ការជួបប្រជុំពិភាក្សាជាមួយអាជ្ញាធរឃុំ អំពីការរៀបចំចងក្រងបង្កើតសហគមន៍កសិកម្មបន្លែ
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————————–
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានទៅកាន់សាលាឃុំខ្ពប ស្រុកស្អាង ដើម្បីជួបប្រជុំពិភាក្សាជាមួយអាជ្ញាធរឃុំ អំពីការរៀបចំចងក្រងបង្កើតសហគមន៍កសិកម្មបន្លែ។ ការជួបប្រជុំនេះមានការចូលរួមពីជំទប់ទី១ ក្រុមប្រឹក្សាឃុំ មេភូមិ មន្ត្រីទទួលបន្ទុកការងារកម្មវិធី ASPIRE-AT ក្រុមការងាររបស់ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរខេត្ត ដែលមានអ្នកចូលរួមសរុបចំនួន ០៨នាក់ (ស្រី ០១នាក់)។
លទ្ធផលនៃការជួបប្រជុំនេះ រួមមាន៖
– បង្ហាញអំពីគោលបំណង និងទស្សនទានកម្មវិធី ASPIRE-AT ក្នុងការជំរុញ និងគាំទ្រសហគមន៍កសិកម្មសម្រាប់ដំណើរការផលិតកសិផលដើម្បីផ្គត់ផ្គង់ទីផ្សារ
– សាកសួរអំពីបណ្ដុំអាជីវកម្ម គាំទ្រដោយកម្មវិធី ASPIRE កន្លងមក ដើម្បីស្វែងរកកសិករស្ម័គ្រចិត្តចូលរួមក្នុងការចងក្រងបង្កើតសហគមន៍កសិកម្មថ្មីគាំទ្រដោយកម្មវិធី ASPIRE-AT
– សាកសួរព័ត៌មានអំពីទីតាំងភូមិដែលមានសក្តានុពលផលិតបន្លែក្នុងឃុំ សម្រាប់ការចងក្រងសហគមន៍កសិកម្ម
– ណែនាំ និងបង្ហាញអំពីតារាងកត់ត្រា សម្រាប់ការចូលរួមរបស់កសិករស្ម័គ្រចិត្ត និងជំរុញការប្រមូលទិន្នន័យបឋម សម្រាប់ការចងក្រងសហគមន៍កសិកម្ម ជាពិសេសជំរុញកសិករក្នុងបណ្ដុំអាជីវកម្មបន្លែ ពោត ស្រូវ និងមាន់ ដែលបានគាំទ្រដោយកម្មវិធី ASPIRE និងគម្រោង AIMS កន្លងមក
– ជួបកសិករតាមចម្ការបន្លែ និងសាកសួរព័ត៌មានទីផ្សារ តម្រូវការរបស់កសិករ និងកំណត់បាននូវបញ្ហានានា ដែលកើតមានក្នុងមូលដ្ឋានឃុំ សម្រាប់វិស័យកសិកម្ម ពិសេសដំណាំបន្លែ។