សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ត្បូងឃ្មុំ កំពង់ឆ្នាំង រតនគិរី តាកែវ និងខេត្តសៀមរាប
កម្មវិធី ASPIRE-AT ៖
——————-
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ត្បូងឃ្មុំ កំពង់ឆ្នាំង រតនគិរី តាកែវ និងខេត្តសៀមរាប។
១).ខេត្តស្វាយរៀង៖ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម នៅភូមិអង្គ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ដែលមានអ្នកចូលរួមសរុប ២៨ នាក់ ក្នុងនោះមានស្រ្តី ១៥ នាក់។ វគ្គបណ្ដុះបណ្ដាលនេះ មានចំណុចសំខាន់ៗ ដូចខាងក្រោម៖
-ការជ្រើសរើសទីតាំង
-ការជ្រើសរើសពូជ
-ការថែទាំ
-ការប្រើប្រាស់ចំណី
-ការប្រើប្រាស់វ៉ាក់សាំង និងថ្នាំព្យាបាល
-វិធានការជីវសុវត្ថិភាព
-ផលប៉ះពាល់បរិស្ថានសង្គម
-ការដឹកជញ្ជូនផលិតផលទៅលក់នៅទីផ្សារ
-បច្ចេកទេសប្រមូលផល និងការទុកដាក់ផលិតផល
-ការកត់ត្រាចំណូលចំណាយការចិញ្ចឹមមាន់សាច់។





២).ខេត្តត្បូងឃ្មុំ៖ បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជូនដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មដំណាំម្រេចដារមេមត់ នៅស្នាក់ការសហគមន៍ ភូមិចំការគរ ឃុំដារ ស្រុកមេមត់ ដែលមានអ្នកចូលរួមសរុប ១៦ នាក់ ក្នុងនោះមានស្រ្តី ២ នាក់។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងសមត្ថភាពក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យរបស់សហគមន៍កសិកម្មសហគន៍កសិកម្ម ដោយផ្តោតលើ៖ (១).ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសហគមន៍កសិកម្ម និង (២).មូលដ្ឋានគ្រឹះ និងការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់សហគមន៍កសិកម្ម។
ជាលទ្ធផល អ្នកចូលរួមបានយល់អំពី៖
-តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិកសហគមន៍កសិកម្ម
-ការសម្រេចចិត្តដោយមានការចូលរួម និងបញ្ជ្រាបសមភាពយេនឌ័រ និងបរិយាបន្នសង្គម
-ជំនាញប្រាស្រ័យទាក់ទង និងការសម្របសម្រួល
-ជំនាញអនុវត្តជាក់ស្តែងក្នុងការគ្រប់គ្រងបញ្ជីសាច់ប្រាក់សម្រាប់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ
-ការគណនាថ្លៃដើមផលិតក្នុងមួយឯកតា
-ការគ្រប់គ្រងចំណូលចំណាយ
-ការរៀបចំកំណត់ហេតុ និងរបាយការណ៍ផ្សេងៗ
-ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងការទុកដាក់ឯកសារ។







៣).ខេត្តកំពង់ឆ្នាំង៖ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាន បរិយាន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មជៀបសន្តិភាពស្ត្រីក្លាហាន នៅឃុំជៀប ស្រុកទឹកផុស ដែលមានអ្នកចូលរួមសរុប ២៧ នាក់ ក្នុងនោះមានស្រ្តី ១៧ នាក់។
លទ្ធផល ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម បានយល់កាន់តែច្បាស់អំពី៖
-ការបង្ការទុកជាមុនសម្រាប់ការប្រែប្រួលអាកាសធាតុ ក្នុងការងារកសិកម្ម
-កិច្ចការពារសុវត្ថិភាពបរិស្ថាន និងសង្គម ដើម្បីធានាថា រាល់សកម្មភាពដែលគាំទ្រដោយកម្មវិធី ASPIRE-AT មិនប៉ះពាល់ដល់បរិស្ថាន និងសង្គម
-តម្លាភាព និងយន្តការដោះស្រាយបណ្តឹង ដែលសមាជិកគ្រប់រូបហ៊ានបញ្ចេញមតិ និងដឹងអំពីកន្លែងដែលត្រូវរកជំនួយពេលជួបបញ្ហា។
-ពត៌មានបឋមខ្លះៗ នៃការខ្ចីប្រាក់ពីធនាគារ ARDB ។




៤).ខេត្តរតនគិរី៖ បានទៅគាំទ្រដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មអភិវឌ្ឍន៍ដំណាំស្វាយចន្ទីបរខាំ នៅភូមិព្រិល ឃុំបរខាំ ស្រុកអូរយ៉ាដាវ ដែលមានអ្នកចូលរួមសរុប ១០ នាក់ ក្នុងនោះមានស្រ្តី ៤ នាក់។
គោលបំណង ដើម្បីពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ដែលមានដូចខាងក្រោម៖
-ពង្រឹងតួនាទី និងភារកិច្ច របស់ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្ម
-ពិភាក្សាអំពីផែនការប្រភេទមុខរបរអាទិភាពរបស់សហគមន៍កសិកម្ម (ទិញ-លក់ធាតុចូល និងសម្ភាររួមគ្នា ការលក់ផលិតផលរួមគ្នា សេវាកម្មផ្សេងៗ)
-ជម្រុញថ្នាក់ដឹកនាំសហគមន៍កសិកម្មជួយផ្សព្វផ្សាយ និងជ្រើសរើសសមាជិកបន្ថែម
-រំលឹកអំពីគោលការណ៍ឥណទានរបស់កម្មវិធី ASPIRE-AT តាមរយៈធនាគារ ARDB
-បច្ចុប្បន្នភាពផលិតកម្មស្វាយចន្ទី និងបរិមាណផលប្រចាំឆ្នាំរបស់សហគមន៍កសិកម្ម
-ជម្រុញថ្នាក់ដឹកនាំសហគមន៍កសិកម្មឱ្យមានការប្រជុំប្រចាំខែឱ្យបានទៀងទាត់
-ពិភាក្សាអំពីបញ្ហានានាដែលសហគមន៍កសិកម្មបានជួបប្រទះ
-សំណូមពរអំពីថ្នាក់ដឹកនាំសហគមន៍កសិកម្ម សូមឱ្យលោកប្រធានការិយាល័យសហគមន៍កសិកម្មមេត្តាជួយសម្របសម្រួលទៅដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម ដោយសារពួកគាត់ចង់លាឈប់ពីសហគមន៍កសិកម្ម។



៥).ខេត្តតាកែវ៖ បានរៀបចំកម្មវិធីចំនួន ៣ រួមមាន៖
១.កម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំដុះបន្លែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មភូមិបឹងអមតៈ នៅភូមិបឹង ឃុំជំរះពេន ស្រុកសំរោង ដែលមានអ្នកចូលរួមសរុប ៣៩ នាក់ ក្នុងនោះមានស្រ្តី ១៦ នាក់។ កម្មវិធីនេះមានគោលបំណងចែករំលែកចំណេះដឹង បច្ចេកទេស និងបទពិសោធជោគជ័យក្នុងការដាំដុះបន្លែរបស់កសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្ម ដើម្បីយកចំណេះដឹងនេះទៅពង្រីកអាជីវកម្មដាំបន្លែរបស់ពួកគាត់។
២.វគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាន បរិយាន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មសែនសុខទឹកថ្លា នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ១៦ នាក់។ គោលបំណង ដើម្បីឱ្យសហគមន៍កសិកម្ម និងសមាជិកមានការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ កិច្ចការសុវត្ថិភាពបរិស្ថាន និងសង្គម តម្លាភាព និងយន្តការដោះស្រាយបណ្តឹង និងសមភាពយេនឌ័រ។
៣.វគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលមាន់ស្រែ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មពន្លៃអភិវឌ្ឍន៍ នៅភូមិសំរោង ឃុំពន្លៃ ស្រុកអង្គរបូរី ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ២៤ នាក់។ គោលបំណង ដើម្បីពង្រឹងសមត្ថភាពសមាជិកសហគមន៍កសិកម្ម ក្នុងការបង្កើនបរិមាណ គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ឆ្លើយតបនឹងតម្រូវការទីផ្សារ។










៦).ខេត្តសៀមរាប៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការចិញ្ចឹមមាន់ស្រែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មសំរោងរស្មីស្រី្តសាមគ្គី នៅឃុំសំរោង ស្រុកសូទ្រ ដែលមានអ្នកចូលរួមសរុប ៣៧ នាក់ ក្នុងនោះមានស្រ្តី ២៨ នាក់។ ប្រធានបទផ្តោតសំខាន់លើ៖ (a).បទពិសោធក្នុងការចិញ្ចឹមមាន់ស្រែឱ្យបានជោគជ័យ និងបញ្ហាប្រឈមអំពីការចិញ្ចឹមមាន់ (b).ការផ្សារភ្ជាប់ផលិតផលទៅកាន់ទីផ្សារ (c).ការផ្សព្វផ្សាយផលិតផល (d).ការកត់ត្រាចំណូល ចំណាយ និងវិភាគសេដ្ឋកិច្ច និង(e).ផ្សព្វផ្សាយអំពីឥណទានពីកម្មវិធី ASPIRE-AT តាមរយៈធនាគារ ARDB ។



