Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ កំពង់ឆ្នាំង ប៉ៃលិន កណ្ដាល ស្វាយរៀង កំពង់ស្ពឺ ព្រះសីហនុ និងខេត្តព្រៃវែង

សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ កំពង់ឆ្នាំង ប៉ៃលិន កណ្ដាល ស្វាយរៀង កំពង់ស្ពឺ ព្រះសីហនុ និងខេត្តព្រៃវែង

 

កម្មវិធី ASPIRE-AT ៖
——————-
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ កំពង់ឆ្នាំង ប៉ៃលិន កណ្ដាល ស្វាយរៀង កំពង់ស្ពឺ ព្រះសីហនុ និងខេត្តព្រៃវែង។

១).ខេត្តតាកែវ បានរៀបចំ៖ (១).កម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំបន្លែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មពន្លឺ នៅភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង ដែលមានអ្នកចូលរួមសរុប ៤៥ នាក់ ក្នុងនោះមានស្រ្តី ២៦ នាក់។ កម្មវិធីនេះ មានគោលបំណងចែករំលែកចំណេះដឹងបច្ចេកទេស និងបទពិសោធជោគជ័យ ក្នុងការដាំបន្លែរបស់កសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្ម ដើម្បីយកចំណេះដឹងនេះទៅពង្រីកអាជីវកម្មដាំបន្លែរបស់ពួកគាត់។ (២).វគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់សហគមន៍កសិកម្មស្វាយរន្ធអមតៈ នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ២០ នាក់។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ ដើម្បីពង្រឹងសមត្ថភាពសមាជិកសហគមន៍កសិកម្ម ក្នុងការបង្កើនបរិមាណ គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ឆ្លើយតបនឹងតម្រូវការទីផ្សារ។

 

 

២).ខេត្តកំពង់ឆ្នាំង បានរៀបចំ៖ (១).កម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំបន្លែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មក្រាំងដីមាសជោគជ័យមានក្តីសង្ឃឹមដែលកំពុងអនុវត្តអាជីវកម្មដាំបន្លែ ដែលមានអ្នកចូលរួមសរុប ២៨ នាក់ ក្នុងនោះមានស្រ្តី ២៥ នាក់។
កម្មវិធីនេះ បានចែករំលែកអំពី៖
១.ការធ្វើផែនការដាំដុះ
២.ការប្រើប្រាស់ជី និងថ្នាំកសិកម្ម
៣.ការដាំដុះបែបកសិកម្មទំនើប
៤.យុទ្ធសាស្ត្រក្នុងការកាត់បន្ថយថ្លៃដើមផលិត ដើម្បីបង្កើនប្រាក់ចំណេញ
៥.របៀបផលិតជីកំប៉ុស្ត។
ជាលទ្ធផល៖ កសិករនាំមុខរបស់សហគមន៍កសិកម្មបានចែករំលែកបទពិសោធជោគជ័យលើវិស័យកសិកម្ម រួមទាំងការផលិតជីកំប៉ុស្តបង្ហាញដល់អ្នកចូលរួម។
(២).វគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលមាន់ ជូនដល់សហគមន៍កសិកម្មតាជេសរីកចំរើន នៅឃុំតាជេស ស្រុកកំពង់ត្រទ្បាច ដែលមានអ្នកចូលរួមសរុប ១៩ នាក់ ក្នុងនោះមានស្រ្តី ១១ នាក់។
+សកម្មភាព៖
១/ពង្រឹងសមត្ថភាពអំពីតួនាទីភារកិច្ចរបស់គណៈកម្មាធិការត្រួតពិនិត្យក្នុងសហគមន៍កសិកម្ម
២/ចែករំលែកបច្ចេកទេសទុកដាក់ក្រោយពេលប្រមូលផលមាន់ (ផលិតកម្មមាន់)។
+លទ្ធផល៖ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មបានយល់កាន់តែច្បាស់អំពី៖ ១.តួនាទី ភារកិច្ចរបស់គណៈកម្មាធិការត្រួតពិនិត្យ ជាពិសេសត្រូវមានរបាយការណ៍បូកសរុបនិយាយអំពី កំហុសឆ្គង ឬកង្វះខាតនានារបស់សហគមន៍កសិកម្ម ដាក់ជូនមហាសន្និបាតប្រចាំឆ្នាំ ត្រួតពិនិត្យ និងកែតម្រូវ ដោយផ្តល់អនុសាសន៍ ២.ការទុកដាក់ក្រោយប្រមូលផលផលិតកម្មមាន់ រួមមាន៖ កាវេចខ្ចប់ ការថែរក្សា ការដឹកជញ្ជូន ការពិឃាដដោយរក្សាអនាម័យ សោភ័ណភាពសាច់ គុណភាពសាច់ ក្នុងន័យលើកទឹកចិត្តឱ្យសហគមន៍កសិកម្មមានការប្រកួតប្រជែងទាំងគុណភាព និងតម្លៃ។

 

 

៣).ខេត្តប៉ៃលិន បានរៀបចំ៖ (១).កម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការចិញ្ចឹមមាន់ស្រែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មពន្លឺសាមគ្គីកសិករ នៅភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលមានអ្នកចូលរួមសរុប ២១ នាក់ ក្នុងនោះមានស្រ្តី ៨ នាក់។ កម្មវិធីនេះបានផ្តោតសំខាន់លើការជ្រើសពូជមាន់ និងភ្ញាស់ពងមាន់។ លោក យ៉ាន យ៉ន ជាកសិករគ្រូ បានចែករំលែកបទពិសោធជោគជ័យក្នុងការចិញ្ចឹមមាន់ឱ្យឆាប់ធំឆាប់បានប្រមូលផល ដោយអាចលក់មាន់សាច់ជាប្រចាំរៀងរាល់ ២ ខែម្តង ក្នុងបរិមាណ ២៥ – ៣០ គីឡូក្រាម។ លោកបានបញ្ជាក់ជូនអ្នកចូលរួមអំពី កត្តាជោគជ័យក្នុងការចិញ្ចឹមមាន់ ដោយផ្អែកលើកត្តាធំៗ ៣ យ៉ាងរួមមាន៖ អ្នកចិញ្ចឹមមាន់ត្រូវតែប្រើវ៉ាក់សាំង ការផលិតនិងផ្តល់ចំណី និងចុងក្រោយត្រូវរក្សាអនាម័យទ្រុងមាន់និងបរិវេណជុំវិញអោយបានស្អាតជានិច្ច។ មន្រ្តីការិយាល័យពេទ្យសត្វ បានធ្វើបទបង្ហាញអំពីបទពិសោធការជ្រើសនឹងភ្ញាស់ពងមាន់ ដោយបង្ហាញលំអិតទៅលើការជ្រើសរើសពងមាន់ ការរក្សាទុកសម្រាប់ភ្ញាស់ និងបង្ហាញយ៉ាងលម្អិតទៅលើដំណើរការនៃការភ្ញាស់ពងមាន់ដោយប្រើទូរភ្ញាស់ ព្រមទាំងបានបញ្ជាក់យ៉ាងពិស្ដារនូវចំណុចសំខាន់ៗ ដូចជា សំណើម សីតុណ្ហភាព ចរន្តខ្យល់ ការបង្វិលពង និងការឆ្លុះមើលពង។ល។ សមាជិកចូលរួមទាំងអស់ បានចូលរួមមតិយោបល់ និងទទួលយកបទពិសោធល្អនេះ ដើម្បីអនុវត្តបន្ត។
(២).កម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការចិញ្ចឹមមាន់ស្រែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មកសិកររុងរឿង នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលមានអ្នកចូលរួមសរុប ២០ នាក់ ក្នុងនោះមានស្រ្តី ៨ នាក់។
ដំណើការ និងលទ្ធផល៖
-បទបង្ហាញសង្ខេបអំពី កម្មវិធី ASPIRE-AT និងការគាំទ្រដល់សហគមន៍កសិកម្មគោលដៅ អនុវត្តដោយមន្ទីរកសិកម្មខេត្តបប៉ៃលិន
-បទបង្ហាញអំពីបទពិសោធរបស់កសិករគំរូ លោក ប៉េង ហ៊ួ ចែករំលែកដល់សមាជិកសហគមន៍ ស្តីពីការជ្រើសរើសពូជមាន់ស្រែ និងវិធីសាស្រ្តចិញ្ចឹមមាន់ឆាប់ធំ ឆាប់បានប្រមូលផលលក់ ដែលមាន់មានទំងន់ជាមធ្យម ចន្លោះពី ១.២ ទៅ ១.៦ គ.ក្រ ដោយប្រើពេលចិញ្ចឹមចន្លោះពី ៣ ទៅ ៤ ខែ និងមានរស់ជាតិឆ្ងាញ់ មានគម្រូវការទីផ្សារខ្ពស់ និងលក់បានតម្លៃថ្លៃ
-មន្រ្តីពេទ្យសត្វនៃមន្ទីរកសិកម្មបានធ្វើបទបង្ហាញអំពីបទពិសោធការជ្រើសរើសនឹងភ្ញាស់ពងមាន់ ដោយបង្ហាញលំអិតទៅលើការជ្រើសរើសពងមាន់ ការរក្សាទុកសម្រាប់ភ្ញាស់ និងបង្ហាញយ៉ាងលម្អិតទៅលើដំណើរការនៃការភ្ញាស់ពងមាន់ដោយប្រើទូរភ្ញាស់ និងបានបញ្ជាក់យ៉ាងពិស្ដារនូវចំណុចសំខាន់ៗដូចជា ការពិនិត្យនិងកំរិតសំណើម សីតុណ្ហភាព ចរន្តខ្យល់ ការមើលថែពងមាន់ក្នុពេលភ្ញាស់ដោយការបង្វិលពង និងការឆ្លុះមើលពងដើម្បីដឹងថាពងមាន់ណាមានបន្តកំណើតឬគ្មាន។

 

 

៤).ខេត្តកណ្ដាល បានរៀបចំ៖ វគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់សហគមន៍កសិកម្មបន្លែសុវត្ថិភាពក្រាំងយ៉ូវ នៅភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ដែលមានអ្នកចូលរួមសរុប ៣៥ នាក់ ក្នុងនោះមានស្រ្តី ១៤ នាក់។
ប្រធានបទសំខាន់ៗ ដែលបានធ្វើបទបង្ហាញ រួមមាន៖
-បច្ចេកទេសនៃការថែទាំ មុននិងក្រោយពេលប្រមូលផលបន្លែ
-ការបង្ហាញអំពី ឥទ្ធិពល និងផលប៉ះពាល់ក្នុងការប្រើប្រាស់ថ្នាំកសិកម្ម
-បច្ចេកទេសនៃការរក្សាទុក សមស្របដែលអាចរក្សាបាននូវគុណភាពបន្លែ និងការធ្វើចំណាត់ថ្នាក់
-បច្ចេកទេសនៃការវេចខ្ចប់ និងការដឹកជញ្ជូនបន្លែទៅកាន់ទីផ្សារ (ផ្សារទំនើប និងផ្សារធម្មតា)។
អំឡុងពេលដំណើរការវគ្គ ក្រុមការងារក៏បានចែកជូននូវឯកសារមេរៀន សម្រាប់អ្នកចូលរួម និងបានដឹកនាំការពិភាក្សាអំពី បញ្ហាជួបប្រទះជាក់ស្ដែងដំណើរការផលិតបន្លែ របស់សមាជិកដែលជាអ្នកផលិតផ្ទាល់ ក្នុងសហគមន៍កសិកម្ម។

 

 

៥).ខេត្តស្វាយរៀង បានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់សហគមន៍កសិកម្មដីក្រហមរីកចម្រើន នៅភូមិដីក្រហម ឃុំមេសរថ្ងក ស្រុកចន្រ្ទា ដែលមានអ្នកចូលរួមសរុប ១៥ នាក់ ក្នុងនោះមានស្រ្តី ១០ នាក់។
វគ្គបណ្ដុះបណ្ដាលនេះ មានប្រធានបទសំខាន់ៗ ដូចខាងក្រោម៖
១.បច្ចេកទេសផលិតកូនដំណាំ
២.បច្ចេកទេសដាំដុះ
៣.វិធីសាស្រ្តការការពារដំណាំពីសត្វល្អិតបំផ្លាញ និងជំងឺផ្សេងៗ
៣.វិធីសាស្រ្តក្នុងការប្រមូលផលដំណាំបន្លែស្លឹក និងបន្លែយកផ្លែ
៤.បច្ចេកវិទ្យាក្រោយការប្រមូលផលបន្លែ។
មុននឹងចាប់ផ្តើមលោក រ័ត្ន ចក់ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានបញ្ជាក់អំពីគោលបំណងនៃវគ្គ ដើម្បីឱ្យអ្នកចូលរួមយល់ពីសារៈផលប្រយោជន៍ និងការគាំទ្រពីកម្មវិធី។ បន្ទាប់មក លោក ប្រាក់ សាន់ ជាគ្រូបង្គោលបានធ្វើបទបង្ហាញ តាមរយៈនៃការបញ្ចាំងស្លាយ ជាបន្តបន្ទាប់ និងបានពន្យល់បកស្រាយនូវរាល់ខ្លឹមសារមេរៀន ព្រមទាំងផ្តល់ឱកាសសួរ ឆ្លើយចំពោះកសិករដែលមានចម្ងល់។

 

 

៦).ខេត្តកំពង់ស្ពឺ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលមាន់ ជូនដល់សហគមន៍កសិកម្មពន្លកថ្មីឃុំជើងរាស់ នៅភូមិចេក ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ដែលមានអ្នកចូលរួមសរុប ២៥ នាក់ ក្នុងនោះមានស្រ្តី ១៨ នាក់។
ខ្លឹមសារសំខាន់ៗ នៃវគ្គបណ្ដុះបណ្ដាល៖
១-បច្ចេកទេសចិញ្ចឹមមាន់៖
– បច្ចេកទេសចិញ្ចឹមមាន់តាមបែបវៃឆ្លាត
– ការជ្រើសរើសទីតាំង និងធ្វើទ្រុងកូនមាន់ មាន់ជំទង់ និងមាន់ធំ
– ការជ្រើសរើសមេបាពូជ
– ការផ្តល់ទឹក និងផ្សំចំណីកូនមាន់ មាន់ជំទង់ មាន់ធំ និងមេបា
– វិធានការការពារ (វ៉ាក់សាំង) និងអនាម័យ
– ការប្រើថ្នាំ និងការព្យាបាលជំងឺ
២-បច្ចេកទេសក្រោយពេលប្រមូលផល៖
– របៀបនៃការប្រមូលផលកូនមាន់
– របៀបនៃការប្រមូលផលមាន់រស់
– របៀបបោចមាន់ឲ្យបានល្អនិងមានគុណភាព
– របៀបនៃការវេចខ្ចប់ និងការដឹកជញ្ជូនទៅកាន់ទីផ្សារ
– ការសំអាតទ្រុង និងសម្លាប់មេរោគមុនពេលដាក់មានថ្មី។

 

 

៧).ខេត្តព្រះសីហនុ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការចិញ្ចឹមមាន់ស្រែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មចំរើនផលឃុំសាមគ្គី នៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់។
ជាលទ្ធផល៖
-មតិសំណេះសំណាលរបស់លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត
-កសិករនាំមុខ បានចែករំលែកបទពិសោធជោគជ័យ ជូនដល់សមាជិកសហគមន៍កសិកម្ម ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១១ រួមមាន៖
១)បទពិសោធនៃការរៀបចំផែនការ និងទីតាំងសម្រាប់ចិញ្ចឹមមាន់
២)បទពិសោធនៃការធ្វើអនាម័យ និងជីវសុវត្ថិភាពក្នុងកសិដ្ឋាន
៣)បទពិសោធការជ្រើសរើសពូជមាន់សម្រាប់យកមកចិញ្ចឹម
៤)បទពិសោធមើលថែទាំ និងផ្តល់កម្តៅឱ្យកូនមាន់
៥)បទពិសោធនៃការចាក់វ៉ាក់សាំង និងទម្លាក់បរាសិត
៦)បទពិសោធនៃការប្រើប្រាស់ និងផ្តល់ចំណីមាន់
៧)បទពិសោធនៃការមើលថែទាំមាន់ប្រចាំថ្ងៃក្នុងកសិដ្ឋាន
៨)បទពិសោធនៃការជួបប្រទះជម្ងឺ និងការប្រើប្រាស់ថ្នាំព្យាបាល
៩)បទពិសោធនៃការបង្កាត់សិប្បនិម្មិតមាន់
១០)បទពិសោធនៃការទុកដាក់ពង និងជ្រើសរើសពងយកទៅភ្ញាស់ក្នុងទូភ្ញាស់
១១)បទពិសោធនៃការធ្វើទីផ្សារ និងការលក់។
– មន្ត្រីបច្ចេកទេសផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ បានជួយពន្យល់បន្ថែមអំពី បច្ចេកទេសថ្មីៗនៃការចិញ្ចឹមមាន់ស្រែ ជូនដល់សមាជិកចូលរួមទាំងអស់ ព្រមទាំងបានឆ្លើយតបរាល់សំណួររបស់កសិករផងដែរ
– បញ្ចាំង Clip Video ខ្លីៗ ស្តីពីបច្ចេកទេស និងបទពិសោធនៃការចិញ្ចឹមមាន់ស្រែ ជូនដល់សមាជិកចូលរួមទាំងអស់
– ក្នុងអំឡុងពេលនោះ តំណាងក្រុមការងារបានឆ្លៀតឱកាសផ្សព្វផ្សាយអំពី គោលការណ៍ផ្តល់ឥណទានពីកម្មវិធី ASPIRE-AT តាមរយៈធនាគារ ARDB ព្រមទាំងបានប្រកាសជ្រើសរើសសមាជិកដែលត្រូវការប្រាក់កម្ចីនេះ ផងដែរ។

 

 

៨).ខេត្តព្រៃវែង បានរៀបចំ (១).វគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់សហគមន៍កសិកម្មអភិវឌ្ឍន៍សេដ្ឋកិច្ចកោះរកា នៅភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ដែលមានអ្នកចូលរួមសរុប ៣២ នាក់ ក្នុងនោះមានស្រ្តី ១៨ នាក់។ (២).វគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលមាន់ស្រែ ជូនដល់សហគមន៍កសិកម្មកសិករជោគជ័យតាគ្រាប នៅភូមិតាគ្រាប ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ដែលមានអ្នកចូលរួមសរុប ៣១ នាក់ ក្នុងនោះមានស្រ្តី ២១ នាក់។

 

 

 

Leave a Reply

Your email address will not be published.