ការចុះទិញមាន់ស្រែរបស់អ្នកប្រមូលទិញពីសមាជិកបណ្តុំមាន់ កោះសោម ឃុំអង្គោល ស្រុកដំណាក់ចង្អើរ | ខេត្តកែប
កម្មវិធី ASPIRE ខេត្តកែប៖
ការចុះទិញមាន់ស្រែរបស់អ្នកប្រមូលទិញពីសមាជិកបណ្តុំមាន់ កោះសោម ឃុំអង្គោល ស្រុកដំណាក់ចង្អើរ តាមកិច្ចសន្យាលក់មាន់ស្រែ ជាមួយសមាជិកបណ្តុំមាន់ស្រែ កោះសោម និងអ្នកប្រមូលទិញ អាងសុផា ក្នុងតម្លៃឯកភាព ១៨,០០០រៀល ក្នុង ១គីឡូក្រាម។
ភ្នាក់ងារផ្សព្វផ្សាយឃុំអង្គោល សហការជាមួយអ្នកប្រមូលទិញមាន់សាច់ បានចុះដល់ផ្ទះកសិករឈ្មោះ ង៉ែត មា នៅភូមិកោះសោម ឃុំអង្គោល ស្រុកដំណាក់ចង្អើរ។ សមាជិកបណ្តុំ តែមួយគ្រួសារ បានលកមាន់ចំនួន ៥៥ក្បាល ស្មើនឹង ៨៨គីឡូក្រាម សរុបទឹកប្រាក់ លក់បានចំនួន១,៥៨៤,០០០រៀល ។
ក្រោយពីចូលកម្មវិធីASPIRE គាត់មានខំប្រឹងប្រែងខ្លាំង អនុវត្តតាមបច្ចេកទេសថ្មី ដូចជាកែលម្អទ្រុងមាន់ ផលិតចំណីខ្លួនឯង ធ្វើវ៉ាកសាំង វិធានការការពារជំងឺ និងបច្ចុប្បន្នកសិកររូបនេះ មានមាន់ចំនួន ៣០០ក្បាល មាន់ទាំងអស់ទទួលបានការចាក់វ៉ាកសាំងគ្រប់ដូស និងទាន់ពេលវេលាដើម្បីការពារជំងឺ។ បន្ថែមពីនេះគាត់ផ្សំចំណីខ្លួនឯង ធ្វើពី ដើមចេក ត្រកួន អង្ករស្ររូប និងកន្ទក់ ដោយប្រើម៉ាស៊ីនវាយអោយម៉ត់ងាយស្រួលមាន់ស៊ី ចំណែកមាន់តូចៗ អោយស៊ីចំណីផ្សារ។
ជាលទ្ធផល មាន់មានសុខភាពល្អ មានទម្ងន់ក្នុង១ក្បាលជាមធ្យម ១.៦ គីឡូក្រាម ហើយអាចរកប្រាក់ចំណេញខ្ពស់។ ទឹកប្រាក់កសិករទទួលបានពីការលក់មាន់ គាត់ប្រើប្រាស់ទិញចំណីផ្សារសម្រាប់កូនមាន់ ស្នូកទឹក ស្នូកចំណី ព្រមទាំងផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងចំណាយលើការសិក្សាររបស់កូនជាដើម។