Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ដំណើរទស្សនកិច្ចទីវាល របស់ក្រុមការងារបេសកកម្ម IFAD នៅមជ្ឈមណ្ឌលសេវាកម្មកសិកម្មអភិរក្ស (CASC) បុសខ្នុរ ក្នុងស្រុកចម្ការលើ ខេត្តកំពង់ចាម

ដំណើរទស្សនកិច្ចទីវាល របស់ក្រុមការងារបេសកកម្ម IFAD នៅមជ្ឈមណ្ឌលសេវាកម្មកសិកម្មអភិរក្ស (CASC) បុសខ្នុរ ក្នុងស្រុកចម្ការលើ ខេត្តកំពង់ចាម

កម្មវិធី ASPIRE ខេត្តកំពង់ចាម ៖

នារសៀលថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារនៃមជ្ឈមណ្ឌលសេវាកម្មកសិកម្មអភិរក្ស (CASC) ដឹកនាំក្រុមការងារលេខាធិការដ្ឋានកម្មវិធីASPIRE អមដំណើរគណប្រតិភូក្រុមការងារបេសកកម្ម IFAD ទស្សនកិច្ចទីវាល គឺដើម្បីស្វែងយល់ពីវឌ្ឍនភាពនៃការងារពិសោធន៍ស្រាវជ្រាវកសិកម្មអភិរក្សដីនៅក្នុងស្ថានីយពិសោធន៍កសិកម្មអភិរក្សបុសខ្នុរ ក្នុងស្រុកចម្ការលើ ខេត្តកំពង់ចាម។

បទបង្ហាញក្នុងពេលទស្សនកិច្ចរបស់ក្រុមការងារនៃមជ្ឈមណ្ឌលសេវាកម្មកសិកម្មអភិរក្ស(CASC) និងសកម្មភាពសំខាន់ៗ នៅក្នុងស្ថានីយ៍ពិសោធន៍កសិកម្មអភិរក្សបុសខ្នុរ រួមមាន៖

១). គំរូប្រព័ន្ធកសិកម្មសរីរាង្គជាមូលដ្ឋានដោយរក្សាការមិនភ្ជួរ ការរក្សាគម្របដីអចិន្ត្រយ៍  ការដាំដំណាំបង្វិល  និងជាពិសេសការអនុវត្តបច្ចេកទេសដាំដុះដំណាំលើគម្របដីស្រស់ មានដូចជាដំណាំពោត សណ្តែកសៀង និងដំឡូងមី

២). ការអភិរក្សនឹងកន្លែងនូវគ្រាប់ពូជដំណាំគម្របដីដែលមានការធ្វើសារពើភ័ណ្ឌសេណេទិចពូជសរុបមានចំនួន៤៤ប្រភេទស្មើនឹង២១៦ពូជ។ ពូជដំណាំទាំងនេះ ត្រូវបានប្រើប្រាស់ជាចំណីសត្វ និងជាដំណាំគ្របដី ហើយសព្វថ្ងៃនេះក្រុមហ៊ុន Smart-Agro កំពុងដើរតួនាទីដ៏សំខាន់ក្នុងការផលិតនិងផ្គត់ផ្គង់គ្រាប់ពូជដំណាំគម្របដីទាំងនេះដល់សហគមន៍កសិកម្ម និងកសិករ

៣). ការពិសោធន៍បែបលក្ខណៈវិទ្យាសាស្ត្ររយៈពេលវែង ដោយផ្តោតលើបច្ច័យចំនួន៣នៃប្រព័ន្ធដំណាំជាមូលដ្ឋានសំខាន់ៗដែលកំពុងអនុវត្តនៅតំបន់ខ្ពង់រាបរួមមានដំណាំដំឡូងមី ពោត និងសណ្តែកសៀង។ ការពិសោធន៍នេះ បានផ្តល់ឱកាសឱ្យនិស្សិតថ្នាក់បរិញ្ញាបត្របរិញ្ញាបត្រជាន់ជាន់ខ្ពស់ និងថ្នាក់បណ្ឌិតវិទ្យាសាស្ត្រ ដែលមានការចាប់អារម្មណ៍ក្នុងការងារស្រាវជ្រាវអំពីកសិកម្មអភិរក្សមកធ្វើការសិក្សាដើម្បីបញ្ចប់ការសិក្សារបស់ពួកគេ

៤). ស្រែបង្ហាញខ្នាតធំដែលបង្កើតឡើងសម្រាប់បង្ហាញប្រៀបធៀបអំពីគុណសម្បត្តិរវាងកសិកម្មអភិរក្ស និងការអនុវត្តកសិកម្មតាមទម្លាប់របស់កសិករ

៥). ការប្រើប្រាស់គ្រឿងយន្តកសិកម្មសម្រាប់បម្រើឱ្យការអនុវត្តកសិកម្មអភិរក្ស គឺជាធាតុចូលមួយដ៏សំខាន់បំផុតដែលមិនអាចខ្វះបានដូចជាប្រព័ន្ធឧបករណ៍ដាំគ្រាប់ស្ងួតលើគម្របដីស្រស់ ឧបករណ៍ដាំដំណាំដំឡូងមីលើដីមិនភ្ជួរ និងឧបករណ៍ប្រមូលផលដំណាំដំឡូងមីជាដើម

៦). គំរូផ្សព្វផ្សាយអំពីសេវាកម្មកសិកម្មអភិរក្ស “មិត្តកសិករ” ដែលជាគំរូមួយដែលមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗរួមមាន ស្ថាប័នរដ្ឋវិស័យឯកជន ក្រុមកសិករស្ម័គ្រចិត្ត និងកសិករទូទៅ ក្នុងគោលបំណងជំរុញការអនុវត្តកសិកម្មអភិរក្សឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត

៧). ការបង្ហាញអំពីដំណើរនៃការចែកចាយ និងផ្គត់ផ្គង់គ្រាប់ពូជដំណាំគម្របដីរបស់ក្រុមហ៊ុន Smart-Agro និង៨). ការបង្ហាញប្រៀបធៀបអំពីគុណភាពដីតាមរយៈកម្រិតនៃភាពរឹងមាំនៃបង្គុំគ្រាប់ដី (Soil aggregates) រវាងដីព្រៃធម្មជាតិ ដីដែលអនុវត្តកសិកម្មតាមទម្លាប់ (ភ្ជួរគ្មានគម្របដី) និងដីដែលអនុវត្តកសិកម្មអភិរក្ស គឺបង្ហាញឱ្យឃើញថា ដីព្រៃធម្មជាតិ និងដីដែលអនុវត្តកសិកម្មអភិរក្ស គឺមានបង្គុំគ្រាប់ដីរឹងមាំល្អប្រសើរជាងដីដែលអនុវត្តកសិកម្មតាមទម្លាប់។

 

Leave a Reply

Your email address will not be published.