វឌ្ឍនភាព សមាជិកសហគមន៍កសិកម្មបន្លែសុវត្ថិភាពព្រែកអុងប៉ាង និងសមាជិកបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពឃុំទឹកវិល | ខេត្តកណ្តាល
កម្មវិធី ASPIRE ខេត្តកណ្តាល៖
នាថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២២ លោក ប៊ុនទួន ស៊ីមូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុកម្មវិធី ASPIRE ប្រចាំខេត្តកណ្ដាល រួមនឹង លោក ហ៊ សុផល អនុប្រធានអនុកម្មវិធី ASPIRE និងក្រុមការងារ បានចុះទៅភូមិព្រែកពោធិ៍, ភូមិថ្នល់បំបែក, ភូមិព្រែកអុងប៉ាង ក្នុងឃុំទឹកវិល ស្រុកស្អាង ដើម្បីពិនិត្យស្ថានភាពបង្កបង្កើនផល របស់បងប្អូនជាសមាជិកសហគមន៍កសិកម្មបន្លែសុវត្ថិភាពព្រែកអុងប៉ាង និងសមាជិកបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពឃុំទឹកវិល ដែលបានគាំទ្រ និងបង្កើតដោយកម្មវិធី ASPIRE ក្នុងឆ្នាំ២០២០ និង២០២១ កន្លងមក។
និងដើម្បីត្រៀមរៀបចំការជួបជុំរវាងថ្នាក់ដឹកនាំខេត្តដែលដឹកនាំដោយអភិបាលខេត្ត ចុះសួរសុខទុក្ខ និងពិនិត្យមើលដំណើរការផលិតកម្មបន្លែសុវត្ថិភាពក្នុងឃុំទឹកវិលនេះ ផងដែរ ជាមួយមួយគ្នានេះ លោកប្រធាន និងក្រុមការងារបានជួបពិភាក្សា និងសាកសួរអំពីបញ្ហានានាដែលកសិករ ជួបប្រទះពិសេសទីផ្សារកសិផល ។ ជារួម ការផលិតបានទទួលផលច្រើន មានទីផ្សារល្អ ស្របពេលដែលទីផ្សារមានតម្រូវការបន្លែខ្ពស់ នារដូវវស្សានេះ។
ជាលទ្ធផល ក្រុមការងារនៅតែបន្តគាំទ្រសមាជិកកសិករបណ្តុំអាជីវកម្ម ទាំងបច្ចេកទេសថ្មីៗ ជួយដោះស្រាយបញ្ហាផ្សេងៗ សម្រាប់ឱ្យផលិតផលរបស់កសិករ មានតម្លៃល្អលើទីផ្សារ។