ការជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្មបន្លែចម្រុះភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានទៅកាន់ភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ដើម្បីជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្មបន្លែចម្រុះភូមិកោះថ្មី។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ប្រមូលឯកសារពាក់ព័ន្ធសម្រាប់ការចុះបញ្ជីទទួលស្គាល់សហគមន៍ ណែនាំថ្នាក់ដឹកនាំសហគមន៍ និងអ្នកពាក់ព័ន្ធអំពីការបំពេញពាក្យសុំចូលជាសមាជិកសហគមន៍ពីកសិករស្ម័គ្រចិត្ត ព្រមទាំងប្រមូលទិន្នន័យគ្រួសារកសិករជាសមាជិកសហគមន៍កសិកម្ម មានការចូលរួមពី ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្អាង ក្រុមប្រឹក្សាឃុំខ្ពប ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្ម មន្ត្រីទទួលបន្ទុកសហគមន៍នៃកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត សរុប ២០នាក់ (ស្រី ៨នាក់)។
ជាលទ្ធផលរួមមាន៖
– បានណែនាំដល់ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្មបន្លែចម្រុះ ភូមិកោះថ្មី អំពីការបំពេញប្រវត្តិរូបផ្ទាល់ខ្លួន និងប្រមូលទុកសម្រាប់ការចងក្រងឯកសារ
– ផ្តល់ពាក្យស្នើសុំ និងណែនាំបន្ថែមអំពីការបំពេញ ការបង់ប្រាក់សមាជិកភាព និងការទិញហ៊ុន តាមការស្ម័គ្រចិត្តរបស់សមាជិក
– ណែនាំអំពីការត្រៀមបើកគណនីសម្រាប់សហគមន៍ ដើម្បីគ្រប់គ្រងថវិកាសហគមន៍
– សម្ភាសន៍ និងប្រមូលទិន្នន័យបន្ថែមអំពីសមាជិកសហគមន៍ ផ្ទៃដីផលិតកម្ម បរិមាណផល ប្រភេទកសិផលដែលបានផលិត…។ល។
ក្រោយពីបានជួបប្រជុំរួចមក ក្រុមការងារបានទៅតាមចម្ការរបស់សមាជិកសហគមន៍ ដើម្បីពិនិត្យមើលលើដំណើរការដាំដុះដំណាំផងដែរ។