សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ”លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែទុរេនពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ” នៃកម្មវិធី ASPIRE-AT
កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០២៤ ក្រុមការងារកម្មវិធី ASPIRE-AT នៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែទុរេនពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានការគាំទ្រដោយកម្មវិធី ASPIRE-AT ក្រោមអធិបតីភាព លោក អ៊ុច សុធី អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប។
សិក្ខាសិលានេះមានការអញ្ជើញចូលរួមពីលោក អ៊ិន សុវណ្ណមុន្នី តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង លោក ណៃ ចម តំណាងសហគមន៍កសិកម្មកសិទេសចរអភិវឌ្ឍន៍សំឡូត ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ កសិករដាំដុះដំណាំទុរេន និងតំណាងក្រុមហ៊ុននាំចេញ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងដល់គ្រប់ភាគីពាក់ព័ន្ធអំពីវិធានការភូតគាមអនាម័យ និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់នាំចេញផ្លែទុរេន ចូលរួមចំណែកពង្រឹង និងពង្រីកភាពប្រកួតប្រជែងខ្សែច្រវាក់តម្លៃដំណាំទុរេន ដើម្បីពង្រីកទីផ្សារនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារប្រទេសជាដៃគូពាណិជ្ជកម្មសេរីដល់កសិករ សហគមន៍កសិកម្ម អ្នកនាំចេញ និងមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅរបស់កម្មវិធី ASPIRE-AT សរុបប្រមាណ ៥២នាក់។