Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ឯកឧត្តម តូច ប៊ុនហួរ ឯកឧត្តម ចាន់ ចេស្តា និងឯកឧត្តម មាស ពិសិដ្ឋ បានដឹកនាំមន្ត្រីបំពេញបេសកកម្មនៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះ

ឯកឧត្តម តូច ប៊ុនហួរ ឯកឧត្តម ចាន់ ចេស្តា និងឯកឧត្តម មាស ពិសិដ្ឋ បានដឹកនាំមន្ត្រីបំពេញបេសកកម្មនៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះ

 

ដោយមានគោលបំណង ៖ ១) ពិនិត្យការគ្រប់គ្រង និងដឹកនាំសហគមន៍កសិកម្មមួយចំនួន ២) ពិនិត្យវឌ្ឍនភាពនៃការគាំទ្ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ៣) ពិនិត្យភាពខ្វះខាត និងស្រង់យកមតិយោបល់កែលម្អការគាំទ្រ ចាប់ពីថ្ងៃទី ១១ ដល់ ១៣ ខែឧសភា ឆ្នាំ ២០២៦ ឯកឧត្តម តូច ប៊ុនហួរ ឯកឧត្តម ចាន់ ចេស្តា និងឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង ឯកឧត្តមអនុរដ្ឋលេខាធិការ ចាន់ សុវត្ថិភាព និង ឯកឧត្តមអនុរដ្ឋលេខាធិការ សាយ សុភភោគា បានដឹកនាំមន្ត្រី និងទីប្រឹក្សាមួយចំនួន ដែលទទួលបន្ទុកគ្រប់គ្រង និងអនុវត្តកម្មវិធី “ គាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ” និងគម្រោង“ ខ្សែច្រវាក់ផលិតកម្មកសិកម្ម ដោយភាតរបរិស្ថាន (CFAVC Project) បំពេញបេសកកម្ម នៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះ ។

បន្ថែមលើការពិនិត្យវឌ្ឍនភាព ក្រុមបេសកកម្មបានជួបសំណេះសំណាលជាមួយកសិករ អ្នកដឹកនាំសហគមន៍កសិកម្ម និងអាជ្ញាធរដែនដី ដោយជូនដំណឹងអំពីកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និហកិច្ចអន្តរាគមន៍សំខាន់ៗ ដែលក្រសួង ជាពិសេសកម្មវិធី និងគម្រោងខាងលើបាន និងកំពុងធ្វើនៅក្នុងខេត្ត ។ ក្រុមបេសកកម្មក៏បានទទួលយកសំណូមពរ និងមតិយោបល់ល្អៗជាច្រើន ដើម្បីកែលម្អការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព ។

គួរបញ្ជាក់ថាកម្មវិធី និងគម្រោងនេះប្រើប្រាស់ប្រាក់កម្ចី និងប្រាក់ជំនួយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានទទួលពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) ធនាគារវិនិយោគអឺរ៉ុប (EIB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិបរិស្ថានសាកល (GEF) និងអង្គការកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងត្រីកោណ (SSTC) សម្រាប់អនុវត្តសកម្មភាព ដែលរួមចំណែកបង្កើនផលិតភាពកសិកម្ម បង្កើនគុណភាពកសិផល និងបង្កើនការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម ទន្ទឹមគ្នានឹងការកាត់បន្ថយថ្លៃដើមផលិត និងការថែរក្សាធនធានធម្មជាតិកសិកម្ម ជាពិសេស ដី ទឹក និងព្រៃឈើ ។ សកម្មភាពទាំងនោះមានដូចជា ៖ ការចងក្រងកសិករជាសហគមន៍កសិកម្ម ហើយពង្រឹងសមត្ថភាពគ្រប់គ្រង ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយដើម្បីសម្រួលដល់ផលិតកម្ម និងពាណិជ្ជកម្មផលិតផលកសិកម្ម ការផ្តល់ប្រាក់កម្ចីដើម្បីធ្វើដើមទុន ការដោះរបាំងបច្ចេកទេស និងការសម្របសម្រួលនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ ព្រមទាំងការផ្សព្វផ្សាយបញ្ចូលប្រើប្រាស់បច្ចេកវិទ្យាទំនើប និងដែលមានភាពសមស្រប ដូចជាការកៀរពង្រាបដីដែលបញ្ជាដោយប្រព័ន្ធឡាហ្ស៊ែរ ឡជីវឧស្ម័ន ការបូមទឹក ការកិនចំណីសត្វ ការហាលសម្ងួតកសិផល ដោយប្រើថាមពលព្រះអាទិត្យ ការផលិតជីកំប៉ុស ការចិញ្ចឹមមាន់ស្រែនៅក្នុងទ្រុងសមស្រប ការដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់ ការដាំដុះដំណាំឧ្យស្របនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការសម្ងួត ទុកដាក់ និងកែច្នៃកសិផលជាដើម ។

 

 

 

Leave a Reply

Your email address will not be published.