាន ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងសមាជិកទាំងអស់ត្រូវរៀបចំឱ្យមានកិច្ចប្រជុំប្រចាំខែជាទៀតទាត់ ពិភាក្សាគ្នាអំពីមុខរបរដែលបានកំណត់ក្នុងលក្ខន្តិកៈ និងបំពេញសកម្មភាពការងារស្របតាមច្បាប់ស្តីពីការបង្កើតសហគមន៍កសិកម្ម និងណែនាំអំពីរបៀបរបរការងារមួយចំនួនដល់ថ្នាក់ដឹកនាំសហគមន៍។ បន្ទាប់មកលោកអនុប្រធានមន្ទីរបាន ប្រគល់វិញ្ញាបនបត្រ និងសៀវភៅសហគមន៍ជូនដល់ប្រធានសហគមន៍ អាជ្ញាធរសង្កាត់ និងជូនដល់ការិយាល័យអភិវឌ្ឍ និងសេដ្ឋកិច្ចក្រុង។ កិច្ចប្រជុំបានបញ្ចប់ដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។