ការប្រជុំជាមួយអាជ្ញាធរឃុំទឹកវិល ស្រុកស្អាង ដើម្បីពិភាក្សាលើការរៀបចំចងក្រងបង្កើតសហគមន៍កសិកម្មបន្លែ
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————————–
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានដឹកនាំដោយ លោក ផា ឋាម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPRE-AT ថ្នាក់ខេត្ត បានប្រជុំជាមួយអាជ្ញាធរឃុំទឹកវិល ស្រុកស្អាង ដើម្បីពិភាក្សាលើការរៀបចំចងក្រងបង្កើតសហគមន៍កសិកម្មបន្លែ។ កិច្ចប្រជុំនេះមានការចូលរួមពីក្រុមប្រឹក្សាឃុំ មេភូមិទាំងអស់ តំណាងបណ្ដុំអាជីវកម្មបន្លែកម្មវិធី ASPIRE មន្ត្រីទទួលបន្ទុកការងារកម្មវិធី ASPIRE-AT និងក្រុមការងារការិយាអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរ មានចំនួនសរុប ១០នាក់។
លទ្ធផលនៃកិច្ចប្រជុំនេះ រួមមាន៖
– បង្ហាញអំពីគោលបំណង និងទស្សនទានកម្មវិធី ASPIRE-AT ក្នុងការជំរុញ និងគាំទ្រសហគមន៍កសិកម្មសម្រាប់ដំណើរការផលិតកសិផលដើម្បីផ្គត់ផ្គង់ទីផ្សារ
– សាកសួរអំពីបណ្ដុំអាជីវកម្មមានស្រាប់ដែលបានគាំទ្រដោយកម្មវិធី ASPIRE កន្លងមក ដើម្បីស្វែងរក កសិករស្មគ្រ័ចិត្តចូលរួមក្នុងការចងក្រងជាសហគមន៍កសិកម្ម គាំទ្រដោយកម្មវិធី ASPIRE-AT
– ណែនាំ និងបង្ហាញអំពីតារាងកត់ត្រា សម្រាប់ការចូលរួមរបស់កសិករស្មគ្រ័ចិត្ត និងជំរុញការប្រមូលទិន្នន័យបឋម សម្រាប់ការចងក្រងជាសហគមន៍កសិកម្ម
– កំណត់កាលបរិច្ឆេទ នៃការចងក្រងជាសហគមន៍កសិកម្មថ្មី ដោយកំណត់យកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្រាប់ផ្សព្វផ្សាយជំហានទី១ គោលគំនិតសហគមន៍កសិកម្ម
– ជួបកសិករតាមចម្ការបន្លែ និងសាកសួរព័ត៌មានទីផ្សារ តម្រូវការរបស់កសិករ និងកំណត់បាននូវបញ្ហានានា ដែលកើតមានក្នុងមូលដ្ឋានឃុំ សម្រាប់វិស័យកសិកម្ម ពិសេសដំណាំបន្លែ។


