ពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់សហគមន៍ ត្រាឈ្មោះ និងសៀវភៅជូនសហគមន៍កសិកម្មរលាំងកែនសែនជ័យ
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————————–
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានទៅសាលារលាំងកែន ស្រុកកណ្ដាលស្ទឹង ដើម្បីចូលរួមពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់សហគមន៍ ត្រាឈ្មោះ និងសៀវភៅសហគមន៍កសិកម្មរលាំងកែនសែនជ័យ ជូនដល់ក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម។
ក្នុងពិធីនេះ មានការចូលរួមពី លោក ហៃ ចំរើន អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម, អនុប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកកណ្ដាលស្ទឹង, មេឃុំរលាំងកែន, ជំទប់ទី១, ក្រុមការងារកម្មវិធី ASPIRE-AT, ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្មរលាំងកែនសែនជ័យ, ទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT និងអ្នកពាក់ព័ន្ធ សរុប ១៨នាក់ (ស្រី ០៣នាក់)។
សហគមន៍កសិកម្មរលាំងកែនសែនជ័យ ស្ថិតក្នុងភូមិថ្មី ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង បានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០២៤ ដោយមានការគាំទ្រពីកម្មវិធី ASPIRE-AT បានធ្វើមហាសន្និបាតកំណើតដំបូងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ និងទទួលស្គាល់ជាផ្លូវការកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល។
សហគមន៍កសិកម្មនេះ មានសមាជិកសរុប ២០៣គ្រួសារ (ស្រី ៦៦នាក់) មកពី ១១ភូមិ នៃឃុំរលាំងកែន មានផ្ទៃដីផលិតកម្មចំនួន ៦២៧អា សម្រាប់ផលិតកម្មបន្លែ និងមាន់ស្រែ ដោយមានក្រុមប្រឹក្សាភិបាល ០៧នាក់ (ស្រី ០១នាក់) និងគណៈកម្មាធិការត្រួតពិនិត្យ ០៥នាក់ ព្រមទាំងហ៊ុនប្រមូលបានសរុប ៣៥០ហ៊ុន (១ហ៊ុន មានតម្លៃ ២០ ០០០រៀល)។






