សិក្ខាសាលាបណ្តុះបណ្តាល ស្ដីពីយេនឌ័រ កិច្ចគាំពារសង្គម ព័ត៌មានទីផ្សារ គេហទំព័រកសិផលរបស់សហគមន៍កសិកម្ម និងប្រព័ន្ធព័ត៌មានសម្រាប់ការគ្រប់គ្រង (Management Information System, MIS)
យេនឌ័រ កិច្ចគាំពារសង្គម ព័ត៌មានទីផ្សារ គេហទំព័រកសិផលរបស់សហគមន៍កសិកម្ម និងប្រព័ន្ធព័ត៌មានសម្រាប់ការគ្រប់គ្រង (Management Information System, MIS) ជាចំណុចផ្តោតសំខាន់ៗរបស់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade, ASPIRE-AT) ដែលជាផ្នែកមួយនៃយន្តការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ដោយមានគោលបំណងពង្រឹងសមត្ថភាពតួអង្គសំខាន់ៗរបស់កម្មវិធី ដែលរួមមានថ្នាក់ដឹកនាំ មន្ត្រី និងទីប្រឹក្សានៃអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ លេខាធិការដ្ឋានកម្មវិធី និងតំណាងសហគមន៍កសិកម្ម ដើម្បីធ្វើកិច្ចការពាក់ព័ន្ធនឹងចំណុចផ្តោតទាំងនេះឱ្យបានកាន់តែល្អ លេខាធិការដ្ឋានកម្មវិធីបានដំណើរការសិក្ខាសាលាបណ្តុះបណ្តាលមួយ នៅទីរួមខេត្តកំពត ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ ។
នៅក្នុងពិធីបើក លោក ស៊ន វិចិត្រ ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិនៃអគ្គនាយកដ្ឋានកសិកម្ម និងជាប្រធានក្រុមគាំទ្រលេខាធិការដ្ឋានកម្មវិធី បានលើកឡើងអំពីស្ថានភាពបច្ចុប្បន្នរបស់វិស័យកសិកម្មជាតិ និងរបស់កម្មវិធី ហើយស្នើឱ្យសិក្ខាកាមទាំង ៨៦ នាក់ យកចិត្តទុកដាក់បកស្រាយ ស្តាប់ និងពិភាក្សាឱ្យបានសកម្ម ប្រកបដោយការទទួលខុសត្រូវ ដើម្បីធ្វើឱ្យកម្មវិធីមានដំណើរការកាន់តែល្អ ស្របនឹងលក្ខណ្ឌតម្រូវផ្សេងៗ ហើយរួមចំណែកផ្តល់ផលប្រយោជន៍ពិតប្រាកដជូនវិស័យកសិកម្ម កសិករ វិស័យឯកជន និងអ្នកពាក់ព័ន្ធផ្សេងទៀត ពោលគឺរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិ ។