ក្រុមការងារបានចុះពិនិត្យ អគារប្រមូលផ្តុំកសិផល និងគាំទ្រសមាជិកបណ្តុំអាជីវកម្មបន្លែ នៅឃុំអមលាំង ស្រុកថ្ពង | ខេត្តកំពង់ស្ពឺ
កម្មវិធី ASPIRE ស្រុកថ្ពង ខេត្តកំពង់ស្ពឺ៖
នាថ្ងៃទី១៨-១៩ ខែកក្កដា ឆ្នាំ២០២២ លោក ដុក សារ៉េន និងលោក ស៊ឺន សិលា ភ្នាក់ងារផ្សព្វផ្សាយឃុំ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំឃុំអមលំាង និងឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានចុះពិនិត្យ អគារប្រមូលផ្តុំកសិផល និងគាំទ្រសមាជិកបណ្តុំអាជីវកម្មបន្លែ នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
តាមរយៈការចុះជួបពិនិត្យតាមគ្រួសារជាសមាជិកបណ្តុំអាជីវកម្មបន្លែ និងតំណាងអគារប្រមូលផ្តុំកសិផលប្រចាំឃុំអមលាំង ៖
- សមាជិកបណ្តុំអាជីវកម្មបន្លែនៅក្នុងឃុំអមលាំង បាននឹងកំពុងដាំដុះបន្លែសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់ ស្របតាមការបញ្ជាទិញរបស់តំណាងអគារប្រមូលផ្តុំកសិផលប្រចាំ នៅក្នុងឃុំអមលាំង និងអ្នកទទួលទិញមកពីផ្សារឧដុង្គ ផ្សារកន្ទួត និងផ្សារកំពង់ស្ពឺ រួមមានប្រភេទបន្លែ ស្ពៃខ្មៅ ស្ពៃក្រញ៉ាញ់ ខាត់ណាដើម សាលាដ សណ្តែកកួរ ត្រសក់ ត្រប់វែង ត្រប់ស្រួយ និងផ្សឹតអំបោះ ។
- លោកស្រី ទឹម សំណូល ប្រធានបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព និងជាតំណាងទីតាំងអគារប្រមូលផ្តុំកសិផលនៅក្នុងឃុំអមលាំង បានធ្វើការប្រមូលទិញកសិផល ពីសមាជិកបណ្តុំអាជីវកម្មបន្លែក្នុងឃុំ និងទិញពីបណ្តុំអាជីវកម្មបន្លែនៅឃុំប្រាំបីមុម ស្រុកថ្ពង ទូរស័ព្ទ ០៩៦៧ ៣០៣ ៨៦២ ។
- ផលិតផលបន្លែចម្រុះជាមធ្យម ៦ តោន/ខែ ត្រូវបានលក់ចេញទៅកាន់ទីផ្សារសំខាន់ៗ ក្រុមហ៊ុន និងលក់នៅក្នុងមូលដ្ឋាន ដោយមានការដឹកនាំ និងសម្របសម្រួលពីគណៈកម្មាការអគារប្រមូលផ្តុំកសិផលប្រចាំឃុំ ។
-ទីផ្សារ សហគមន៍ និង ក្រុមហ៊ុនរួមមាន ៖
(១)-លក់ផ្ទាល់នៅអគារប្រមូលផ្តុំកសិផលប្រចាំនៅក្នុងឃុំអមលាំង
(២)-ក្រុមហ៊ុនអាហ្រ្គីអន (ខេមបូឌា) ឯ.ក តំណាងដោយលោក លី ម៉េង ទូរស័ព្ទ 077 678 269
(៣)- សហគមន៍កសិកម្មបន្លែចម្រុះជាយក្រុងកំពង់ស្ពឺ តំណាងដោយលោកស្រី យូ លន់ ទូរស័ព្ទ 0965 467 398
(៤)- ផ្សារសហគមន៍កសិកម្មអមតៈកំពង់ស្ពឺ តំណាងដោយលោកស្រី សុធា ផល្លា ទូរស័ព្ទ 016 522 528
(៥)- អ្នកទទួលទិញបន្លែនៅក្រុងភ្នំពេញ លោកស្រី ជា សុភាព ទូរស័ព្ទ 077 217 223 និង
(៦)- សហការណ៍ផ្សព្វផ្សាយលក់តាមរយៈគេហទំព័ររបស់ក្រុមហ៊ុនកូកូប៉ុន (kokopon.com) ។
គួរបញ្ជាក់ផងដែរថា ៖
-សមាជិកបណ្តុំអាជីវកម្មបន្លែឃុំអមលាំង ត្រូវបានចងក្រងឡើងកាលពីដើមឆ្នាំ២០២១ តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដែលមានសមាជិកដាំដុះបន្លែចំនួន ៣០ គ្រួសារ ( ស្រ្តី ១៦ គ្រួសារ ) និងទទួលបានការគាំទ្រពីកម្មវិធី នូវផ្ទះសំណាញ់ផ្លាស្ទិចចំនួន ០១ ខ្នង អគារប្រមូលផ្តុំកសិផល ចំនួន ០១ ខ្នង។ សមាជិកបណ្តុំអាជីវកម្មបន្លែទទួលបាននូវវគ្គបណ្តុះបណ្តាលបច្ចេកទេសដាំដុះបន្លែសុវត្ថិភាព ទុនសហវិនិយោគ ពង្រឹងសមត្ថភាពដឹកនាំក្រុម និងវិញ្ញាបនបត្រនៃការអនុវត្តកសិកម្មល្អ (GAP) និងការផ្សារភ្ជាប់ផលិតផលទៅទីផ្សារ ។
-ក្រៅពីដាំដុះបន្លែសុវត្ថិភាព សមាជិកបណ្តុំអាជីវកម្មក៏បានចិញ្ចឹមមាន់សាច់ផងដែរ សម្រាប់លក់ជូនតាមការបញ្ជាទិញជាប្រចាំ ពីតំណាងអគារប្រមូលផ្តុំកសិផលនៅក្នុងឃុំ ដែលជាមធ្យមលក់បានចំនួន ២០០ ក្បាល/ខែ ( ឬ ២៤០ គ.ក្រ/ខែ លក់ក្នុងតម្លៃ ១៧,០០០៛ – ១៨,០០០៛/គក្រ សម្រាប់មាន់រស់មានទំងន់ពី ០២ គ.ក្រ មក ០១ គ.ក្រ/ក្បាល និង តម្លៃពី ២២,០០០៛ – ២៣,០០០ ៛/គ.ក្រ សម្រាប់មាន់បោចរួច ) ។