Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ឯកឧត្តម តូច ប៊ុនហួរ និង ឯកឧត្តម មាស ពិសិដ្ឋ ដឹកនាំរៀបចំ និងដំណើរការវេទិកាស្តីពីការភ្ជាប់ និងពង្រឹងទំនាក់ទំនងអាជីវកម្ម រវាងកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនប្រមូលទិញ កែច្នៃ និងនាំចេញស្វាយ

ឯកឧត្តម តូច ប៊ុនហួរ និង ឯកឧត្តម មាស ពិសិដ្ឋ ដឹកនាំរៀបចំ និងដំណើរការវេទិកាស្តីពីការភ្ជាប់ និងពង្រឹងទំនាក់ទំនងអាជីវកម្ម រវាងកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនប្រមូលទិញ កែច្នៃ និងនាំចេញស្វាយ

 

ក្នុងគោលបំណង បង្កើនការយល់ដឹងអំពីបញ្ហាប្រឈមសំខាន់ៗនៅក្នុងការដាំដុះ ការប្រមូលទិញ ការកែច្នៃ និងការនាំចេញស្វាយ ហើយរួមគ្នាកំណត់រកដំណោះស្រាយសមស្រប នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៦ ឯកឧត្តម តូច ប៊ុនហួរ និង ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រី និងទីប្រឹក្សានៃកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade, ASPIRE-AT) រៀបចំ និងដំណើរការវេទិកាខាងលើនៅទីរួមខេត្តបាត់ដំបង ។

វេទិកានេះបានផ្តល់ឱកាសជូនអ្នកចូលរួម ដែលជាមន្ត្រី និងទីប្រឹក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង តំណាងកសិករ សហគមន៍កសិកម្ម សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា និងក្រុមហ៊ុនប្រមូលទិញ កែច្នៃ និងនាំចេញស្វាយ សរុបចំនួន ៥០ នាក់ ដើម្បីស្តាប់ការបកស្រាយបទបង្ហាញ ពិភាក្សា និងធ្វើទស្សនកិច្ចនៅរោងចក្រ Misota ដែលកែច្នៃផ្លែស្វាយ សម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ ។

ចំណុចសំខាន់ៗដែលវេទិកាបានផ្តោត មានដូចជា ៖ គោលនយោបាយកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា យុទ្ធសាស្ត្រ និងកិច្ចអន្តរាគមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ និងកម្មវិធី ASPIRE-AT បញ្ហាប្រឈមរបស់កសិករ និងសហគមន៍កសិកម្ម បែបបទខ្ចីប្រាក់ពីធនាគារ ARDB តម្រូវការរបស់អ្នកទិញស្វាយ លក្ខខណ្ឌតម្រូវផ្នែកភូតគាមអនាម័យរបស់ទីផ្សារបរទេស និងផលិតកម្មកសិកម្មតាមកិច្ចសន្យា ។ អង្គវេទិកាក៏បានយកចិត្តទុកដាក់ខ្ពស់ចំពោះការសហការក្នុងភាពជាដៃគូដែលជាទីទុកចិត្ត ការផ្គត់ផ្គង់ផ្លែស្វាយ ទាំងបរិមាណ និងគុណភាពប្រកបដោយស្ថិរភាព ការធ្វើឱ្យផ្លែស្វាយ និងផលិតផលដែលកែច្នៃពីផ្លែស្វាយមានគុណភាពខ្ពស់ សំដៅទទួលបានតម្លៃ ឬ ប្រាក់ចំណេញបន្ថែម ។

ជាលទ្ធផល អ្នកចូលរួមបានសម្តែងនូវក្តីរីករាយ និងអំណរគុណចំពោះឱកាសដែលអង្គវេទិកាបានផ្តល់ ដើម្បីភ្ជាប់ និងពង្រឹងទំនាក់ទំនង យល់ដឹងអំពីបញ្ហា និងដំណោះស្រាយ បានកត់ត្រា និងចងចាំនូវចំណុចសំខាន់ៗ ហើយយល់ស្របថានឹងបន្តសិក្សា និងទាក់ទងគ្នា ព្រមទាំងព្យាយាមកែលម្អកិច្ចការដែលជាចំណែករបស់ខ្លួន និងផ្សព្វផ្សាយបន្តជូនអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីធ្វើឱ្យផលិតកម្មស្វាយកម្ពុជាកើនផលិតភាព ផ្លែ និងផលិតផលដែលកែច្នៃពីផ្លែស្វាយមានតម្លៃសមរម្យ មានគុណភាពល្អ និងមានសុវត្ថិភាពសម្រាប់អ្នកហូប និងទីផ្សារ ផ្លែស្វាយកម្ពុជាកាន់តែច្រើននឹងត្រូវបាននាំចេញ ហើយគ្រប់តួអង្គនៃខ្សែច្រវាក់តម្លៃកើនប្រាក់ចំណេញដោយសមធម៌ ។

គួរបញ្ជាក់ថាកម្មវិធី ASPIRE-AT កំពុងត្រូវបានគ្រប់គ្រង និងដឹកនាំការអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយប្រើប្រាស់ការគាំទ្របច្ចេកទេស និងថវិកាដែលរាជរដ្ឋាភិបាលកម្ពុជាបានខ្ចី និងទទួលជាជំនួយពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) ធនាគារវិនិយោគអឺរ៉ុប (EIB) មូលនិធិបរិស្ថានសាកល (GEF) និងអង្គការសហប្រតិបត្តិការត្រីកោណ ត្បូង-ត្បូង (SSTC) ។

 

 

 

Leave a Reply

Your email address will not be published.