ក្រុមការងារបេសកកម្ម IFAD និង ASPIRE បានចុះសិក្សាស្វែងយល់ វាយតម្លៃ ផលប៉ះពាល់ដោយសារកត្តាបរិស្ថាន សង្គម និងការប្រែប្រួលអាកាសធាតុ លើក្រុមកសិករងាយរងគ្រោះ និងកសិករដែលជាជនជាតិដើមភាគតិច ខេត្តកំពង់ស្ពឺ
កម្មវិធី ASPIRE ខេត្តកំពង់ស្ពឺ៖
កម្មវិធី ASPIRE ខេត្តកំពង់ស្ពឺ នាថ្ងៃទី១១ – ១២ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ដឹកនាំដោយ លោក ស៊ុន បូរេត (International Team Leader) លេខាធិការដ្ឋានកម្មវិធី ASPIRE និងក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តកំពង់ស្ពឺ ក្នុងគោលបំណងសិក្សាស្វែងយល់ និងវាយតម្លៃអំពីហានិភ័យ និងផលប៉ះពាល់ដោយសារកត្តាបរិស្ថាន សង្គម និងការប្រែប្រួលអាកាសធាតុ លើក្រុមកសិករងាយរងគ្រោះ និងក្រុមកសិករដែលជាជនជាតិដើមភាគតិច ដើម្បីធ្វើជាទិន្នន័យក្នុងការរៀបចំកម្មវិធី ASPIRE-AT ។
ក្នុងពិធីទទួលស្វាគមន៍ និងរួមដំណើរប្រតិភូបេសកកម្មនេះ លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីក្រោមឱវាទ ដែលទទួលបន្ទុកតាមផ្នែក ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ ។
ដើម្បីអោយការសិក្សាស្វែងយល់ និងវាយតម្លៃនេះទទួលបានលទ្ធផលល្អ ប្រតិភូបេសកកម្មបានជួបប្រជុំពិភាក្សាជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរបរិស្ថាន អង្គការជីវិតថ្លៃថ្នូរ (LWD) កសិករសមាជិកបណ្តុំអាជីវកម្មស្វាយកែវរមៀត នៅភូមិដើមផ្តៀក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច និងតំណាងកសិករជនជាតិដើមភាគតិច ភូមិកោរដូនតី ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។