ក្រុមការងារទទួលបន្ទុកកម្មវិធី ASPIRE បានត្រួតពិនិត្យទំនប់ទឹករនេស ទំនប់ពងទឹក ប្រឡាយទឹក និងការលូតលាស់ដំណាំស្រូវវស្សារបស់សមាជិកបណ្តុំអាជីវកម្មដំណាំស្រូវ | ខេត្តកែប
កម្មវិធី ASPIRE ខេត្តកែប៖
=================
ថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២
លោក ថឹងបូរិនប្រធានមន្ទីរកសិកម្ម អមដំណើរជាមួយលោក ឃី នាង ប្រធានមន្ទីរធនធានទឹក និង ឧតុនិយម ព្រមទាំងលោក ប៉ា គឹមអាង អនុប្រធានមន្ទីរកសិកម្ម និងទីប្រឹក្សាកម្មវិធី ASPIRE បានចុះត្រួតពិនិត្យទំនប់រនេស ទំនប់ពងទឹក ប្រឡាយទឹក និង ការលូតលាស់ដំណាំស្រូវវស្សា ព្រមទាំងពិភាក្សាលទ្ធភាពសហការរវាងមន្ទីរទាំងពីរ ។
ឆ្លងតាមកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំមន្ទីរ ទាំងពីរ តាមរយៈអាងស្តុកទឹកនៅទំនប់ធំៗ អាចស្រោចស្រពដំណាំស្រូវបាន៣៦៥០ ហិចតា ហើយពុំទាន់មានទឹកជំនន់ធ្វើអោយប៉ះពាល់ដំណាំស្រូវបងប្អូនប្រជាពលរដ្ឋទេ។
អនុសាសន៍របស់លោកប្រធានមន្ទីរសម្រាប់កែលម្អនាពេលបច្ចុប្ប្នន្ន និងសម្រាប់ថ្ងៃមុខ៖
១). ណែនាំបច្ចេកទេសថែទាំដំណាំស្រូវ ដូចជាការប្រើប្រាស់ជីបំប៉ន អាសូត ថ្នាំកសិកម្ម និងការគ្រប់គ្រងកត្តាចង្រៃ ឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។
២). បង្កើតគំនិតជីកប្រឡាយជើងក្អែប ដើម្បីមានលទ្ធភាពប្រើប្រាស់ទឹក បានគ្រប់គ្រាន់ និង បង្កើនផលិតភាពកសិកម្ម
៣). ទំនប់ធំៗចំនួន៣កន្លែង ពិចារណាអភិរក្សត្រី ហើយផ្តល់ឱកាសរៀបចំកសិទេសចរ បែបធម្មជាតិ ។
៤). គណកម្មការគ្រប់គ្រងទឹក ចាត់ចែងប្រើប្រាស់ទឹក ដល់ដំណាំស្រូវ ឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា ជាពិសេសរដូវប្រាំង។
៥). បន្តជីក នឹង ស្តារទំនប់ ដែលមានលទ្ធភាពស្តុកទឹកបានច្រើន ហើយអាចចែកចាយទឹកកសិកម្ម ប្រើប្រាស់ក្នុងតម្លៃទាប អាចពង្រីកវិសាលភាពផ្ទៃដីដាំដុះដំណាំរួមផ្សំ និង ដំណាំឧស្សាហ៍កម្ម។
កិច្ចសហការរវាងមន្ទីរកសិកម្ម និង ធនធានទឹក ឩតុនិយម ពិតជាដៃគូរយុទ្ធសាស្ត្រ រួមចំណែកដោះស្រាយខ្សែសង្វាក់តម្លៃ ជាពិសេសលើបញ្ហាខ្វះទឹកប្រើប្រាស់ក្នុងរដូវប្រាំង ព្រមទាំង គ្រប់គ្រង និង ចាត់ចែងទឹក ឱ្យបានត្រឹមត្រូវ តាមតម្រូវទឹកដំណាំនីមួយៗ តាមភូមិសាស្ត្រសេដ្ឋកិច្ច ប្រកបមុខរបរកសិកម្មជាចម្បង ទាំងរដូវប្រាំង និងវស្សា។ ពិតជារួមចំណែកពង្រីកផលិតកម្ម កសិកម្ម តាមរយៈប្រើប្រាស់ដីកសិកម្ម ឱ្យអស់លទ្ធភាព ហើយមានផលិតភាពខ្ពស់ High productive land. ។