Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វឌ្ឍនភាព និងសកម្មភាពគាំទ្រដល់គណៈកម្មការគ្រប់គ្រងមណ្ឌលប្រមូលផ្ដុំកសិផលមាន់ និងអ្នកពាក់ព័ន្ធ នៅភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ | ខេត្តរតនគិរី

វឌ្ឍនភាព និងសកម្មភាពគាំទ្រដល់គណៈកម្មការគ្រប់គ្រងមណ្ឌលប្រមូលផ្ដុំកសិផលមាន់ និងអ្នកពាក់ព័ន្ធ នៅភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ | ខេត្តរតនគិរី

 

កម្មវិធី ASPIRE ខេត្តរតនគិរី៖

====================

 

ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ក្រុមការងារកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដឹកនាំដោយលោក ចក់ ស៊ីគៀង មន្រ្តីបង្គោលទីផ្សារ ដែលចូលរួមដោយមន្រ្តីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល មន្រ្តីបង្គោលតាមដាន និងវាយតម្លៃ និងទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី បានសហការជាមួយលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងគាំទ្រដល់គណៈកម្មការគ្រប់គ្រងមណ្ឌលប្រមូលផ្ដុំកសិផលមាន់ និងអ្នកពាក់ព័ន្ធ នៅភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ដែលមានអ្នកចូលរួមសរុបចំនួន ១១នាក់ (ស្រ្តី០៣នាក់)។

ក្រុមការងារបានបង្ហាញអំពីគោលបំណងនៃកិច្ចប្រជុំ ពិភាក្សាអំពីការចិញ្ចឹមមាន់ របស់សមាជិកបណ្ដុំអាជីវកម្ម បញ្ហាប្រឈម និងការងារទីផ្សារ។ គណៈកម្មការគ្រប់គ្រងបានបញ្ជាក់ថា បច្ចុប្បន្ននេះ ដោយសារបញ្ហាភ្លៀងខ្លាំង អាកាសធាតុមិនអំណោយផល មាន់ឈឺ និងមានការងាប់ខ្លះដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏សមាជិកបណ្ដុំអាជីវកម្ម អាចលក់មាន់បានជិត ១០០គីឡូក្រាមដែរ ក្នុងមួយខែ ដោយតម្លៃលក់បោះដុំបាន ១៨,០០០រៀល/គីឡូក្រាម និងលក់រាយ ២០,០០០រៀល/គីឡូក្រាម

មន្រ្តីជំនាញបានផ្ដល់យោបល់លើការងារចិញ្ចឹម និងថែទាំមាន់ ដូចជា ការជ្រើសរើសពូជ ការរៀបចំទ្រុង ការផ្ដល់វ៉ាក់សាំង ចំណី និងទឹកជាដើម ដើម្បីកាត់បន្ថយជំងឺនានា ដែលបានកើតឡើង។

ជាចុងក្រោយ ក្រុមការងារថ្នាក់ខេត្តបានពិភាក្សា និងផ្ដល់យោបល់ដល់គណៈកម្មការអំពីការដឹកនាំ និងគ្រប់គ្រងអគារប្រមូលផ្ដុំកសិកផល ធ្វើយ៉ាងណាឱ្យមានដំណើរការល្អ និងស្របតាមគោលការណ៍ណែនាំ របស់លេខាធិការដ្ឋានកម្មវិធី ASPIRE ។

 

 

 

Leave a Reply

Your email address will not be published.