មហាសន្និបាតសហគមន៍កសិកម្មសាម្គីភូមិថ្មីភ្នំខៀវ នៅភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————————–
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានចូលរួមមហាសន្និបាតសហគមន៍កសិកម្មសាម្គីភូមិថ្មីភ្នំខៀវ នៅភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន។
ក្នុងឆ្នាំ២០២៤ នេះ សហគមន៍កសិកម្មមានសមាជិកសរុប ៩២នាក់ (ស្រី ៤៨នាក់)។ សហគមន៍បានកំណត់ជាគោលដៅចងក្រងជាសហគមន៍លើផលិតកម្មមៀនប៉ៃលិន និងពោតក្រហម ដែលមានការគាំទ្រពីកម្មវិធី ASPIRE-AT។
កម្មវិធីនេះមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ ស្រុក តំណាងមន្ទីរកសិកម្ម អ្នកសម្របសម្រួលកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត តំណាងអង្គការព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ (BFD) ថ្នាក់ដឹកនាំសហគមន៍កសិកម្ម និងសមាជិក សរុបចំនួន ៧៨នាក់ (ស្រី ៣៦នាក់)។
កម្មវិធីបានចាប់ផ្តើមជាមួយនឹងមតិស្វាគមន៍បើកកម្មវិធី និងចំណាប់អារម្មណ៍ដោយ លោក ឡុង សួរ ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ បន្តបន្ទាប់ដោយផ្នែកហិរញ្ញវត្ថុ បានធ្វើរបាយការណ៍សង្ខេបអំពីទុនចំណូលចំណាយរបស់សហគមន៍
គណៈកម្មការត្រួតពិនិត្យ បានរាយការណ៍អំពីភាពងាយស្រួល និងការលំបាករបស់សហគមន៍ របាយការណ៍ត្រួតពិនិត្យ ការរៀបចំឯកសារហិរញ្ញវត្ថុ ព្រមទាំងមានសំនួរ-ចំលើយ របស់សមាជិកសហគមន៍ចូលលរួមជុំវិញលើដំណើរការសហគមន៍ ការវិនិយោគទុន និងមុខរបររកស៊ីរបស់សហគមន៍ ដែលទាក់ទិនសំខាន់លើកិច្ចការឥណទានសហគមន៍ និងលក់ធាតុចូលកសិកម្ម។
ពេលនេះសហគមន៍កសិកម្ម មានទុនសរុបចំនួន ៥១៧ ៥៧៩ ១៩០រៀល និងមានភាគហ៊ុនសរុបចំនួន ១ ០៦៤ហ៊ុន។
បច្ចុប្បន្នសហគមន៍នៅមានសមាជិកដែលខ្ចីប្រាក់មិនទាន់សងទាំងដើម-ទាំងការប្រមាណ ១៩៥លានរៀល។ ឆ្នាំនេះ សហគមន៍ទទួលបានប្រាក់ចំនេញ ១៥លានរៀល ពីមុខរបរផ្តល់ប្រាក់កម្ចី និងលក់ធាតុចូលកសិកម្ម។ កម្មវិធីបន្ទាប់ជាការចូលរួមមតិយោបល់ និងអនុសាសន៍របស់ភ្នាក់ងារគាំទ្រដែលមានតំណាងមន្ទីរកសិកម្ម អាជ្ញាធរស្រុក កម្មវិធី BFD និងកម្មវិធី ASPIRE-AT ផងដែរ។
លោក ចក់ ឬទ្ធី អភិបាលរងក្រុងប៉ៃលិនបានវាយតំលៃខ្ពស់ និងកោតសរសើរដល់ថ្នាក់ដឹកនាំសហគមន៍ ចំពោះការគ្រប់គ្រងថវិការសហគមន៍បានល្អ ហើយលោកបានលើកទឹកចិត្តអោយថ្នាក់ដឹកនាំ យកប្រើប្រាស់ថវិកាដែលនៅសល់ ទៅវិនិយោគដើម្បីបង្កើនចំណូលក៍ដូចជាប្រាក់ចំណេញសម្រាប់សហគមន៍។
លោក កែវ ចាន់តារា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្មខេត្ត បានសំដែងនូវការសាទរចំពោះដំណើរការ និងនិរន្តភាពរបស់សហគមន៍។ លោកបានបង្ហាញជូនសហគមន៍ផងដែរនូវគោលនយោបាយក្រសួងកសិកម្មស្តីពីសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប ព្រមទាំងការគាំទ្ររបស់កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន។