សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល ត្បូងឃ្មុំ និងខេត្តស្វាយរៀង
កម្មវិធី ASPIRE-AT ៖
——————-
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល ត្បូងឃ្មុំ និងខេត្តស្វាយរៀង។
១).ខេត្តកណ្ដាល៖ បានរៀបចំវគ្គបណ្ដុះបណ្ដាល ក្នុងគោលបំណងផ្តល់ការពង្រឹងសមត្ថភាពជូនដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម នៅនាទីស្នាក់ការផ្ទាល់របស់សហគមន៍កសិកម្មចំនួន ២ រួមមាន៖ សហគមន៍កសិកម្មសេដាព្រៃលាក់ម្ចាស់ នៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ដែលមានអ្នកចូលរួមសរុប ១៤ នាក់ ក្នុងនោះមានស្រ្តី ២ នាក់ និងសហគមន៍កសិកម្មជីវិតថ្មីរកាជន្លឹង នៅភូមិរកាទី ១ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ដែលមានអ្នកចូលរួមសរុប ១២ នាក់ ក្នុងនោះមានស្រ្តី ២ នាក់។
វគ្គបណ្ដុះបណ្ដាលនេះមានមេរៀនដូចខាងក្រោម៖
-ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសហគមន៍កសិកម្ម
-មូលដ្ឋានគ្រឹះ និងការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់សហគមន៍កសិកម្ម
-អាជីវកម្ម និងការគ្រប់គ្រងអាជីវកម្ម
-ការផ្សារភ្ជាប់ទីផ្សារ
-សុវត្ថិភាពបរិស្ថាន បរិយាបន្នសង្គម និងភាពធន់នឹងអាកាសធាតុ
-ការអនុវត្តបច្ចេកវទ្យាឌីជីថលសម្រាប់សហគមន៍កសិកម្ម។
វគ្គបណ្ដុះបណ្ដាលនេះមានចែកឯកសារជូន និងមានការបកស្រាយពន្យល់ដោយភ្ជាប់ទៅនឹងការអនុវត្តជាក់ស្ដែងជាមួយសហគមន៍កសិកម្មផ្ទាល់ និងពីសហគមន៍កសិកម្មដែលជោគជ័យទុកជាបទពិសោធផងដែរ។ ជាមួយគ្នានេះ ក៏បានផ្សព្វផ្សាយអំពីគោលការណ៍ប្រាក់កម្ចីរបស់កម្មវិធី ASPIRE-AT តាមរយៈធនាគារ ARDB សម្រាប់ការពង្រីកអាជីវកម្មរបស់សហគមន៍កសិកម្ម និងសមាជិកសហគមន៍កសិកម្ម។







២).ខេត្តត្បូងឃ្មុំ៖ បានសម្របសម្រួលជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្ម ដើម្បីពិនិត្យ តាមដាន និងតម្រង់ទិសការប្រើប្រាស់ប្រាក់កម្ចីរបស់សហគមន៍កសិកម្មជីរោទ៍រុងរឿង នៅឃុំជីរោទ៍ទី ១ សុ្រកត្បូងឃ្មុំ។
សហគមន៍កសិកម្មជីរោទ៍រុងរឿងបានទទួលប្រាក់កម្ចីចំនួន ៥០ ០០០ ដុល្លាអាម៉េរិច ពីកម្មវិធី ASPIRE-AT តាមរយៈ ARDB ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ សម្រាប់ពង្រីកអាជីវកម្មទិញ-លក់ពោតក្រហម។ សហគមន៍កសិកម្មបានជ្រើសរើសយកវិធីសងត្រលប់វិញតាមរយៈធនាគារ ARDB ដោយសងប្រាក់ដើមរៀងរាល់ ៦ ខែម្តង និងសងការប្រាក់រៀងរាល់ខែ។
បន្ទាប់ពីទទួលបានប្រាក់កម្ចី ថ្នាក់ដឹកនាំសហគមន៍កសិកម្មបានទិញត្រាក់ទ័រចំនួន ១ គ្រឿង ម៉ាក Kubota M6040SU ទិញរ៉ឺម៉កសណ្តោងចំនួន ១ គ្រឿង សម្រាប់ប្រមូលទិញពោតពីសមាជិកតាមចំការ បានកែលម្អទីតាំងឡសម្ងួតពោត និងបានប្រើប្រាស់ជាទុនបង្វិលនៅក្នុងអាជីវកម្មទិញ-លក់ពោតរបស់សហគមន៍កសិកម្ម។
បច្ចុប្បន្ននេះ សហគមន៍កសិកម្មមានសមាជិកសរុបចំនួន ៤០ នាក់ ក្នុងនោះមានស្រ្តី ១២ នាក់ ដោយមានក្រុមប្រឹក្សាភិបាលចំនួន ៥ នាក់ (ស្រ្តី ១ នាក់) គណៈកម្មាធិការត្រួតពិនិត្យចំនួន ៣ នាក់។ សហគមន៍កសិកម្មមានផ្ទៃដីដាំដុះដំណាំពោតក្រហម ១៣១ ហិកតា ផ្ទៃដីដាំដំណាំស្រូវ ១៨ ហិកតា ផ្ទៃដីដំណាំបន្លែ ១៥ ហិកតា និងដំណាំថ្នាំជក់លើផ្ទៃដី ៥ ហិកតា។
សហគមន៍កសិកម្មបានបង្កើតមុខរបរឡសម្ងួតពោតក្រហម ដែលមានសមត្ថភាពសម្ងួតពោតបាន ៥០តោន/ថ្ងៃ ដោយបានប្រមូលទិញពោតសើមពីសមាជិក រួចលក់ទៅក្រុមហ៊ុនផលិតចំណីសត្វ និងដៃគូ តាមរយៈយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា។ នៅក្នុងឆ្នាំ ២០២៦ នេះ សហគមន៍កសិកម្មបានអនុវត្តការទិញ-លក់តាមរយៈយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យាបានចំនួន ១ លើក ក្នុងបរិមាណ ១៥០ តោន។
ក្រុមការងារបានទៅពិនិត្យ និងបានណែនាំដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ត្រូវយកចិត្តទុកដាក់ប្រើប្រាស់ទុនឱ្យចំគោលដៅ និងត្រូវធ្វើការកត់ត្រាជាប្រចាំពីអាជីវកម្មពោតក្រហមឱ្យបានត្រឹមត្រូវ ដើម្បីវិភាគសេដ្ឋកិច្ចតាមវគ្គនីមួយៗ។










៣).ខេត្តស្វាយរៀង៖ បានសហការជាមួយក្រុមការងារសេវាករទី ១ រៀបចំវគ្គបណ្តុះបណ្តាលសហគមន៍កសិកម្មអភិវឌ្ឍន៍បន្លែភូមិស្វាយធំ នៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ដែលមានអ្នកចូលរួមសរុប ២១ នាក់ ក្នុងនោះមានស្រ្តី ៧ នាក់។
ប្រធានបទដែលយកមកបណ្ដុះបណ្ដាល រួមមាន៖
-ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសហគមន៍កសិកម្ម
-មូលដ្ឋានគ្រឹះ និងការគ្រប់គ្រងហិរញ្ញវត្ថុ
-អាជីវកម្ម និងការគ្រប់គ្រងអាជីវកម្ម
-ទីផ្សារ ការរៀបចំម៉ាកសញ្ញា និងការផ្សារភ្ជាប់ទីផ្សារ
-សុវត្ថិភាពបរិស្ថាន បរិយាបន្នសង្គម និងភាពធន់នឹងអាកាសធាតុ និង
-ការអនុវត្តបច្ចេកវិទ្យាឌីជីថលសម្រាប់សហគមន៍កសិកម្ម។




