សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល កំពង់ចាម និងខេត្តបាត់ដំបង
កម្មវិធី ASPIRE-AT ៖
——————-
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល កំពង់ចាម និងខេត្តបាត់ដំបង។
១).ខេត្តកណ្ដាល៖ បានទៅជួបប្រជុំជាមួយអ្នកដឹកនាំ និងសមាជិករបស់សហគមន៍កសិកម្មបន្លែចម្រុះឃុំព្រែកអំបិល ដែលមានអ្នកចូលរួមសរុប ២០ នាក់ ក្នុងនោះមានស្រ្តី ១០ នាក់ នៅភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ដើម្បីពង្រឹងសមត្ថភាពបន្ថែមជូនដល់កសិករជាសមាជិកឱ្យមានសមត្ថភាពពេញលេញក្នុងការអនុវត្តបច្ចេកទេសផលិតកម្ម ការប្រើប្រាស់បច្ចេកវិទ្យាសមស្របនឹងការប្រែប្រួលអាកាសធាតុ រួមទាំងកិច្ចគាំពារសង្គម និងបរិស្ថានសម្រាប់សហគមន៍កសិកម្ម និងធ្វើឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងកិច្ចសម្ភាសនានាអំពីដំណើរការរបស់សហគមន៍កសិកម្មបន្លែចម្រុះឃុំព្រែកអំបិល ផងដែរ។
លើសពីនេះ ក្រុមការងាររបស់ធនាគារ ARDB ក៏បានចូលរួមដើម្បីផ្សព្វផ្សាយ និងណែនាំអំពីគោលការណ៍ នីតិវិធីនៃការស្នើសុំប្រាក់កម្ចីពីកម្មវិធី ASPIRE-AT តាមរយៈធនាគារ ARDB សម្រាប់ការវិនិយោគពង្រីកមុខរបរអាជីវកម្មកសិកម្មរបស់ខ្លួន និងឱកាសដែលនឹងទទួលបាននូវប្រាក់លើកទឹកចិត្តពីកម្មវិធី បន្ទាប់ពីសងត្រលប់មកវិញរួចរាល់ សម្រាប់សហគមន៍កសិកម្ម និងកសិករជាសមាជិក។ ជាមួយគ្នានេះ ក្រុមការងាររបស់ធនាគារ ARDB ក៏បានធ្វើការសិក្សាជាមួយកសិករជាសមាជិករបស់សហគមន៍កសិកម្មចំនួន ៨ នាក់ ដែលបានដាក់ពាក្យស្នើសុំប្រាក់កម្ចី ដោយបានពិនិត្យលើមុខរបរ និងប្រាក់ចំណូល រួមនឹងឯកសារពាក់ព័ន្ធ និងបានធ្វើការប្រមូលឯកសារទាំងនោះ រួមទាំងការផ្តិតមេដៃលើឯកសារស្នើសុំប្រាក់កម្ចីក្នុងទម្រង់ខ្ចីប្រាក់របស់ធនាគារ ARDB ផងដែរ។





២).ខេត្តកំពង់ចាម៖ បានទៅពង្រឹងសមត្ថភាពដល់សហគមន៍កសិកម្មអភិវឌ្ឍន៍កសិករ នៅភូមិស្អាង ឃុំត្រពាំងគរ ស្រុកជើងព្រៃ ដែលមានអ្នកចូលរួមសរុប ២៦ នាក់ ក្នុងនោះមានស្រ្តី ១០ នាក់។
គោលបំណង៖
-កែសម្រួល និងបញ្ចូលស្ត្រីជាថ្នាក់ដឹកនាំសហគមន៍
-ពិភាក្សាអំពីផែនការអាជីវកម្ម
-រៀបចំស្នើកម្ចីសម្រាប់សហគមន៍
-ផ្សព្វផ្សាយឥណទានដល់សមាជិកសហគមន៍
-រៀបចំឯកសារគណនេយ្យ ចំណូលចំណាយ និងរដ្ឋបាល សម្រាប់វាយតម្លៃ និងសន្និបាតប្រចាំឆ្នាំ។




៣).ខេត្តបាត់ដំបង៖ បានជួបពិភាក្សាជាមួយអ្នកដឹកនាំ និងកសិករនាំមុខក្នុងការចិញ្ចឹមមាន់ស្រែ នៃសហគមន៍កសិកម្មរកាមានឬទ្ធិ នៅភូមិទូលរកា ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី។ ការជួបពិភាក្សានេះ គឺដើម្បីពិនិត្យការប្រើប្រាស់ថវិកាកម្ចីពីកម្មវិធី ASPIRE-AT តាមរយៈធនាគារ ARDB និងពិនិត្យផែនការចិញ្ចឹមមាន់ស្រែរបស់កសិករដែលជាសមាជិកសហគមន៍។
-កសិករដែលទទួលបានប្រាក់កម្ចីមានចំនួន ២ គ្រួសារ ដែលគ្រួសារកសិករទី ១ ចិញ្ចឹមមាន់សាច់ និង លក់បានប្រហែល ៣០០ គីឡួក្រាម ដោយនៅសល់មាន់សាច់ប្រហែល ៥០ ក្បាល និងមេពូជចំនួន ២០ ក្បាល។ គាត់បានបញ្ជាក់ថា គ្រោងសងបញ្ចប់ទៅធនាគារវិញ នៅចុងឆ្នាំ ២០២៦ នេះ ។ រីឯគ្រួសារកសិករទី ២ ចិញ្ចឹមាន់សាច់ និងលក់បាន ១ លើក ប៉ុន្តែការដាក់មាន់លើកទី ២ មានផ្ទុះជំងឺឆ្លងស្លាប់អស់ប្រហែល ២០០ កូនមាន់។
-ផ្សព្វផ្សាយប្រាក់កម្ចីជូនដល់អ្នកដឹកនាំ និងកសិករនាំមុខ នៃសហគមន៍កសិកម្ម។ សហគមន៍នឹងជ្រើសរើសកសិករមានបំណងចង់ខ្ចីប្រាក់យកទៅប្រើប្រាស់ និងរៀបចំបញ្ចីកសិករត្រូវការកម្ចីជូនកម្មវិធី។
-កសិដ្ឋានចិញ្ចឹមមាន់ស្រែចំនួន ២ កន្លែង ត្រូវបានពិនិត្យ ដោយកន្លែងទី ១ មានមាន់សរុបចំនួន ៥០ ក្បាល ដោយសង្កេតឃើញថា ការរៀបចំទ្រុង និងបច្ចេកទេសចិញ្ចឹមមាន់មិនសូវល្អ ព្រមទាំងខ្វះអនាម័យទ្រុង និងបរិស្ថានជុំវិញ។ មានការចិញ្ចិមមាន់ និងចិញ្ចឹមទាសំពៅ នៅជាប់ទ្រុងគ្នា ដែលអាចងាយរង ការឆ្លងជំងឺពីទៅវិញទៅមក។ រីឯកន្លែងទី ២ ដែលជារបស់កសិករនាំមុខ មានមាន់មេពូជសរុប ១១៥ ក្បាល និងបាពូជ ២៣ ក្បាល ដោយចែកជា ២៤ ប្លុកផ្សេងៗគ្នា (មេ ៥ ក្បាល និងឈ្មាល ១ ក្បាល) រួមទាំងទូភ្ញាស់ពងមាន់ ១ ដែលអាចផ្ទុកបានចំនួន ៨៥០ ពង។ កសិករនាំមុខនេះ បានចិញ្ចឹមមាន់មានបច្ចេកទេសច្បាស់លាស់ និងជាលក្ខណៈអាជីវកម្ម ហើយក៏ជាអ្នកលក់កូនមាន់ និងជាអ្នកប្រមូលទិញពង និងមាន់ចាស់ផងដែរ។




