Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការពិនិត្យ និងវាយតម្លៃសហគមន៍កសិកម្ម ដើម្បីទទួលបានការគាំទ្រពីកម្មវិធី ASPIRE-AT ខេត្តប៉ៃលិន

ការពិនិត្យ និងវាយតម្លៃសហគមន៍កសិកម្ម ដើម្បីទទួលបានការគាំទ្រពីកម្មវិធី ASPIRE-AT ខេត្តប៉ៃលិន

កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖

——————————–

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានប្រជុំជាមួយក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម និងសមាជិកសហគមន៍កសិកម្មសាម្គីភូមិថ្មីទួលខៀវ នៅភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន មានអ្នកចូលរួមសរុបចំនួន ១២នាក់ (ស្រី ៤នាក់) ក្នុងគោលបំណងពិនិត្យ និងវាយតម្លៃសហគមន៍កសិកម្ម ដើម្បីទទួលបានការគាំទ្រពីកម្មវិធី ASPIRE-AT ខេត្តប៉ៃលិន។

សហគមន៍កសិកម្មនេះបានចុះបញ្ជីទទួលស្គាល់ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១០។ បច្ចុប្បន្ននេះសហគមន៍មានសមាជិក ៩៦នាក់ (ស្រី ៥០នាក់) និងមានទុនសរុបចំនួនប្រមាណ ៤០០លានរៀល ស្មើនឹង ១ ០៦៨ហ៊ុន (១ហ៊ុនស្មើនឹង ៥០,០០០ រៀល)។ សហគមន៍មានមុខរបរផ្តល់ប្រាក់កម្ចីដល់សមាជិក និងលក់ធាតុចូលកសិកម្ម ដែលទទួលបានផលចំណេញប្រមាណ ២០លានរៀល/១ឆ្នាំ។ សមាជិកសហគមន៍ប្រកបរបរដាំដំឡូងមី ពោតក្រហម និងបន្លែ។ លោក ឡុង សួរ ប្រធានសហគមន៍បានប្រាប់ថា កសិករដាំពោតក្រហមក្នុងសហគមន៍នេះមានប្រមាណ ៤០គ្រួសារ លើផ្ទៃដី ១៥០ហិកតា។ លោក កែវ ចាន់តារា បានបើកការពិភាក្សាជុំវិញលទ្ធភាពលក្ខខ័ណ្ឌនានាដែលសហគមន៍ត្រូវបំពេញ ដើម្បីអោយស្របនឹងការគាំទ្ររបស់កម្មវិធី ASPIRE-AT និងមានការសួរឆ្លើយឆ្លងគ្នាយ៉ាងយកចិត្តទុកដាក់ជុំវិញប្រធានបទនេះ។ បន្ថែមពីលើការងារខាងលើ លោកក៍បានផ្តល់គំនិតយោបល់ជាច្រើនដើម្បីពង្រឹងការគ្រប់គ្រង និងប្រតិបត្តិការរបស់សហគមន៍អោយមានដំណើរការល្អប្រសើ និងបានពន្យល់បន្ថែមអំពីលក្ខណៈសហគមន៍កសិកម្មទំនើប។

អ្នកសម្របសម្រួលកម្មវិធី ASPIRE-AT ខេត្តប៉ៃលិន បានបង្ហាញអំពីគោលបំណង និងការគាំទ្ររបស់កម្មវិធី ដល់សហគមន៍កសិកម្ម។ លោកបានលើកទឹកចិត្តអោយសហគមន៍រើស និងបញ្ចូលសមាជិកសហគមន៍បន្ថែម ក៍ដូចជាការបង្កើនប្រាក់ចំណូលប្រចាំឆ្នាំតាមរយៈការពង្រីកមុខរបរ និងទីផ្សារលក់ធាតុចូលកសិកម្មរបស់គេ។

ការពិភាក្សាបានបញ្ចប់ដោយបានឯកភាពគ្នាថាក្រុមប្រឹក្សាភិបាលសហគមន៍នឹងត្រូវពិនិត្យដល់លទ្ធភាពពង្រីកសមាជិកភាពរបស់សហគមន៍ អោយបានយ៉ាងតិច ១៥០គ្រួសារ និងសហការគៀងគរបញ្ចូលគ្រួសារកសិករដែលមានមុខរបរដាំពោតអោយបានច្រើនតាមដែលអាចធ្វើទៅបាន ហើយផ្តល់ពត៌មានទាំងនេះត្រឡប់ដល់ក្រុមការងារកម្មវិធី ASPIRE-AT ។

 

Leave a Reply

Your email address will not be published.