ការពង្រឹងការគ្រប់គ្រងបណ្តុំអាជីវកម្មបង្កាត់ភ្ញាស់ត្រី ដោយមានសមាជិកបណ្តុំអាជីវកម្ម និងអ្នកប្រមូលទិញកូនត្រី ខេត្តពោធិ៍សាត់
កម្មវិធី ASPIRE ខេត្តពោធិ៍សាត់ ៖
នាថ្ងៃទី៣០ ខែមិថុនា ២០២២ នៅភូមិរោងតាកុក ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រុមការងារមន្ទីរកសិកម្ម ដែលជាមន្រ្តីគាំទ្រកម្មវិធី ASPIRE ថ្នាក់ខេត្ត មានលោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយ លោកឃួន កាន់ មន្ត្រីទីផ្សារកម្មវិធី លោក ម៉ែន វណ្ណៈ មន្រ្តីគាំទ្រថ្នាក់ខេត្ត ជាមួយលោកលោក នាង ង៉ែត មន្រ្តីខណ្ឌរដ្ឋបាលជលផល និងទីប្រឹក្សាកម្មវីធីASPIRE បានចុះសហការរៀបចំការពង្រឹងការគ្រប់គ្រងបណ្តុំអាជីវកម្មបង្កាត់ភ្ញាស់ត្រី ដោយមានសមាជិកបណ្តុំអាជីវកម្ម និងអ្នកប្រមូលទិញកូនត្រីបានចូលរួមក្នុងកម្មវិធី។ ខ្លឹមសារសំខាន់ៗ ដែលលើកយកមកពិភាក្សារួមមាន៖
១).ការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង ការពិនិត្យឡើងវិញលើរចនាសម្ព័ន្ធគ្រប់គ្រងបណ្តុំអាជីវកម្មដើម្បីពង្រឹងការដឹកនាំក្រុមបន្ត ឱ្យបានរឹងមាំនិងភាពសកម្ម ដែលសមាសភាពថ្នាក់ដឹកនាំអនុប្រធានក្រុមត្រូវកែសម្រួលជំនួសថ្មី។
២).ការរៀបចំផែនការផលិកម្ម (ភ្ញាស់កូនត្រី និងបំប៉នកូនត្រី) ដែលមានតម្លៃទីផ្សារ និងងាយស្រួលលក់ ឬយកមកចិញ្ចឹមបន្ត ដោយបានការពិភាក្សាជាមួយសមាជិកបណ្តុំពីលទ្ធភាពផលិតកូនត្រី និងបំប៉នកូនត្រី សម្រាប់រៀបចំជាផែនការផលិតកម្មឆ្នាំ២០២២ ។ ផែនការផលិតកម្ម តាមការធ្វើផែនការនិងលទ្ធភាពផលិតលើផ្ទៃដី ៦,៥០០ម២ អាចផលិតផលបាន ប្រហែល ៩០,០០០កូន (កូនត្រីឆ្ពិន ២០,០០០កូន និងទីឡាព្យា ៧០,០០០កូន) និងបន្តការរកពូជត្រីអណ្តែងទន់សាច់លឿង យកមកបង្កាត់ភ្ញាស់ក្នុងអាងភ្ញាស់ស្របតាមត្រូវការទីផ្សារ។
៣).ការគាំទ្រទីផ្សារ និងការចុះកិច្ចសន្យាជាថ្មី ចំពោះការប្រមូលទិញ ក្រុមបានឯកភាពលក់កូនត្រី ដល់ឈ្មួញកណ្តាល ហើយបានរៀបចំចុះកិច្ចសន្យាជាថ្មី ជាមួយឈ្មួញកណ្តាលក្នុងស្រុក ដែលលក់បានតម្លៃទីផ្សារ ស្របតាមទីផ្សារ និងតម្រូវការកូនត្រី។
ការងារគាំទ្របច្ចេកទេស ក្រុមការងារបានធ្វើការពិភាក្សាជាមួយសមាជិកចូលរួម និងប្រធានបណ្តុំពីបច្ចេកទេសផលិតភ្ញាស់កូនត្រី ឬបំប៉នកូនត្រីតាមតម្រូវការទីផ្សារកូនត្រី មានត្រីអណ្តែងទន់សាច់លឿង ត្រីទីឡាបព្យា ត្រីឆ្ពិនជាដើម ក្នុងនោះមានការជ្រើសរើសមេពូជ ការរៀបចំស្រះ ការរៀបចំកន្លែងបង្កាត់ភ្ញាស់ ការផលិតចំណីធម្មជាតិប្លុងតុង ការផ្តល់ចំណី ការគ្រប់គ្រងទឹក និងការប្រមូលផល។
ប្រធានក្រុមបណ្តុំក៏លើកឡើងពីការរកពូជត្រីអណ្តែងទន់សាច់លឿង(ធម្មជាតិ) ដើម្បីយកមកបង្កាត់ភ្ញាស់ ទទួលបានកូនពូជមកចិញ្ចឹម ស្របតាមតម្រូវការទីផ្សារ និងអ្នកចិញ្ចឹមតាមបណ្តុំអាជីវកម្ម។ ក្រុមការងារជលផលក៏បានណែនាំបន្ថែមការរកពូជត្រីទាំងនេះ ក៏ដូចជាបន្តជួយទំនាក់ទំនងទៅកាន់ប្រភពដែលមានមេពូជល្អៗ ដល់ក្រុមអាជីវកម្មថែមទៀតៀផង។