វឌ្ឍនភាពនៃការដាំដុះដំណាំបន្លែរបស់កសិករសមាជិកបណ្តុំអាជីវកម្មបន្លែ ខេត្តពោធិ៍សាត់
កម្មវិធី ASPIRE ខេត្តពោធិ៍សាត់៖
ក្នុងសប្តាហ៍នេះ ក្រុមការងារមន្ទីរកសិកម្មខេត្តអនុវត្តកម្មវិធី ASPIRE បានសហការជាមួយមន្រ្តីអនុវត្តកម្មវិធីថ្នាក់ស្រុក មានលោកដួង ផាន្នី ជាប្រធានការិយាល័យកសិកម្មស្រុកភ្នំក្រវាញ និងភ្នាក់ងារផ្សព្វផ្សាយឃុំបាក់ចិញ្ចៀន ដឹកនាំសម្របស្រួលការចុះត្រួតពិនិត្យការផលិតកម្មបន្លែសុវត្ថិភាពរបស់ លោកអភិបាល ស្រុកភ្នំក្រវាញនិងសហការី បានចុះពិនិត្យមើលពីវឌ្ឍនភាពនៃការដាំដុះដំណាំបន្លែតាមបណ្តុំអាជីវកម្ម ចំនួន៣ភូមិ មានភូមិក្របៅជ្រុំ ភូមិបាក់ចិញ្ចៀន និងភូមិអូរឬស្សី ថិតក្នុងឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ។ ក្នុងដំណើរចុះពិនិត្យនេះលោកអភិបាលស្រុក មានការចាប់អារម្មណ៍ខ្ពស់លើការយកចិត្តទុកដាក់របស់មន្ទីរកសិកម្ម ជាពិសេសក្រុមការងារអនុវត្តកម្មវិធីដែលបានផ្តល់ការគាំទ្រទាំងបច្ចេកទេស បច្ចេកវិទ្យាក្នុងការផលិតបន្លែក្នុងផ្ទះសំណាញ់បានគ្រប់រដូវកាល តាមតម្រូវការទីផ្សារ។
លោក ង៉ែត សុន សមាជិកបណ្តុំអាជីវកម្ម និងជាអ្នកដាំបន្លែក្នុងផ្ទះសំណាញ់ បានលើកឡើងថាពីការផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់មានភាពងាយស្រួល ដែលអាចដាំដុះបានពេញរដូវកាល មិនមានប្រើប្រាស់សារធាតុគីមីពុលដែលនាំឱ្យខូចសុខភាពអ្នកប្រើប្រាស់ឡើយ រីឯការនិយមចូលចិត្តបន្លែដែលដាំដុះក្នុងផ្ទះសំណាញ់មានការកើនឡើង និងចាប់អារម្មណ៍ពីអ្នកបរិភោគក្នុងស្រុក។ ក្នុងផ្ទះសំណាញ់នេះមានទំហំ១០x៣៦ (៣៦០ម៉ែត្រក្រឡា) ដែលអាចផលិតបន្លែបានចំនួន ៧-៩រងបន្លែតាមប្រភេទបន្លែ។
យោងតាមទិន្នន័យផលិតកម្មក្នុងកំឡុងខែមិថុនា បានឱ្យដឹងថាបណ្តុំអាជីវកម្មនេះបានផលិតបន្លែលើផ្ទៃដីចំនួន ១៦,៧២០ម៉ែត្រការ៉េ ផលិតផលបន្លែចម្រុះបាន ២១,៩៨៥គ.ក ដែលលក់បានចំណូលសរុប ៦៥លានរៀលពីការដាំបន្លែចម្រុះលក់មកទីផ្សារក្នុងតំបន់។