ដោយមានការសិក្សាស្វែងយល់ ណែនាំតារយៈសហគមន៍តាសីខេត្តបាត់ដំបងដែលគាំទ្រពីកម្មវិធី ASPIRE អំពីបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងសហការមន្ទីរកសិកម្មខេត្តប៉ៃលិន បានជំរុញឱ្យកសិករ អឿប ប៊ុនសុង សាងសង់ផ្ទះសំណាញ់បន្ថែមចំនួន ៤ខ្នងទៀត | ខេត្តប៉ៃលិន
កម្មវិធី ASPIRE ខេត្តប៉ៃលិន៖
===================
នៅថ្ងៃពុធ ៤ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារអនុកម្មវិធីទី១ បានចុះពិនិត្យ តាមដាន និងពិគ្រោះយោបល់ជាមួយសមាជិកបណ្តុំអាជីវកម្ម ដាំដុះបន្លែក្នុងផ្ទះសំណាញ់ ឈ្មោះ អឿប ប៊ុនសុង ស្ថិតនៅភូមិអូរចិតប្រាំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ កសិកររូបនេះជាសមាជិកបណ្តុំអាជីវកម្មស្វាយកែវរមៀតភូមិអូរទឹកភ្លាវ ដោយមានការសិក្សាស្វែងយល់ និងការណែនាំ តាមរយៈសហគមន៍តាសីខេត្តបាត់ដំបងដែលគាំទ្រដោយកម្មវិធី ASPIRE និងសហការជាមួយមន្ទីរកសិកម្មខេត្តប៉ៃលិន គាត់បានវិនិយោគថវិកាផ្ទាល់ខ្លួនសាងសង់ផ្ទះសំណាញ់ចំនួន ០៤ខ្នង ក្នុងកំឡុងខែឧសភា ឆ្នាំ២០២២ ដោយប្រើប្រាស់ប្រព័ន្ធស្រោចស្រព លើផ្ទៃដីជាង ២ហិកតា នៃផ្ទៃដីសរុបជាង១០ហិកតា (មានដំណាំ ស្វាយ មៀន ពោត ដំឡូង…)។
បច្ចុប្បន្ន ចម្ការបន្លែគាត់ កំពុងដាំដុះ និងប្រមូលផលជាបន្តរបន្ទាប់ រួមមាន៖
១). ដំណាំក្នុងផ្ទះសំណាញ់មាន៖ ដំណាំស្ពៃក្តោប មានអាយុកាលជាង២ខែ ចំនួន១ផ្ទះសំណាញ់ (ទំហ៊ុ ១០ម x ៥០ម), ដំណាំម្ទេសហាវ៉ៃ មានអាយុកាលជាង២ខែ ចំនួន២ផ្ទះសំណាញ់។
២). ដំណាំក្រៅផ្ទះសំណាញ់មាន៖ ដំណាំត្រប់វែង មានអាយុកាលជាង២ខែ កំពុងប្រមូលផលជាបណ្តើរៗ ដាំលើផ្ទៃដីប្រមាណ០.៥ហិកតា ដោយប្រើប្រាស់បច្ចេកទេសដាំដុះកសិកម្មថ្មីធន់នឹងការប្រែប្រួលអាកាសធាតុ។ ដំណាំម្ទេសដៃនាង មានអាយុកាលជាង១ខែ លើផ្ទៃដី ០.៥ហិកតា, ដំណាំស្ពៃ និងឆៃថាវ លើផ្ទៃដីជាង០.៥ ហិកតា មានអាយុកាលជាង១សប្តាហ៍។
*អំពីទីផ្សារ៖ ការដាំដុះ និងទីផ្សារគឺស្របតាមកិច្ចសន្យា ដោយមានការទំនាក់ទំង់កិច្ចព្រមព្រៀងជាមួយសហគមន៍តាសី និងសហភាពបន្លែសុវត្ថិភាពកម្ពុជា។
*សេចក្តីសន្និដ្ឋាន និងសំនូមពរ៖
- ជាកសិករមានសក្កានុពល ក្នុងការជំរុញផលិតកម្មដំណាំបន្លែ ដោយបានចែករំលែកការផ្សព្វផ្សាយដល់សមាជិកក្នុង និងក្រៅបណ្តុំអាជីវកម្មស្វាយអូរទឹកភ្លាវ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមពីដំណាំបន្លែ។
- បានស្រូបទាញកម្លាំងពលកម្មក្នុងតំបន់ប្រមាណជាង១០នាក់ក្នុង១ថ្ងៃ ក្នុងការកាត់បន្ថយចំណាកស្រុក ដើម្បីទទួលបានប្រាក់ចំណូល (ធ្វើការងារក្នុងចម្ការ) ។
- មានការស្វែងយល់ និងសិក្សាស្រាវជ្រាវ ដោយទទួលយកនូវគំនិតថ្មីៗក្នុងវិស័យកសិកម្មដើម្បីធ្វើការអភិវឌ្ឍន៍។
*ការសំនូមពរ៖
១).សំនូមពរដល់អជ្ញាធរពាក់ព័ន្ធ ពិសេសក្រុមហ៊ុនអគ្គិសនី ជួយសម្រួលឬបញ្ចុះតម្លៃភ្លើង ដោយមានការចំណាយថ្លៃភ្លើងខ្ពស់ក្នុងចម្ការ ដែលបានបំពាក់ប្រព័ន្ធស្រោចស្រពកសិកម្ម ដោយប្រើប្រាស់បណ្តាញអគ្គិសនីរដ្ឋទាំងស្រុង។
២).សូមមន្ទីរកសិកម្មខេត្ត (ASPIRE) និងគម្រោងកម្មវិធីនានាបន្តជួយគាំទ្របន្ថែមនូវដើមទុនវិនិយោគ និងបច្ចេកទេសកសិកម្មថ្មីធន់នឹងការប្រែប្រួលអាកាសធាតុ (ក្រុមការងារបានប្រគល់ជូននូវសៀវភៅផ្សព្វផ្សាយបច្ចេកទេសដាំដុះដំណាំបន្លែសំខាន់ៗ មួយចំនួន និងបានប្រឹក្សាយោបល់អំពីបច្ចេកទេសកសិកម្មផងដែរ)។