កម្មវិធី ASPIRE ខេត្តកែប៖
អនុវត្តជំនាញបំណិនជីវិតនៅសាលារៀន
នាថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២ ដោយយល់ឃើញថា បណ្តុំអាជីវកម្មបន្លែកម្មវិធី ASPIRE មានភាពរីកចម្រើន មានតម្រូវការខ្ពស់ ទើបអ្នកគ្រូ ទុយ ចន្នា អ្នកគ្រប់គ្រងមណ្ឌលសិក្សាសំរាប់កុមារជនបទរបស់ អង្គការ (SCO) មានគំនិតផ្តួចផ្តើមបង្កើតសួនបន្លែបៃតង តាមរយៈគៀងគរថវិការសម្រាប់ចាក់ដី និង រៀបឥដ្ឋ ធ្វើរង ចំណែកការិយាល័យ ក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម របស់មន្ទីរកសិកម្ម បានចែកពូជបន្លែ(KS seed) ៤ កញ្ចប់ មានដូចជា ត្រសក់ សាលាដ ខាត់ណាដើម និង ឆៃថាវ ដែលនឹងដាំក្នុងខែកក្កដា ២០២២ ឆាប់ៗនេះ។
មណ្ឌលសិក្សាសំរាប់កុមារជនបទ មានសិស្សានុសិស្សចំនួន ៩៦នាក់ (៤៥ស្រី) ធ្លាប់បានដាំដុះបន្លែ ត្រសក់ ស្ពៃក្រញាញ់ សាលាដ និង ខាត់ណាដើម តាំងពីខែធ្នូ ឆ្នាំ២០២១ រហូតមកទល់បច្ចុប្បន្ន ។ ជាលទ្ធផលបានប្រមូលផលបន្លែ ៣ដង ក្នុង ១ដងបាន៤០គីឡូក្រាម ហើយចែកសិស្សម្មាក់ៗបាន១គីឡូ តាមវេននៃវគ្គប្រមូលផល។ សល់តិចតួច លក់បន្លែនៅផ្សារចុងសប្តាហ៍ ដើម្បីទុកជាប្រាក់ សន្សំ ប្រើប្រាស់ទិញដីចាក់ និងពូជបន្លែបន្ថែម។
ការអនុវត្តជំនាញបំណិនជីវិត ដើម្បីអោយសិស្សានុសិស្ស ធ្វើពលកម្ម ចូលចិត្តការងារកសិកម្ម ទម្លាប់ហូបបន្លែ ជាពិសេសបង្កើនអាហារូបត្ថម្ភគ្រប់គ្រាន់ ដើម្បីអោយសិស្សានុសិស្ស មានសុខភាពល្អ និង រស់នៅបរិស្ថានបៃតង។




